មន្ត្រីក្រសួងការងារប្រចាំការ សម្រាប់ដោះស្រាយបញ្ហាកម្មករនិយោជិត និងរង់ចាំផ្ដល់ឱកាសការងារតាមលេខ ១២៩៧ ក្នុងថ្ងៃចម្រើនព្រះជន្មសម្ដេចយាយ
ភ្នំពេញ៖ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៩០ ព្រះវស្សា យាងចូល ៩១ ព្រះវស្សា សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំក្រុមការងារវេនប្រចាំការនៅទីស្តីការក្រសួង ដើម្បីធានាការផ្តល់សេវា និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ កម្មករនិយោជិត និងសាធារណជនបានទាន់ពេលវេលា។
ក្រុមការងារប្រចាំការនេះ រួមមានក្រុមសម្របសម្រួលអន្តរាគមន៍ និងក្រុមការងារលេខទូរសព្ទ ១២៩៧ ដែលត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលទូរសព្ទ ស្តាប់កង្វល់ ផ្តល់ព័ត៌មាន ដោះស្រាយបញ្ហាពាក់ព័ន្ធនឹងវិស័យការងារ និងឆ្លើយតបចំពោះករណីផ្សេងៗដែលអាចកើតមានជាយថាហេតុក្នុងអំឡុងពេលថ្ងៃឈប់សម្រាកនៃព្រះរាជពិធី។
ជាមួយគ្នានេះដែរ សេវាទូរសព្ទលេខ ១២៩៧ ក៏បន្តផ្ដល់ព័ត៌មានអំពីឱកាសការងារ ការជ្រើសរើសបុគ្គលិក និងការផ្គូផ្គងអ្នកស្វែងរកការងារជាមួយនិយោជក ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋដែលមានតម្រូវការការងារ ទោះបីស្ថិតក្នុងថ្ងៃឈប់សម្រាកជាតិយ៉ាងណាក៏ដោយ។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អំពាវនាវដល់កម្មករនិយោជិត និងប្រជាពលរដ្ឋដែលមានបញ្ហាពាក់ព័ន្ធនឹងការងារ ឬមានតម្រូវការស្វែងរកឱកាសការងារ អាចទាក់ទងមកលេខទូរសព្ទ ១២៩៧ បានគ្រប់ពេល ដើម្បីទទួលបានការណែនាំ ការសម្របសម្រួល និងដំណោះស្រាយប្រកបដោយប្រសិទ្ធភាព៕









