ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង​ អនុម័តផែនការសាងសង់ បណ្តាញផ្កាយរណបគន្លងផែនដីទាប​ នៅឆ្នាំ២០៣៥

សេអ៊ូល៖​ កូរ៉េខាងត្បូង​ បានអនុម័តយុទ្ធសាស្ត្រមួយ​ ដើម្បីសាងសង់បណ្តាញទំនាក់ទំនងផ្កាយរណបគន្លងផែនដីទាប (LEO) របស់ខ្លួននៅឆ្នាំ ២០៣៥ និងផ្លាស់ទីគោលដៅចុះចតលើឋានព្រះច័ន្ទរបស់ខ្លួនទៅឆ្នាំ ២០៣០ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Yonhap។

យុទ្ធសាស្ត្រនេះត្រូវបានអនុម័តនៅថ្ងៃសុក្រនៅក្នុងកិច្ចប្រជុំរបស់គណៈកម្មាធិការអវកាសជាតិ ក្រោមអធិបតីភាពរបស់ប្រធានាធិបតីលោក​ Lee Jae Myung។

ក្រោមផែនការនេះ កូរ៉េខាងត្បូង​ មានគោលបំណងដាក់ពង្រាយផ្កាយរណបរាប់រយដើម្បីបង្កើតបណ្តាញទំនាក់ទំនងផ្កាយរណប LEO ឯករាជ្យនៅឆ្នាំ ២០៣៥។

លោក Oh Tae-seok អ្នកគ្រប់គ្រងរដ្ឋបាលអវកាសកូរ៉េ (KASA) បានឧ្យដឹងថា ប្រទេសធំៗដែលកំពុងធ្វើដំណើរអវកាសកំពុងប្រណាំងប្រជែងគ្នាដើម្បីសាងសង់បណ្តាញផ្កាយរណប LEO ដោយពណ៌នាអំពីពួកគេថាជាហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់សម្រាប់ការពារសន្តិសុខជាតិ និងអធិបតេយ្យភាពទំនាក់ទំនង ក៏ដូចជាមូលដ្ឋានគ្រឹះយុទ្ធសាស្ត្រសម្រាប់យុគសម័យ 6G។

លោកបានលេីកឡេីងថា គម្រោងនេះក៏ត្រូវបានគេរំពឹងថា​ នឹងពង្រឹងយ៉ាងខ្លាំងដល់ឧស្សាហកម្មផ្កាយរណបក្នុងស្រុក និងយានបាញ់បង្ហោះរបស់កូរ៉េខាងត្បូង ព្រមទាំងលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ី​ ឧស្សាហកម្មអវកាសរបស់ប្រទេសផងដែរ។

រដ្ឋាភិបាលក៏បានជំរុញគោលដៅរបស់ខ្លួនសម្រាប់បេសកកម្មចុះចតលើឋានព្រះច័ន្ទក្នុងស្រុកចាប់ពីឆ្នាំ២០៣២​ មកត្រឹមឆ្នាំ២០៣០​ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងកាន់តែទូលំទូលាយ ដើម្បីលើកកម្ពស់ឧស្សាហកម្មអវកាសរបស់ប្រទេស និងបង្កើនភាពប្រកួតប្រជែងរបស់ខ្លួននៅក្នុងសេដ្ឋកិច្ចអវកាសសកល៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top