Covid-19

ប្រើប្រាស់កិច្ចប្រជុំតាមVideo Conference បែបថ្មីអំឡុងកូវីដ-១៩ របស់ថ្នាក់ដឹកនាំកំពូលៗ ក៏មានហានិភ័យខ្ពស់ដែរ

ភ្នំពេញ៖ ដោយសារតែពិភពលោក កំពុងប្រយុទ្ធប្រឆាំង នឹងការចម្លងនៃជំងឺរាតត្បាតកូវីដ១៩ ដែលបានធ្វើឲ្យថ្នាក់ដឹកនាំកំពូលៗ នៅលើពិភពលោក រួមទាំងកម្ពុជាផងនោះ ប្រើប្រាស់ការប្រជុំពីចំងាយ ពោលធ្វើតាម Video Conference ដែលមិនមែន ជា បច្ចេកវិទ្យាថ្មីអ្វីឡើយ តែពេញនិយមបំផុតសម្រាប់ពេលបច្ចុប្បន្ននេះ ហើយក៏ជារឿងដ៏គួរឲ្យអស់ សំណើចក៏ថាបាន ដែលសមាជិក ក្នុងកិច្ចប្រជុំតាមបែបវិធីនេះ ធ្វេសប្រហែស ធ្វើឲ្យលេចចេញរូបភាព ដែលស្ទើរតែមិនគួរឲ្យជឿផងដែរ ។

ជាក់ស្តែង ដែលថ្នាក់ដឹកនាំកំពូលមួយរូប ដែលជាតំណាងរាស្ត្រសភាអឺរ៉ុប សញ្ជាតិ Irish [Irlande] បានធ្វេសប្រហែស លេចរូបលោក មិនមានស្លៀកខោ ក្នុងកិច្ចប្រជុំអនឡាញមួយ ស្តីពីគោលនយោបាយកសិកម្ម របស់សហភាពអឺរ៉ុប ធ្វើឲ្យលោកទទួលបាន រហ័សនាមថ្មី ដ៏គួរឲ្យអស់សំណើច ។ នេះបើយោងតាមការ លើកឡើងរបស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា តាមបណ្តាញសង្គមហ្វេសប៊ុក កាលពីពេលថ្មីៗនេះ ។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា “ការប្រជុំពីចំងាយ (videoconference) ក៏ជួនកាលមានហានិភ័យខ្ពស់ដែរ ។ ជាក់ស្តែង នៅដើមសប្តាហ៍ខែមិថុនានេះ នៅពេលមានការប្រជុំអនឡាញ មួយ ស្តីពីគោលនយោបាយកសិកម្ម របស់សហភាពអឺរ៉ុប តំណាងរាស្ត្រ សភាអឺរ៉ុប សញ្ជាតិ Irish [Irlande] នាម Luke Ming Flanagan ដែលបានចូលរួមដែរនោះ បានច្រលំចុចរូបលើ iPad របស់លោកជាខ្នាត Portrait ( តាមពិតត្រូវប្រើ Landscape ) ជាលទ្ធផលគេឃើញរូបលោកទាំងអស់ ដែលមិនមានស្លៀកខោទៅទៀត ( ក្នុងរូប )” ។

លោក ខៀវ កាញារីទ្ធ បន្តថា “ពេលនេះ លោកមានរហស្សនាមមួយថ្មីហើយ គឺ «លោកមិញអត់ខោ » [Ming the Trouserless] ។ ហើយកាលពីខែមុន ដែលខ្ញុំចូលរួម Webinar ជាមួយអង្គការ AIBD រដ្ឋមន្ត្រីព័ត៌មានប្រទេស Samoa ពេលចូលរួមពិភាក្សា ច្រលំបង្វិល camera បានឃើញគាត់នៅខ្លួនទទេ ហើយថែមទាំងរូប ប្រពន្ធកំពុងបត់ភួយ បត់មុងទៅទៀត (ជាពេលព្រឹក នៅស្រុកគាត់ ហើយ បែបគាត់ទើបងើបពីដំណេក ) ។ អញ្ចឹងបានអញ្ចឹង !” ៕

To Top