ភ្នំពេញ៖ នាយឧត្តមសេនីយ៍នេត សាវឿន នៅថ្ងៃទី១0 ខែមិថុនា ឆ្នាំ២០២០នេះ បានថ្លែងប្រាប់ទៅកាន់ លោក Pradeep Wagle តំណាងការិយាល័យឧត្តមស្នងការទទួល បន្ទុក សិទ្ធិមនុស្សប្រចាំនៅកម្ពុជា ថាកន្លងមក ក្រុមមួយចំនួនតែងតែប្រើអំពើ អនាធិបតេយ្យ ដែលចូលចិត្ត ធ្វើកិច្ចការបំពានប្រឆាំង នឹងច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា ក្រោមស្លាកសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ។ នេះបើយោងតាម អគ្គស្នងការនគរបាលជាតិ។
ចំណែក លោក Pradeep Wagle បានលើកឡើងអំពីចំណង នៃកិច្ចសហប្រតិបត្តិការ រវាងរដ្ឋាភិបាលកម្ពុជា និងការិយាល័យសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ ដែលបានកំណត់តាមរយៈ ការចុះហត្ថលេខា លើអនុស្សារណៈយោគយល់គ្នា។
លោកបានលើកឡើង នូវគោលការណ៍ ទប់ស្កាត់ហិង្សាហ្វូងមនុស្ស Mob Violence និងការស្នើរកការ បណ្តុះបណ្តាល លើកម្លាំងនគរបាលពាក់ព័ន្ធនឹង ការគោរពសិទ្ធិមនុស្ស។ មន្ត្រីអង្គការសហប្រជាជាតិរូបនេះ បានស្នើរ កកិច្ចសហការ ពីអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីការធ្វើកិច្ចការរួមគ្នា លើបញ្ហាការបណ្តុះបណ្តាលនេះ។
ជាការឆ្លើយតប នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានចាត់ទុកជំនួបនេះ គឺជាជំនួបដ៏សំខាន់រវាង អគ្គស្នងការដ្ឋាននគរបាលជាតិ ជាមួយនឹងតំណាង ការិយាល័យឧត្តមស្នងការ ទទួលបន្ទុក សិទ្ធិមនុស្ស ប្រចាំនៅកម្ពុជា និងជាការផ្លាស់ប្តូរទស្សនៈថ្មីមួយ រវាងគ្នាទៅវិញទៅមក ហើយក៏ជាសារមួយ ដើម្បីបញ្ជាក់ទៅនាយកដ្ឋាន-អង្គភាព និងស្នងការរាជធានី-ខេត្តថា ថ្នាក់ដឹកនាំ អង្គភាពទាំងពីរ បានធ្វើការជាមួយគ្នា។
ពាក់ព័ន្ធអំពើហិង្សាហ្វូងមនុស្សលោក នេត សាវឿន បានឆ្លើយថា «កម្ពុជាមិនទាន់ឃើញមាន បញ្ហានេះធំដុំនៅឡើយទេ ប៉ុន្តែបានគាំទ្រលើការអប់រំបណ្តុះបណ្តាលនានា លើ កងកម្លាំងនគរបាល។ »
ជាមួយគ្នានោះនាយឧត្ដមសេនីយ៍ ក៏បានស្នើរឱ្យមានការពិនិត្យ ជាមុននូវគំរោងរបស់ ការិយាល័យសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ លើបញ្ហាបណ្តុះបណ្តាល និងការចង់ដឹងអំពីកម្រិត និងតថភាពនៃសំណើរបាយការណ៍នោះសិន ។
នាយឧត្តមសេនីយ៍ បានលើកឡើងអំពីភាពជាក់ស្តែង ពិតប្រាកដនូវកត្តាអនុវត្តច្បាប់ និងការ គោរពសិទ្ធិសេរីភាព ដែលចែងក្នុងច្បាប់រដ្ឋធម្មនុញ្ញ និងបានលើកឡើង អំពីអំពើ អនាធិបតេយ្យ របស់ក្រុមមួយចំនួន ដែលចូលចិត្ត ធ្វើកិច្ចការបំពានប្រឆាំង នឹងច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា ក្រោមស្លាកសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។ ពាក់ព័ន្ធនិងការធ្វើបាតុកម្មដោយ សន្តិវិធីបច្ចុប្បន្នមាន ជំហរពីរខ្វែងគ្នា ភាគច្រើនគេចោទ ថា រាជរដ្ឋាភិបាល រឺកម្លាំងនគរបាល បិទសិទ្ធិសេរីភាព តែតាមពិតច្បាប់គឺអនុញ្ញាត ឲ្យបញ្ចេញសិទ្ធិសេរីភាព តែត្រូវមានការស្នើសុំ និងជូនដំណឹងនិងត្រូវមានការគាំទ្រ ពីអាជ្ញាធរ មិនត្រូវធ្វើអ្វីដោយបំពានច្បាប់នោះទេ។
នាយឧត្ដមសេនីយ៍ បានបញ្ជាក់ថា «លើលោកនេះបើគ្មានច្បាប់គ្រប់គ្រងទេ ប្រទេសនឹងទៅជាអាណាធិបតេយ្យ ដូច្នេះទាមទារឲ្យ មានការយោគយល់ ក្នុងការបញ្ចេញមតិ ចង់ធ្វើកូដកម្ម បាតុកម្ម ត្រូវតែធ្វើតាមនីតិវិធី ។»
ក្នុងកិច្ចពិភាក្សានោះផងដែរ នាយឧត្តមសេនីយ៍ ក៏បានលើកឡើងអំពី សភាពការណ៍ពាក់ព័ន្ធសិទ្ធិមនុស្ស នៅក្រៅប្រទេស ជាពិសេសហេតុការណ៍ ដែលបាននិងកំពុងកើតឡើង នៅក្នុងសហរដ្ឋអាមេរិក ទាក់ទងនឹងការខឹងសម្បារ របស់ពលរដ្ឋ ក្រោយការបាត់បង់ជីវិតពលរដ្ឋ ស្បែកខ្មៅម្នាក់ ដែលបង្កការខឹងសម្បារ ធ្វើឲ្យបាតុកម្មតវ៉ាទូទាំងសហរដ្ឋអាមេរិកនោះផងដែរ។
ក្នុងជំនួបនេះដែរ ភាគីទាំងពីរនឹងបន្ត សហការគ្នាគ្រប់ពេលវេលា ក្នុងករណីខាងការិយាល័យ ឧត្តមស្នងការទទួលបន្ទុកសិទ្ធមនុស្ស ចង់ជួបពិភាក្សាការងារ ជាមួយនាយកដ្ឋានជំនាញ និងស្នងការរាជធានី-ខេត្ត អគ្គស្នងការនគរបាលជាតិ នឹងបង្កលក្ខណៈ បើកទូលាយ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាង ស្ថាប័នអនុវត្តច្បាប់ និងអង្គភាពសិទ្ធមនុស្សផងដែរ ៕
ដោយ៖ បាន ធារ៉ូ