ព័ត៌មានជាតិ

អ្នកទេសចរ និងពលរដ្ឋចំនួន ៣នាក់ ជាប់គាំងនៅតំបន់ភ្នំខ្នងផ្សារ ត្រូវបានជម្លៀស និងចុះមកដល់ជើងភ្នំ ដោយសុវត្ថិភាព

ភ្នំពេញ ៖ អ្នកទេសចរ និងពលរដ្ឋ ចំនួន ៣នាក់ចុងក្រោយ បានជាប់គាំងនៅលើតំបន់ភ្នំខ្នងផ្សារ ត្រូវបានជម្លៀស និងចុះមកដល់ជើងភ្នំ ដល់ភូមិតាំងបំពង់ ឃុំតាសាល ស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ ដោយសុវត្ថិភាពទាំងអស់ហើយ បន្ទាប់ពីមានកិច្ចអន្តរាគមន៍ និងជួយសង្គ្រោះយ៉ាងសកម្មពីមន្ត្រីឧទ្យានុរក្សក្រសួងបរិស្ថាន សហការជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាសហគមន៍។

គិតត្រឹមម៉ោង ២ នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ ទឹកជំនន់ទឹកភ្លៀងក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនៅតំបន់ភ្នំខ្នងផ្សារ បានស្រកអស់ច្រើន។ ប្រជាពលរដ្ឋអាចធ្វើដំណើរបាន និងឆ្លងម៉ូតូបានជាធម្មតា ដោយសាររយៈពេលនេះ ពុំមានភ្លៀងទៀតទេក្នុងតំបន់នោះ។

អ្នកទេសចរចំនួន ៣នាក់ ចុងក្រោយ បានជាប់គាំងលើភ្នំរយៈពេល២ថ្ងៃកន្លងមកនេះ ត្រូវបានមន្រ្តីឧទ្យានុរក្សនិងប្រជាសហគមន៍ បានសម្រួលចុះមកក្រោមវិញប្រកបដោយសុវត្ថិភាព។ ដោយឡែកមធ្យោបាយធ្វើដំណើរ មានរថយន្តចំនួន ៤ គ្រឿង ដែលស្ថិតក្នុងជើងភ្នំ មិនអាចបញ្ជូនមកដល់ភូមិនៅឡើយ។

សូមបញ្ជាថាជំនន់ទឹកភ្លៀងបានកើតឡើងនៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ នៅតំបន់ទេសចរណ៍ភ្នំខ្នងផ្សារ និងបានប៉ះពាល់ទេសចរចំនួន ៥៥១នាក់ បានជាប់គាំងមិនអាចចុះពីលើភ្នំបាន ដោយសារទឹកហូរធ្លាក់ខ្លាំង។

ប៉ុន្តែជាបន្តបន្ទាប់ចាប់ពីព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ រហូតដល់ពេកនេះ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានណែនាំឱ្យមន្ត្រីឧទ្យានុរក្ស សហការជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ក្នុងសហគមន៍តំបន់ការពារធម្មជាតិរលាក់កងជើង ចុះអន្តរាគមន៍នាំយកទេសចរទាំងអស់ មកកាន់ទីតាំងសុវត្ថិភាព និងផ្តល់ការស្នាក់នៅបណ្ដោះអាសន្ននៅ «តំបន់លំហែបៃតងដំណាក់ដំរី» ដោយរៀបចំស្បៀងអាហារ និងកន្លែងស្នាក់នៅជូន រហូតដល់ស្ថានភាពអំណោយផល ទើបបន្តមកកាន់ភូមិតាំងបំពង់។

រហូតមកទល់ពេលនេះទេសចរ និងប្រជាពលរដ្ឋនៃសហគមន៍មូលដ្ឋាន ត្រូវបានជួយសង្គោះនិងសម្រួលចុះពីលើភ្នំខ្នងផ្សារ និងមកដល់ទីទួលសុវត្ថិភាពអស់់ហើយ។ ក្រសួងបរិស្ថាន បន្តតាមដាននិងរចូលរួមសហការ ជាមួយអ្នកពាក់ព័ន្ធ ជាពិសេសភ្ញៀវទេសចរទាំងអស់ ដើម្បីធានាសុវត្តិភាពសម្រាប់ការធ្វើដំណើរកម្សាន្តនៅតាមតំបន់ព្រៃភ្នំក្នុងរដូវវស្សានេះ៕

To Top