សម្តេចធិបតី ៖ បច្ចេកវិទ្យា ជាវិស័យដ៏មានសារៈសំខាន់ដែលរាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាមានប្រសាសន៍ថា បច្ចេកវិទ្យា គឺជាវិស័យដ៏មានសារៈសំខាន់ដែលរាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់ ក្នុងការជំរុញការអភិវឌ្ឍ ដើម្បីគាំទ្រដល់ការធ្វើបរិវត្តកម្មឌីជីថល ។
ក្នុងឱកាសសម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យ ចូលជួបសម្តែងការគួរសម លោក Xiao Ming តំណាងក្រុមហ៊ុន ZTE Corporationបានលើកឡើងថា បច្ចុប្បន្ន, ក្រុមហ៊ុនមានប្រតិបត្តិការអាជីវកម្មនៅតាមបណ្តាប្រទេសជាង១៦០ ជុំវិញពិភពលោក និងជាក្រុមហ៊ុនលំដាប់ថ្នាក់ទី២ លើសកលលោក ក្នុងការផ្គត់ផ្គង់ប្រព័ន្ធបច្ចេកវិទ្យា 5G។ បន្ថែមពីនេះ, តំណាងក្រុមហ៊ុនបញ្ជាក់ថា ក្រុមហ៊ុនបានបោះទុនវិនិយោគនៅក្នុងទីផ្សារកម្ពុជាអស់រយៈពេលជាង ២ទសវត្សរ៍មកហើយ។ តាមរយៈជោគជ័យនៃការវិនិយោគនេះ, ក្រុមហ៊ុនមានបំណងពង្រីកទុនវិនិយោគរបស់ខ្លួនបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា ក្នុងនាមជាសហគ្រាសផ្គត់ផ្គង់បណ្តាញទូរគមនាគមន៍ និងផ្តល់ដំណោះស្រាយបច្ចេកវិទ្យា ICT។
លោកសង្កត់ធ្ងន់ថា ក្រុមហ៊ុនក៏មានផែនការពង្រីកការវិនិយោគលើម៉ូដែលមូលដ្ឋានបញ្ញាសិប្បនិម្មិតអធិបតេយ្យរបស់កម្ពុជា និងហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធអេកូឡូស៊ីបញ្ញាសិប្បនិម្មិតជាតិនៅកម្ពុជា។ កន្លងមក, ក្រុមហ៊ុនក៏បានចូលរួមចំណែកយ៉ាងសកម្មក្នុងការតភ្ជាប់បណ្តាញទូរគមនាគមន៍នៅតាមជនបទ, ការដាក់ពង្រាយបណ្តាញខ្សែកាបអុបទិក និងការផ្ដល់សេវាអ៊ីនធឺណិតល្បឿនលឿនតាមខ្សែ និងចល័ត នៅក្នុងប្រទេសកម្ពុជា។
ជាកិច្ចឆ្លើយតប, សម្ដេចធិបតីវាយតម្លៃខ្ពស់ចំពោះភាពជោគជ័យរបស់ក្រុមហ៊ុន ដែលបានចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍវិស័យទូរគមនាគមន៍នៅកម្ពុជា។ សម្ដេចធិបតី ស្វាគមន៍ផែនការរបស់ក្រុមហ៊ុនក្នុងការពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមទៀតនៅកម្ពុជា។ ជាមួយគ្នានោះ, សម្ដេចធិបតីបានគូសបញ្ជាក់ថា វិស័យបច្ចេកវិទ្យា គឺជាវិស័យដ៏មានសារៈសំខាន់មួយ ដែលរាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការជំរុញការអភិវឌ្ឍ ដើម្បីគាំទ្រដល់ការធ្វើបរិវត្តកម្មឌីជីថល និងការរីកចម្រើនសង្គម-សេដ្ឋកិច្ចនៅកម្ពុជា។ សម្ដេចធិបតីបានបន្ថែមថា រាជរដ្ឋាភិបាលក៏បាននិងកំពុងជំរុញលើកទឹកចិត្តលើការកសាងធនធានមនុស្សជំនាញ ICT ដែលការបណ្ដុះបណ្ដាលនេះមិនត្រឹមតែផ្តោតលើរបៀបប្រើប្រាស់បច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តោតលើការអភិវឌ្ឍ, ការច្នៃប្រឌិត និងនវានុវត្តន៍ផ្នែកប្រព័ន្ធបច្ចេកវិទ្យា៕













