Covid-19

ក្រុមអឺរ៉ុប កំពុងកៀគរថវិកាជិត ៥០០លានដុល្លារ ដើម្បីគាំទ្រកម្ពុជា ក្នុងការប្រយុទ្ធជាមួយកូវីដ១៩

ភ្នំពេញ៖ ជាផ្នែកមួយនៃ កិច្ចខិតខំប្រឹងប្រែងជាសកល ដើម្បីគាំទ្រដល់បណ្ដាប្រទេសជាដៃគូ ជុំវិញពិភពលោក ក្រុមអឺរ៉ុប (Team Europe*) កំពុងកៀគរថវិកាចំនួន ៤៤៣លានអឺរ៉ូ (ស្មើនឹង ៤៨៣លានដុល្លារ) ជាជំនួយឥតសំណង និងប្រាក់កម្ចី ដើម្បីអនុវត្តការងារជាមួយកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ក៏ដូចជាកាត់បន្ថយផលប៉ះពាល់សង្គម សេដ្ឋកិច្ច ដែលបង្កឡើងដោយជំងឺនេះ ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមអឺរ៉ុប នៅថ្ងៃទី១១ មិថុនានេះ បានឲ្យដឹងថា ក្រុមអឺរ៉ុប(Team Europe*) គឺជាក្រុមដែលកើតឡើង ដោយមានកិច្ចខិតខំបរួមគ្នា របស់សហភាពអឺរ៉ុប ជាមួយរដ្ឋជាសមាជិករបស់ខ្លួន ស្ថាប័នហិរញ្ញវត្ថុ និងទីភ្នាក់ងារអនុវត្តនានា។ ដោយការរួមកំលាំងជាមួយគ្នានេះ ក្រុមអឺរ៉ុប ផ្ដល់ជំនួយហិរញ្ញវត្ថុ និងជំនួយបច្ចេកទេស ដ៏គួរអោយកត់សំគាល់ ដើម្បីជួយកម្ពុជា ឆ្លើយតបទៅនឹងតម្រូវការចំពោះមុខ ដើម្បីការពារក្រុមដែលងាយរងគ្រោះជាងគេ ដើម្បីកាត់បន្ថយផលប៉ះពាល់សង្គមសេដ្ឋកិច្ច ដែលកើតឡើងដោយសារវិបត្តិ ដែលបង្កឡើងដោយវីរុសកូរ៉ូណា និងត្រៀមខ្លួន ដើម្បីស្ដារឡើងវិញ។ ក្នុងប្រទេសកម្ពុជា ក្រុមអឺរ៉ុបធ្វើការរួមគ្នា ជាមួយនឹងប្រទេសស្វីស ដែលជាដៃគូអឺរ៉ុបរបស់យើង។

កម្មវិធី និងគម្រោងទាំងអស់ ដែលអនុវត្តដោយក្រុមអឺរ៉ុប សុទ្ធតែរួមចំណែកដល់ការលើកកម្ពស់ គោលការណ៍ប្រជាធិបតេយ្យ ការលើកកម្ពស់និងការពារសិទ្ធិមនុស្ស និងការពង្រឹងសមភាពយេនឌ័រ។

លោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា «ការរាតត្បាតជាសកលនៃវីរុសកូរ៉ូណា ទាមទារឱ្យមានកិច្ចសហប្រតិបត្តិការ និងសាមគ្គីភាព។ ក្រុមអឺរ៉ុបរួមគ្នាឈរជាមួយកម្ពុជា ក្នុងពេលវេលាដ៏សែនពិបាកនេះ។ យើងត្រូវធ្វើការងាររួមគ្នា ដើម្បីធានាឱ្យមាន ការស្ដារសេដ្ឋកិច្ចឡើងវិញ ប្រកបដោយចីរភាព និងរឹងមាំ ក៏ដូចជា ជួយកាត់បន្ថយផលប៉ះពាល់ ដែលការរាតត្បាតជាសកលនេះ បង្កលើជីវិតមនុស្ស ការងារ និងជីវភាពរស់នៅរបស់ពួកគេ។ ដើម្បីសម្រេចគោលដៅនេះ យើងប្រើប្រាស់ធនធានរបស់យើងរួមគ្នា និងចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងនានា ជាមួយនឹងរដ្ឋាភិបាល ក៏ដូចជាប្រជាពលរដ្ឋកម្ពុជា ដើម្បីឆ្លើយតបចំពោះ បញ្ហាប្រឈមជាសកលនេះ» ។

