ក្រុមហ៊ុន CRCC បង្ហាញបំណងពង្រីក ការវិនិយោគបន្ថែមនៅកម្ពុជា
ភ្នំពេញ ៖ លោក Dai Hegen ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនCRCC លើកឡើងថា ក្រុមហ៊ុន CRCC បានបង្ហាញបំណងពង្រីកការវិនិយោគបន្ថែមនៅកម្ពុជាលើវិស័យគន្លឹះមួយចំនួន។
ក្នុងឱកាសសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតចូលជួបសម្ដែងការគួរសម នារសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ លោក Dai Hegen លើកឡើងថា ក្រុមហ៊ុនគឺជាក្រុមហ៊ុនវិស្វកម្ម និងសាងសង់ឈានមុខគេមួយក្នុងពិភពលោក ដោយផ្ដោតសំខាន់លើកិច្ចការម៉ៅការសាងសង់, ប្រតិបត្តិការហេដ្ឋារចនាសម្ព័ន្ធ, ការផលិតបរិក្ខារបច្ចេកវិទ្យាជាន់ខ្ពស់ និងជាអ្នកអភិវឌ្ឍន៍វិស័យឧស្សាហកម្មថ្មីៗជាយុទ្ធសាស្ត្រ ដែលមានប្រតិបត្តិការអាជីវកម្មគ្របដណ្តប់លើ ១៥០ប្រទេស។
ប្រធានក្រុមហ៊ុនបញ្ជាក់ថា ក្រុមហ៊ុន CRCC បានបោះទុនវិនិយោគនៅក្នុងទីផ្សារកម្ពុជាតាំងពីឆ្នាំ២០០៨ មកម្ល៉េះ ហើយបានសម្រេចគម្រោងសំខាន់ៗជាច្រើន រួមមាន៖ គម្រោងផ្គត់ផ្គង់ទឹកស្អាតក្នុងខេត្តបាត់ដំបង, ភូមិកីឡាកម្ពុជា, អគារទីស្តីការក្រសួងការពារជាតិ, មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ ជាដើម។
ជាមួយគ្នានេះ, ក្រុមហ៊ុនបានថ្លែងអំណរគុណចំពោះក្រសួងស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល ដែលតែងតែផ្តល់កិច្ចសហការ និងការគាំទ្រយ៉ាងល្អប្រសើរ ដែលជាកត្តាជំរុញឱ្យអាជីវកម្មរបស់ក្រុមហ៊ុនទទួលបានជោគជ័យជាបន្តបន្ទាប់នៅកម្ពុជា។ លើសពីនេះទៅទៀតប្រធានក្រុមហ៊ុនក៏បានបង្ហាញបំណងពង្រីកការវិនិយោគបន្ថែមទៀតនៅកម្ពុជា លើវិស័យគន្លឹះ ដូចជា៖ ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន, ហេដ្ឋារចនាសម្ព័ន្ធឌីជីថល, ថាមពលកកើតឡើងវិញ ក៏ដូចជាសមាហរណកម្មវិនិយោគ ការសាងសង់ និងប្រតិបត្តិការផងដែរ។
ជាកិច្ចឆ្លើយតប, សម្តេចធិបតីអបអរសាទរចំពោះជោគជ័យនៃប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុននៅលើឆាកអន្តរជាតិ ក៏ដូចជានៅក្នុងប្រទេសកម្ពុជា។ សម្តេចធិបតីបានវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់ក្រុមហ៊ុន ក្នុងការកសាងគម្រោងធំៗនៅកម្ពុជា ព្រមទាំងស្វាគមន៍យ៉ាងកក់ក្តៅចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុន ក្នុងការស្វែងរកកាលានុវត្តភាពពង្រីកការវិនិយោគ។
បន្ថែមលើនេះ, សម្តេចធិបតីគូសបញ្ជាក់ថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន គឺជាវិស័យអាទិភាពចម្បង ដែលរាជរដ្ឋាភិបាលយកចិត្តទុកដាក់បំផុត។ ជាក់ស្តែង, ក្នុងរយៈពេល២ទសវត្សរ៍ចុងក្រោយនេះ កម្ពុជាបានអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនយ៉ាងច្រើន ទាំងផ្លូវគោក និងផ្លូវទឹក ខណៈបច្ចុប្បន្ន រាជរដ្ឋាភិបាលក៏កំពុងផ្តល់អាទិភាពខ្ពស់លើការអភិវឌ្ឍ និងពង្រឹងសេវាកម្មដឹកជញ្ជូនតាមផ្លូវដែកផងដែរ៕














