រដ្ឋមន្ត្រីក្រសួងអប់រំ ៖ កម្ពុជាកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស និងសម្បូរដោយកម្លាំងពលកម្មវ័យក្មេង
ភ្នំពេញ ៖ កម្ពុជា កំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស និងសម្បូរដោយកម្លាំងពលកម្មវ័យក្មេង ដែលមានសក្ដានុពលខ្ពស់ក្នុងការទទួលយកជំនាញថ្មី និងបច្ចេកវិទ្យាទំនើប។
នេះជាការលេីកឡេីងរបស់លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន BHC (Banei Holdings Company) ដឹកនាំដោយលោក HIROYUKI MURATA ប្រធានក្រុមហ៊ុន BHC ស្ថិតនៅក្នុងក្រុង Iwaki ខេត្ត Fukushima ប្រទេសជប៉ុន ដើម្បីផ្លាស់ប្ដូរទស្សនៈ និងស្វែងរកឱកាសពង្រឹងកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍធនធានមនុស្ស ការវិនិយោគ និងការអប់រំរវាងកម្ពុជា និងជប៉ុន នាថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦
ក្នុងឱកាសជំនួបនេះ ភាគីទាំងពីរ បានពិភាក្សាពិនិត្យលទ្ធភាព ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស វិជ្ជាជីវៈ ឆ្លើយតបនឹងតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន និងអនាគត ព្រមទាំងការបង្កើនឱកាសការងារសម្រាប់យុវជនកម្ពុជា។
លោក ឧបនាយករដ្ឋមន្ត្រី បានរំលេចថា «កម្ពុជាកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស និងសម្បូរដោយកម្លាំងពលកម្មវ័យក្មេង ដែលមានសក្ដានុពលខ្ពស់ក្នុងការទទួលយកជំនាញថ្មី និងបច្ចេកវិទ្យាទំនើប ខណៈប្រទេសជប៉ុនមានភាពលេចធ្លោក្នុងការអភិវឌ្ឍបច្ចេកវិទ្យា ការគ្រប់គ្រង ការផលិត និងការបណ្ដុះបណ្ដាលបុគ្គលិកប្រកបដោយគុណភាព វិន័យ និងសមត្ថភាពខ្ពស់»។
លោក ឧបនាយករដ្ឋមន្ត្រី បន្ដថា ការរួមបញ្ចូលគ្នារវាងកម្លាំងពលកម្មវ័យក្មេងរបស់កម្ពុជា និងបច្ចេកវិទ្យា ព្រមទាំងបទពិសោធន៍របស់ជប៉ុន នឹងបង្កើតបាននូវភាពជាដៃគូដ៏រឹងមាំដែលផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។ កម្ពុជាអាចក្លាយជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍធនធានមនុស្ស និងការវិនិយោគ ខណៈក្រុមហ៊ុនជប៉ុនអាចទទួលបានកម្លាំងការងារដែលមានសមត្ថភាព និងត្រៀមខ្លួនសម្រាប់ការបណ្ដុះបណ្ដាលបន្ថែមជាបន្តបន្ទាប់។
ក្នុងន័យនេះ លោក ឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តដល់ក្រុមហ៊ុន BHC ពង្រីកការវិនិយោគ និងកិច្ចសហប្រតិបត្តិការនៅកម្ពុជា តាមរយៈការចូលរួមអភិវឌ្ឍធនធានមនុស្ស ការផ្ទេរបច្ចេកវិទ្យា ការបង្កើតមជ្ឈមណ្ឌលបណ្ដុះបណ្ដាលជំនាញ និងការគាំទ្រដល់ការតភ្ជាប់រវាងគ្រឹះស្ថានអប់រំ និងវិស័យឯកជន ដើម្បីផលិតបាននូវធនធានមនុស្សដែលឆ្លើយតបនឹងតម្រូវការរបស់ឧស្សាហកម្ម។
សូមជម្រាបថា ជំនួបនេះបានឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តរួមក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងវិស័យអប់រំ និងវិស័យឯកជន ការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្ររវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសជប៉ុនឱ្យកាន់តែរឹងមាំ រីកចម្រើនយូរអង្វែង ដែលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការកសាងធនធានមនុស្សប្រកបដោយគុណភាព ឆ្ពោះទៅការអភិវឌ្ឍប្រកបដោយចីរភាព៕