ការគាំទ្រដែលដៃគូអឺរ៉ុប ផ្ដល់ដល់ប្រទេសកម្ពុជា ផ្ដោតលើអាទិភាពសំខាន់ៗចំនួនបី ស្របតាមផែនការគោលស្ដីពី ការឆ្លើយតបចំពោះជំងឺកូវីដ-១៩ របស់កម្ពុជា៖ ក្នុងការគាំទ្រដល់វិស័យសុខាភិបាល ក្រុមអឺរ៉ុបរួមចំណែកដល់ ការបង្កើនសមត្ថភាពស្រាវជ្រាវ និងធ្វើតេស្តនៅក្នុងប្រទេសកម្ពុជា, គាំទ្រដល់ការអនុវត្តផែនការ សកម្មភាពជាតិ ស្ដីពីការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងពង្រឹងប្រព័ន្ធសុខាភិបាល។ ដៃគូអឺរ៉ុបកំពុងពង្រឹងការអនុវត្ត និងធ្វើការ កែសម្រួល តំរង់ទិសកម្មវិធីរបស់ខ្លួន អោយមកផ្ដោតលើអាហារូបត្ថម្ភ អានាម័យផ្ទាល់ខ្លួន ការទទួលបានទឹកស្អាត និងអនាម័យបរិស្ថាន ដើម្បីឱ្យកាន់តែឆ្លើយតបចំពោះតម្រូវការ ដែលកើតមានក្នុងអំឡុងពេល នៃការរាតត្បាតជាសកលនេះ។ ក្រុមអឺរ៉ុបផ្ដល់ការគាំទ្រយ៉ាងខ្លាំងខ្លា ដល់អង្គការសុខភាពពិភពលោក និងរួមចំណែកផ្ដល់ហិរញ្ញប្បទានដល់ កម្មវិធីដែលអនុវត្តដោយអង្គការនេះ នៅក្នុងប្រទេសកម្ពុជា។

នៅកាលះទេសះដែលការងារ មុខរបរចិញ្ចឹមជីវិត និងសន្តិសុខស្បៀងត្រូវប្រឈមនឹងគ្រោះថ្នាក់ ដៃគូអឺរ៉ុបរួមចំណែកផ្ដល់ការ គាំទ្រដល់ប្រជាពលរដ្ឋ មុខរបរចិញ្ចឹមជីវិត និងការងាររបស់ពួកគេ, រហូតដល់ក្រុមដែលងាយរងគ្រោះជាងគេ តាមរយៈកម្មវិធីគាំពារសង្គម អាហារូបករណ៍ ការលើកកម្ពស់លទ្ធភាពទទួលបានការអប់រំ ការផ្ដល់ជំនួយដល់ពលករ និងពលករទេសន្តរប្រវេសន៍ ដែលវិលត្រឡប់មកស្រុកកំណើតវិញ។ កម្មវិធីរបស់ក្រុមអឺរ៉ុបជួយគាំពារ ដល់ជីវភាពរស់នៅរបស់ពលរដ្ឋ តាមរយៈការអភិវឌ្ឍវារីវប្បកម្ម នេសាទ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជនបទ និងរួមចំណែកឆ្លើយបតចំពោះបញ្ហាប្រឈម ពាក់ព័ន្ធនឹងការគ្រប់គ្រងវិបត្តិមីក្រូហិរញ្ញវត្ថុ។

អឺរ៉ុបនឹងធ្វើការងារជាមួយប្រទេសកម្ពុជា ដើម្បីគាំទ្រដល់ការស្ដារខឿនសេដ្ឋកិច្ច និងការបង្កើតការងារ។ ការគាំទ្ររបស់ក្រុមអឺរ៉ុប នឹងរួមចំណែកពង្រឹង វិស័យសំខាន់ៗនៃសេដ្ឋកិច្ច ដែលក្នុងនោះរួមមានការវិនិយោគ សាធារណៈ ដើម្បីការអភិវឌ្ឍសេដ្ឋកិច្ច ប្រសិទ្ធភាពថាមពល និងការស្ដារឡើងវិញ ដែលគិតគូរពីបរិស្ថាន។ កម្មវិធី និងគម្រោងរបស់អឺរ៉ុប នឹងរួមចំណែកកសាង ភាពធន់ក្នុងវិស័យឯកជន និង គាំទ្រដល់ការបង្កើត ការងារធានាឱ្យមានការស្តារ សេដ្ឋកិច្ចឡើងវិញឱ្យបានរឹងមាំ ក៏ដូចជាការកសាងសេដ្ឋកិច្ចមួយ ដែលកាន់តែមាន ចីរភាព បរិយាប័ន្ន និងភាពធន់ ស្របតាមរបៀបវារៈឆ្នាំ ២០៣០ និងកិច្ចព្រមព្រៀងទីក្រុងប៉ារីស។

ការគាំទ្រក្នុងទឹកប្រាក់ចំនួន ៤៤៣លានអឺរ៉ូ (ស្មើនឹង ៤៨៣លានដុល្លារ ឬ ១.៩៩០ ប៊ីលានរៀល) ដែលជាការបញ្ចូលគ្នានូវថវិកាវិភាជន៍ថ្មី ថវិកាដែលបានវិភាជន៍តាមកម្មវិធី និងថវិកាដែលត្រូវបានបង្វែរទិសដៅ ត្រូវបានផ្ដល់ តាមរយៈស្ថាប័នរាជរដ្ឋាភិបាល និងអង្គការជាដៃគូ ដែលក្នុងនោះរួមមាន អង្គការសង្គមស៊ីវិលផងដែរ។

សូមបញ្ជាក់ថា ក្រុមអឺរ៉ុបរួមមានសហភាពអឺរ៉ុប និងរដ្ឋជាសមាជិករបស់ខ្លួន។ នៅក្នុងប្រទេសកម្ពុជា ក្រុមអឺរ៉ុបទទួលបានការចូលរួម ពីប្រទេសស្វីស ដែលជាដៃគូអឺរ៉ូប ៕

To Top