AOT ចុះពិនិត្យនៅភូមិព្រៃចាន់! យោធាថៃ ដាក់ពង្រាយទូកុងតឺន័រ កាន់កាប់ដោយខុសច្បាប់ ៥ទីតាំង, ប៉ះពាល់ពលរដ្ឋស៊ីវិលកម្ពុជា ១៤៣៥នាក់ មិនទាន់អាចវិលត្រឡប់ ទៅកាន់លំនៅដ្ឋាន វិញបាន
ភ្នំពេញ៖ ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃសៅរ៍ ទី២២ ខែសីហា ឆ្នាំ២០២៦ បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team–Cambodia: AOT-KH) ដឹកនាំដោយ ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ពីសាធារណរដ្ឋហ្វីលីពីន ចុះសង្កេតការណ៍ផ្ទៀងផ្ទាត់ រាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងត្រួតពិនិត្យការដាក់ពង្រាយទូកុងតឺន័រ កាន់កាប់ដោយខុសច្បាប់ របស់យោធាថៃ នូវទីតាំងចំនួន០៥ ដែលមានទូរកុងតឺន័រសរុបចំនួន ១០ ស្ថិតនៅចំណុចតំបន់ភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលបណ្តាលឱ្យប្រជាពលរដ្ឋស៊ីវិលកម្ពុជាចំនួន ១៤៣៥នាក់ ស្មើនឹង ៤០៤គ្រួសារ (ក្នុងនោះមានកុមារចំនួន ៤១៤នាក់) មិនទាន់អាចវិលត្រឡប់ ទៅកាន់លំនៅ ដ្ឋានវិញបាន នៅឡើយ។

យោងតាមក្រសួងការពារជាតិ បានឱ្យដឹងថា ការចុះសង្កេតការណ៍របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន នៅទីតាំងដែលជាដែនអធិបតេយ្យរបស់កម្ពុជា ហើយត្រូវបានយោធាថៃកាន់កាប់ដោយខុសច្បាប់ខាងលើនេះបានគូសបញ្ជាក់ និងសង្កត់ធ្ងន់ ពីភាពចាំបាច់ជាដាច់ខាត ក្នុងការចាប់ផ្តើម កិច្ចការវាស់វែងខណ្ឌសីមា ដោយគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ឱ្យបានឆាប់បំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់ដូចមានចែងនៅក្នុងចំនុចទីបួននៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីអនុញ្ញាតឱ្យ ប្រជាពលរដ្ឋយើងអាចវិលត្រលប់ ទៅលំនៅដ្ឋានវិញ ដោយមិនមានការរារាំង ព្រមទាំងដោយសុវត្ថិភាព និងកិត្តិយស។
កម្ពុជា ប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ ក្នុងការការពារខ្សែព្រំដែនអន្តរជាតិ កម្ពុជា-ថៃ ដែលបន្សល់ទុកដោយ គណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុ បោះបង្គោលព្រំដែន របស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានា ដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។
កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ៕



