Feature

លោក ពូទីន និយាយថា ប្រព័ន្ធពាណិជ្ជកម្មសកល កំពុងផ្តោតលើប្រទេស BRICS ជាជាងលោកខាងលិច

មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀ ពូទីន បានឲ្យដឹងថា ប្រព័ន្ធពាណិជ្ជកម្មសកល កំពុងក្លាយជាមិនសូវផ្តោតលើលោកខាងលិចនោះទេ ដោយលើកឡើងពីតួនាទីកាន់តែខ្លាំងឡើងរបស់ប្រទេស BRICS ក្នុងពាណិជ្ជកម្មពិភពលោក។ ថ្លែងនៅក្នុងសម័យប្រជុំពេញអង្គនៃវេទិកាសេដ្ឋកិច្ចអន្តរជាតិ St. Petersburg លើកទី ២៩ លោកពូទីន បានឲ្យដឹងថា ចំណែករបស់ប្រទេស BRICS ក្នុងពាណិជ្ជកម្មទំនិញសកលបានកើនឡើងជាងទ្វេដងក្នុងរយៈពេល ២៥ ឆ្នាំកន្លងមក។

លោកបានលើកឡើងថា កាលពីឆ្នាំមុន ប្រទេស BRICS មានចំនួនជិតមួយភាគបួននៃការនាំចេញសកល ហើយតួលេខនេះបន្តកើនឡើងជាលំដាប់។ លោក បានបន្ថែមថា ចំណូលពាណិជ្ជកម្មរវាងរដ្ឋជាសមាជិក BRICS បានកើនឡើងក្នុងរយៈពេលមួយឆ្នាំកន្លងមក ហើយឥឡូវនេះលើសពី ១ ទ្រីលានដុល្លារអាមេរិកជារៀងរាល់ឆ្នាំ។

យោងតាមការលើកឡើងរបស់ប្រធានាធិបតីរុស្ស៊ីរូបនេះ ពាណិជ្ជកម្មអន្តរជាតិកំពុងកាន់តែមានប្រសិទ្ធភាពតាមរយៈការពង្រីកការផ្គត់ផ្គង់ដោយផ្ទាល់ដោយគ្មានអន្តរការី ដែលមិនចាំបាច់ ការអភិវឌ្ឍការទូទាត់ជារូបិយប័ណ្ណជាតិ និងការបើកផ្លូវដឹកជញ្ជូនថ្មីៗ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top