មនុស្ស ៣៥នាក់ស្លាប់ និងជាង ៣០០នាក់រងរបួស ក្នុងការវាយប្រហារថ្មីៗរបស់សហរដ្ឋអាមេរិក ប្រឆាំងនឹងអ៊ីរ៉ង់
តេអេរ៉ង់៖ ក្រសួងសុខាភិបាលអ៊ីរ៉ង់បានឲ្យដឹងថា ការវាយប្រហារថ្មីៗរបស់សហរដ្ឋអាមេរិក ទៅលើខេត្តភាគខាងត្បូងអ៊ីរ៉ង់ បានសម្លាប់មនុស្ស ៣៥នាក់ និងរបួសជាង ៣០០នាក់ផ្សេងទៀត។ លោក Hossein Kermanpour ប្រធានផ្នែកទំនាក់ទំនងសាធារណៈរបស់ក្រសួង បានឲ្យដឹងនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា ស្ត្រីពីរនាក់ និងក្មេងជំទង់ម្នាក់ស្ថិតក្នុងចំណោមជនរងគ្រោះ។
លោក Kermanpour បានបន្ថែមថា ខេត្ត Hormozgan ភាគខាងត្បូងប្រទេស និងខេត្ត Sistan និង Baluchestan ភាគអាគ្នេយ៍ បានកត់ត្រាចំនួនអ្នកស្លាប់ និងរបួសច្រើនជាងគេ ដោយក្នុងចំណោមអ្នករងរបួស ៧២នាក់ នៅតែសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅឡើយ។
កងទ័ពអ៊ីរ៉ង់បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័ររបស់ខ្លួនថា ទាហាន ៧នាក់ត្រូវបានសម្លាប់ និង ១៣នាក់ផ្សេងទៀតរងរបួស ក្នុងការវាយប្រហារមួយនៅព្រឹកថ្ងៃពុធ ដែលបានកំណត់គោលដៅលើបន្ទាយមួយនៅក្នុងស្រុក Bampur ក្នុងខេត្ត Sistan និងខេត្ដ Baluchestan ប្រទេសអ៊ីរ៉ង់។
យោធាសហរដ្ឋអាមេរិកបានបើកការវាយប្រហារជាច្រើនលើកច្រើនសារប្រឆាំងនឹងខេត្តភាគខាងត្បូងរបស់អ៊ីរ៉ង់ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ដោយអះអាងថាការវាយប្រហារទាំងនេះ គឺជាការឆ្លើយតបទៅនឹងការកំណត់គោលដៅរបស់កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់លើនាវានៅក្នុងច្រកសមុទ្រហ័រមូស និងមានគោលបំណង “ធ្វើឱ្យខូចសមត្ថភាពរបស់អ៊ីរ៉ង់ ក្នុងការគំរាមកំហែងដល់ការដឹកជញ្ជូនពាណិជ្ជកម្ម”។
គួរបញ្ជាក់ផងដែរថា អ៊ីរ៉ង់បានឆ្លើយតបជាមួយនឹងការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើកជាច្រើនលើកច្រើនសារទៅលើមូលដ្ឋានទ័ព និងសម្ភារៈយោធារបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់អាស៊ីខាងលិច៕
ប្រែសម្រួល ឈូក បូរ៉ា









