អគ្គនាយក ARDB អញ្ជើញចូលរួមពិធីប្រកាស ដាក់ឱ្យអនុវត្តជាផ្លូវការ នូវកម្មវិធីហិរញ្ញប្បទានអាកាសធាតុនៅកម្ពុជា
ភ្នំពេញ ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB បានអញ្ជើញចូលរួមពិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវ «កម្មវិធីហិរញ្ញប្បទានអាកាសធាតុនៅកម្ពុជា (Cambodia Climate Finance Facility – CCFF)» ក្រោមអធិបតីភាព លោក រស់ សីលវ៉ា រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ពិធីនេះរៀបចំឡើងដោយ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) សហការជាមួយក្រុមហ៊ុន Mekong Strategic Capital (MSC) នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ នៅសណ្ឋាគារសុខាភ្នំពេញ ដោយមានការចូលរួមពីតំណាង ក្រសួង ស្ថាប័នពាក់ព័ន្ធ ធនាគារជាតិនៃកម្ពុជា ដៃគូអភិវឌ្ឍន៍អន្តរជាតិ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ព្រមទាំងតំណាងវិស័យឯកជន។
ក្នុងឱកាសនោះ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB ក្នុងនាមជាស្ថាប័នអនុវត្តកម្មវិធី CCFF បានអញ្ជើញថ្លែងសុន្ទរកថាស្វាគមន៍គណៈអធិបតី និងភ្ញៀវកិត្តិយសទាំងអស់ដែលបានអញ្ជើញចូលរួមក្នុងកម្មវិធី។
លោកបណ្ឌិត បានបញ្ជាក់ថា កម្មវិធីហិរញ្ញប្បទានអាកាសធាតុនៅកម្ពុជា ហៅកាត់ថាកម្មវិធីCCFFគាំទ្រដោយរាជរដ្ឋាភិបាលកម្ពុជា គឺជាកម្មវិធីថ្នាក់ជាតិដំបូងគេនៅអាស៊ីសម្រាប់វិស័យឯកជន ដែលទទួលបានមូលនិធិគាំទ្រពីមូលនិធិអាកាសធាតុបៃតង (Green Climate Fund) មានទំហំមូលនិធិសរុបប្រមាណ ១០៩ លានដុល្លារអាម៉េរិក ដែលក្នុងនោះឥណទានចំនួន ៥០ លានដុល្លារអាម៉េរិក និងជំនួយបច្ចេកទេសចំនួន ៥ លានដុល្លារអាម៉េរិក ត្រូវបានផ្តល់ដោយមូលនិធិ GCF ហើយហិរញ្ញប្បទានចំនួន ៥៤ លានដុល្លារអាម៉េរិកទៀត បានផ្តល់ដោយដៃគូហិរញ្ញប្បទាននានា ដែលរួមមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុផងដែរ។
លោក បានបន្ថែមទៀថា កម្មវិធី CCFF មានគោលបំណងសំខាន់ក្នុងការបង្កើនការផ្តល់ឥណទានបៃតង និងការចូលរួមដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ ជាពិសេសការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ និងការបង្កើនភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ។
ថ្លែងក្នុងពេលនោះដែរ លោក ឆេង គឹមស៊ុន រដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានលើកឡើងអំពីគោលនយោបាយអាកាសធាតុនៅកម្ពុជា និងតួនាទីសំខាន់នៃហិរញ្ញប្បទានបៃតងក្នុងការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា។
លោក John McGinley តំណាងគណៈគ្រប់គ្រងនៃក្រុមហ៊ុន Mekong Strategic Capital (MSC) និងជាដៃគូអនុវត្តកម្មវិធី CCFF បានណែនាំអំពីកម្មវិធី CCFF និងថ្លែងអំណរគុណដល់ភាគីពាក់ព័ន្ធដែលបានគាំទ្រការអនុវត្តកម្មវិធីនេះ។ លោក Choi Hang Suk តំណាងធនាគារអភិវឌ្ឍន៍កូរ៉េ (KDB) ដែលជាស្ថាប័នមានសម្បទានៃមូលនិធិ CCFF បានបង្ហាញពីចក្ខុវិស័យ និងការប្តេជ្ញាចិត្តក្នុងការគាំទ្រដល់ការបង្កើនភាពធន់របស់កម្ពុជាចំពោះការប្រែប្រួលអាកាសធាតុ។
ដោយឡែក លោក Derek Yip ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា បានលើកឡើងអំពីភាពជាដៃគូរវាងអូស្ត្រាលី និងកម្ពុជា ក្នុងការដោះស្រាយបញ្ហាអាកាសធាតុ និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាព។
ពិធីនេះគឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់មួយ ដែលមានគោលបំណងរួមចំណែកកាត់បន្ថយហានិភ័យអាកាសធាតុ តាមរយៈការផ្តល់ឥណទានដែលមានអត្រាការប្រាក់សម្បទាន និងរយៈពេលវែងដល់ម្ចាស់អាជីវកម្មបៃតង ព្រមទាំងការផ្តល់ឥណទានបោះដុំដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុក្នុងស្រុក ដើម្បីគាំទ្រដល់វិស័យអាទិភាពចំនួន ៥ រួមមាន៖១. ថាមពលកកើតឡើងវិញ ២. ថាមពលប្រកបដោយប្រសិទ្ធភាព ៣. កសិកម្ម ព្រៃឈើ និងការប្រើប្រាស់ដី ៤. ប្រព័ន្ធធារាសាស្ត្រ ៥. ការដឹកជញ្ជូនដែលមានការបំភាយឧស្ម័នផ្ទះកញ្ចក់ទាប៕









