ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំ ដល់ប្រជាពលរដ្ឋកុំឲ្យគិតខ្លី ធ្វេសប្រហែស ឬប្រថុយខ្លួន នឹងជំងឺឆ្លងរាតត្បាតកូវីដ១៩ឲ្យសោះ ទោះបីរស់នៅទីក្រុង ឬនៅតាមជនបទស្រុកស្រែចម្ការ គឺត្រូវតែប្រុងប្រយ័ត្នទាំងអស់គ្នា ជាប់ជានិច្ច។
តាមរយៈបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក នៅថ្ងៃទី១៣ មិថុនា នេះ សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា “សូមបងប្អូនប្រជាពលរដ្ឋ បន្តយកចិត្តទុកដាក់ ចូលរួមទប់ស្កាត់ ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅទូទាំងប្រទេស បើទោះបីចំនួន អ្នកឆ្លងក្នុងប្រទេសយើង មានចំនួនតិចតួចក៏ដោយ។ ជំងឺកូវីដ-១៩ គឺនៅតែជំងឺឆ្លងរាតត្បាត ដ៏សាហាវបំផុត ដែលមកទល់ពេលនេះ ចំនួនអ្នកឆ្លងរោគលើពិភពលោក បានកើនឡើង គួរអោយបាមរម្ភខ្លាំងណាស់ រីឯថ្នាំព្យាបាលក៏អត់ទាន់មានដែរ”។
សម្ដេចតេជោបន្តណែនាំ ដល់បងប្អូនប្រជាពលរដ្ឋ ប្រើម៉ាស់ពាក់ការពារ ហើយឧស្សាហ៍ ដុសសម្អាតលាងដៃជាមួយសាប៊ូ អាល់កុលឬចឹល។ កុំទៅកន្លែង ដែលមានការប្រមូលផ្តុំមនុស្សច្រើន បើគ្មានការចាំបាច់។ បើដឹងថាខ្លួនឯងសុខភាពល្អហើយ សូមកុំទៅចម្លងរោគពីគេមកចូលផ្ទះ។ មិនត្រូវធ្វេសប្រហែស ឬមើលស្រាល លើជំងឺឆ្លងរលាកផ្លូវដង្ហើមកូវីដ-១៩ឡើយ ព្រោះបើឆ្លងហើយ គឺឆ្លងរាតត្បាត លឿនសាហាវខ្លាំងណាស់។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ឲ្យដឹងបន្តថា ថ្ងៃនេះអង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ថា នៅលើ 216 ប្រទេស គឺមានអ្នកឆ្លងរោគកូវីដ-១៩ បានកើនឡើង 7,410,510 នាក់ហើយ រីឯចំនួនអ្នកស្លាប់ ក៏បានកើនឡើង ប្រមាណ 418,294 នាក់ដែរ។
សូមបងប្អូនប្រជាពលរដ្ឋកុំគិតខ្លី ធ្វេសប្រហែស ឬប្រថុយខ្លួននឹងជំងឺឆ្លង រាតត្បាតកូវីដ-១៩ អោយសោះ ទោះបីរស់នៅទីក្រុង ឬនៅតាមជនបទស្រុកស្រែចម្ការ គឺត្រូវតែប្រុងប្រយ័ត្នទាំងអស់គ្នា ជាប់ជានិច្ច។ បើមានការសង្ស័យចំពោះអាការះរោគសញ្ញាកូវីដ-១៩ ទាំងចំពោះខ្លួនយើងផ្ទាល់ ឬចំពោះអ្នកចំណូលថ្មី ដែលទើបមកពីក្រៅប្រទេស សូមខលទាក់ទងលេខ 115 ជាបន្ទាន់។
សម្ដេចតេជោនាយករដ្ឋមន្រ្តី ក៏បានសូមជូនពរ បងប្អូនជនរួមជាតិ ចៀសផុតពីជំងឺឆ្លងកូវីដ-១៩ ទាំអស់គ្នា៕