Feature

អភិបាលខេត្តតាកែវ ណែនាំមន្រ្តីប្រចាំការតាមច្រកទ្វាព្រំដែន​វៀតណាម ពង្រឹងការត្រួតពិនិត្យទំនិញឱ្យបានម៉ត់ចត់

តាកែវ ៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋ បាលខេត្ត បានធ្វើការណែនាំដល់មន្រ្តីដែលប្រចាំការ តាមច្រកទ្វាព្រំដែនវៀតណាម ទាំងអស់ក្នុងខេត្តតាកែវ ត្រូវយកចិត្តទុកដាក់ ពង្រឹងនិងបង្កើនការត្រួតពិនិត្យរាល់មុខទំនិញ គ្រប់ប្រភេទ ដែលនាំចូលពីប្រទេស វៀតណាម មកកាន់កម្ពុជា តាមច្រកខេត្តតាកែវ ។

ថ្លែងនៅចំពោះមុខក្រុមប្រឹក្សាខេត្ត និងមន្ទីរអង្គភាព សាខាជុំវិញខេត្ត ក្នុងឱកាសអញ្ជើញក្នុងកិច្ចប្រជុំក្រុមប្រឹក្សាខេត្តតាកែវ នាថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ នៅសាលប្រជុំរដ្ឋបាលខេត្តតាកែវ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានមានប្រសាសន៍ថា ច្រកទ្វាអន្តរជាតិភ្នំដិន និងច្រកទ្វាដទៃទៀតក្នុងខេត្តតាកែវ គឺច្រកសេដ្ឋកិច្ចដ៏សំខាន់ ក្នុងការដោះដូរទំនិញរវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម និងមានទំនិញគ្រប់ប្រភេទរាប់រយមុខឆ្លងកាត់ជារៀងរាល់ថ្ងៃ ក្នុងន័យនេះអាជ្ញាធរមូលដ្ឋាន ពិសេសមន្រ្តីគយ ត្រូវត្រួតពិនិត្យឱ្យបានតឹងរឹងបំផុតចំពោះមុខទំនិញគ្រប់ប្រភេទ មុននឹងនាំចូលមកដាក់លក់ នៅតាមទីផ្សារនានាក្នុងខេត្តតាកែវ និងខេត្តដទៃទៀត សំដៅធានាបាននូវគុណភាពទំនិញ និងសុវត្ថិភាពខ្ពស់ជូនប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់។

លោក អភិបាលខេត្តតាកែវ សង្កត់ធ្ងន់ថា ប្រសិនមានមន្រ្តីណាម្នាក់លួចឃុបឃិតជាមួយឈ្មួញនាំទំនិញចូលខុសច្បាប់ និងត្រូវរងពិន័យ និងត្រូវដាក់ទោសទណ្ឌទៅតាមច្បាប់ ដែលបានកំណត់ជាធរមាន។

ឆ្លៀតក្នុងឱកាសនោះដែរ លោក វ៉ី សំណាង ក៏បានណែនាំដល់អាជ្ញាធរក្រុងស្រុក ឃុំសង្កាត់ ត្រូវបង្ករលក្ខណៈងាយស្រួល ដល់បណ្ដាអ្នកវិនិយោគគិនបរទេស ខណៈអាជ្ញាធរខេត្តកំពុងខិតខំប្រឹងប្រែងគៀងគរអ្នកវិនិយោគមកកាន់ទឹកដីខេត្តតាកែវកាន់តែច្រើន ដើម្បីបង្កើតឱកាសការងារជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន លើកកម្ពស់សេដ្ឋកិច្ចសង្គមគ្រួសារ កាត់បន្ថយភាពក្រីក្រ និងការចំណាកស្រុករបស់ពួកគាត់ផងដែរ ៕

To Top