ព័ត៌មានជាតិ

រដ្ឋមន្ត្រី​ ហេង សួរ៖ ការបណ្តុះបណ្តាលមានគុណភាព អាស្រ័យលើការចូលរួមរបស់តួអង្គសំខាន់ៗចំនួន ៥

ភ្នំពេញ៖ លោក​ ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា ការធានា និងលើកកម្ពស់គុណភាពនៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) មិនអាចអនុវត្តបានដោយភាគីណាមួយតែម្នាក់ឯងនោះឡើយ គឺទាមទារឱ្យមានការទទួលខុសត្រូវរួមពីតួអង្គសំខាន់យ៉ាងតិច ៤ រួមជាមួយនឹងកិច្ចសហការល្អពីវិស័យឯកជន។

ថ្លែងក្នុងពិធីបិទទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦ នៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នៅថ្ងៃទី១៦ ខែមិថុនានេះ លោករដ្ឋមន្ត្រីបានលើកឡើងថា៖«ការធានាគុណភាពត្រូវការការចូលរួមបន្ថែមទៀត ពីដៃគូពាក់ព័ន្ធ រួមទាំងវិស័យឯកជនរបស់យើងផងដែរ»។

បើតាមលោករដ្ឋមន្ត្រី តួអង្គសំខាន់ទី១ គឺក្រសួងត្រូវមានភាពច្បាស់លាស់ ក្នុងការកំណត់គោលនយោបាយ បទដ្ឋាន និងនិយាមការចាំបាច់ ដើម្បីធានាឱ្យការបណ្តុះបណ្តាលប្រព្រឹត្តទៅតាមស្តង់ដារតែមួយ និងមានគុណភាព។ តួអង្គសំខាន់ទី២ គឺគ្រឹះស្ថានអប់រំ និងបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈត្រូវធានាថា គ្រូបង្រៀនមានសមត្ថភាព និងលទ្ធភាពគ្រប់គ្រាន់ក្នុងការបង្រៀនទៅតាមកម្មវិធីសិក្សា និងស្តង់ដាដែលបានអនុម័តដោយស្ថាប័នជំនាញ។

រីឯតួអង្គសំខាន់ទី៣ គឺគ្រូបណ្តុះបណ្តាលត្រូវមានចំណេះដឹង ជំនាញ និងវិធីសាស្ត្របង្រៀនប្រកបដោយប្រសិទ្ធភាព ដើម្បីឱ្យសិស្សអាចយល់ដឹង ចាប់យកជំនាញ និងអនុវត្តការងារបានយ៉ាងពិតប្រាកដ។ ដោយឡែក តួអង្គសំខាន់ទី៤ គឺសិស្សានុសិស្សខ្លួនឯងត្រូវមានវិន័យ ការទទួលខុសត្រូវខ្ពស់ និងការខិតខំប្រឹងប្រែងក្នុងការសិក្សា ព្រោះគុណភាពនៃការអប់រំអាស្រ័យលើការចូលរួម និងការតាំងចិត្តរៀនសូត្ររបស់សិស្សផងដែរ។

ទន្ទឹមនឹងនេះ លោក​ ហេង សួរ បានសង្កត់ធ្ងន់ថា ទោះបីជាតួអង្គសំខាន់ទាំង ៤ អនុវត្តតួនាទីរបស់ខ្លួនបានល្អក៏ដោយ ក៏នៅតែត្រូវការកិច្ចសហការយ៉ាងជិតស្និទ្ធពីវិស័យឯកជន ដើម្បីផ្តល់ឱកាសឱ្យសិស្សបានចុះហាត់ការ និងទទួលបទពិសោធការងារជាក់ស្តែង។ ការចូលរួមរបស់វិស័យឯកជនមិនត្រឹមតែជួយ ពង្រឹងសមត្ថភាពវិជ្ជាជីវៈរបស់សិស្សប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយភ្ជាប់ការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈទៅនឹងតម្រូវការពិតប្រាកដរបស់ទីផ្សារការងារទៀតផង។

លោករដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា ការរួមចំណែកពីក្រសួង គ្រឹះស្ថានបណ្តុះបណ្តាល គ្រូបង្រៀន សិស្ស និងវិស័យឯកជន គឺជាមូលដ្ឋានសំខាន់ក្នុងការកសាងប្រព័ន្ធ TVET ប្រកបដោយគុណភាព និងផលិតធនធានមនុស្សដែលមានសមត្ថភាព ឆ្លើយតបនឹងការអភិវឌ្ឍសេដ្ឋកិច្ច និងឧស្សាហកម្មរបស់កម្ពុជា៕

To Top