ព័ត៌មានជាតិ

លោក ឆាយ ឫទ្ធិសែន អញ្ជើញចុះពិនិត្យវឌ្ឍនភាព គម្រោងស្ថាបនាផ្លូវបេតុង១ខ្សែ នៅស្រុកស្វាយលើ ខេត្តសៀមរាប

សៀមរាប៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព គម្រោងស្ថាបនាផ្លូវបេតុង១ខ្សែ មានឈ្មោះ ព្រះអង្គធំ-សង្កែឡាក់ មានប្រវែង ១៤,៤៣គ.ម ទទឹង ៣ម៉ែត្រ តភ្ជាប់ភូមិចំនួនឫ៥ គឺភូមិព្រះអង្គធំ ភូមិពពេល ភូមិខ្លាឃ្មុំ ភូមិសង្កែឡាក់ និងភូមិតាពេញ ក្នុងឃុំខ្នងភ្នំ ស្រុកស្វាយលើ ដោយបម្រើផលប្រយោជន៍ដោយផ្ទាល់ដល់ប្រជាពលរដ្ឋ ចំនួន ៩៦៩គ្រួសារ ស្មើនឹង ៤១១៧នាក់ និងផ្ដល់ផលប្រយោជន៍ដោយប្រយោលដល់ប្រជាពលរដ្ឋចំនួន ១ ២៣៧គ្រួសារ ស្មើនឹង ៥ ៣៧០នាក់។

ខ្សែផ្លូវនេះ ត្រូវបានរំពឹងថានឹងបម្រើដល់ ភ្ញៀវទេសចរណ៍គ្រប់ប្រភេទ ជាពិសេសអ្នកថ្មើរជើង អ្នកជិះកង់ ឬម៉ូតូកម្សាន្តទៅទីតាំងនានា ក្នុងតំបន់ទេសចរណ៍វប្បធម៌ និងធម្មជាតិភ្នំគូលែន។ ខ្សែផ្លូវនេះត្រូវបានចាប់ផ្តើមសាងសង់នៅខែកញ្ញា ឆ្នាំ២០២៥ បច្ចុប្បន្នសម្រេចវឌ្ឍនភាពប្រមាណ ៥១% ហើយគ្រោងនឹងបញ្ចប់ការងារសាងសង់ នៅក្នុងខែធ្នូ ឆ្នាំ២០២៦ អនុវត្តដោយក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងក្របខ័ណ្ឌគម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា (CSLEP) ដោយប្រើប្រាស់ហិរញ្ញប្បទាន សហប្រតិបត្តិការពីធនាគារពិភពលោក (WB)។

ក្នុងឱកាសពិនិត្យការដ្ឋាននោះ លោករដ្ឋមន្ត្រី បានចង្អុលបង្ហាញដល់ទីប្រឹក្សាបច្ចេកទេស និងអ្នកទទួលការសាងសង់ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស។

គួរជម្រាបជូនដែរថា គម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា ត្រូវបានអនុវត្តដោយក្រសួងចំនួន០២ គឺ ក្រសួងបរិស្ថាន និងក្រសួងអភិវឌ្ឍន៍ជនបទ ដែលមានគោលបំណងធ្វើឱ្យប្រសើរទ្បើងនូវការគ្រប់គ្រងតំបន់ការពារធម្មជាតិ ជំរុញឱកាសសម្រាប់ការអភិវឌ្ឍទេសចរណ៍ធម្មជាតិ និងការគ្រប់គ្រងបរិស្ថាន៕

To Top