ក្រុមហ៊ុនចិន ចង់សិក្សាលទ្ធភាព លើគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន តាមរថភ្លើងអាកាស នៅភ្នំពេញ
ភ្នំពេញ៖ ក្រុមហ៊ុន Beijing Urban Construction Group ប្រចាំទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន បង្ហាញបំណងចង់សិក្សាលទ្ធភាព លើគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនតាមរថភ្លើងអាកាស (Sky Train)នៅរាជធានីភ្នំពេញ ខណៈរាជធានីភ្នំពេញ នៅប្រឈមទៅនឹងការកកស្ទះចរាចរណ៍ បើទោះបីសេវាដឹកជញ្ជូនរថយន្តក្រុងសាធារណៈ បានដំណើរការយ៉ាងសកម្មក្តី។

ការបង្ហាញពីបំណងនេះបានធ្វើឡើង នាព្រឹកថ្ងៃទី៦ មិងុនា២០២៦នេះ នៅសាលារាជធានីភ្នំពេញ ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជាមួយលោក វ៉ាង ហៃឈិន (WANG HAI CHEN) ទីប្រឹក្សាជាន់ខ្ពស់ ក្រុមហ៊ុនសាងសង់ទីក្រុងប៉េកាំង តំណាងក្រុមហ៊ុន Beijing Urban Construction Group។

យោងតាមលោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ការមកជួបសម្ដែងការគួរសមនេះ គឺក្រុមហ៊ុន Beijing Urban Construction Group មានបំណង ចង់សិក្សាលទ្ធភាព លើគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន តាមរថភ្លើងអាកាស (Sky Train)នៅរាជធានីភ្នំពេញ។

ក្នុងឱកាសនោះ លោក ឃួង ស្រេង បានគូសបញ្ជាក់ថា សម្រាប់រដ្ឋបាលរាជធានីភ្នំពេញស្វាគមន៍ ឱ្យក្រុមហ៊ុនធ្វើការសិក្សាលទ្ធភាព លើគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនតាមរថភ្លើងអាកាស (Sky Train)នៅរាជធានីភ្នំពេញ ដោយសារតែការងារពាក់ព័ន្ធ នឹងប្រព័ន្ធចរាចរណ៍នេះ ជាចក្ខុវិស័យដែលយើងកំពុងព្យាយាមដោះស្រាយ ឱ្យកាន់តែល្អប្រសើរឡើង ខណៈដែលរាជធានីភ្នំពេញ បាននឹងកំពុងប្រឈមទៅនឹងការកកស្ទះចរាចរណ៍ដែរនោះ៕






