ព័ត៌មានជាតិ

សម្តេចធិបតី ៖ រាជរដ្ឋាភិបាល កំពុងខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងប្រទេស

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងខិតខំក្នុងការកសាងនូវហេដ្ឋារចនាសម្ព័ន្ធជាច្រើន ជាបន្តបន្ទាប់ នៅទូទាំងប្រទេស។

ក្នុងឱកាសសម្តេចធិបតី ហ៊ុន ម៉ាណែត បានអនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម លោក Ye Weidong ប្រធានក្រុម SCGបានថ្លែងថា ក្រុមហ៊ុនបានបោះទុនវិនិយោគនៅក្នុងកម្ពុជា ចាប់តាំងពីឆ្នាំ២០០៤ ដោយក្រុមហ៊ុនបានចូលរួមអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើន ដូចជា៖ ការកសាងផ្លូវថ្នល់, ទំនប់វារីអគ្គិសនី, ស្ពានធំៗ និងគម្រោងហេដ្ឋារចនាសម្ព័ន្ធ ជាដើម។

លោកបន្តថា បច្ចុប្បន្ន, ក្រុមហ៊ុនក៏កំពុងប្រតិបត្តិការលើគម្រោងនៃការកសាងផ្លូវជាតិចំនួន ០២ ខ្សែបន្ថែមទៀត នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនឹងនោះ, ប្រធានក្រុមហ៊ុនក៏បានបង្ហាញពីបំណងក្នុងការពង្រីកការវិនិយោគរបស់ខ្លួនលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជាបន្ថែមទៀត។

ជាការឆ្លើយតប, សម្តេចធិបតីបានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។ សម្តេចធិបតីសង្កត់ធ្ងន់ថា ហេដ្ឋារចនាសម្ព័ន្ធ គឺជាវិស័យអាទិភាពដែលរាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ និងផ្តល់អាទិភាពខ្ពស់ ដោយបាននិងកំពុងខិតខំក្នុងការកសាងនូវហេដ្ឋារចនាសម្ព័ន្ធជាច្រើន ជាបន្តបន្ទាប់ ។
សម្តេចធិបតីក៏គូសបញ្ជាក់អំពីការបន្តគាំទ្ររបស់រាជរដ្ឋាភិបាលដល់ប្រតិបត្តិការអាជីវកម្ម ក៏ដូចជាការអនុវត្តគម្រោងនានារបស់ក្រុមហ៊ុននៅកម្ពុជា។ ជាមួយគ្នានោះ, សម្តេចធិបតីបានលើកទឹកចិត្តឱ្យក្រុមហ៊ុនយកចិត្តទុកដាក់ក្នុងការចូលរួមចំណែកលើការបណ្តុះបណ្តាលធនធានមនុស្សលើការកសាងហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាជំនាញវិស្វកម្ម ដល់ពលរដ្ឋកម្ពុជា។

សម្តេចធិបតីបានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តផ្សារភ្ជាប់ទំនាក់ទំនង និងកិច្ចសហការ ឱ្យកាន់តែជិតស្និទ្ធជាមួយក្រសួងស្ថាប័នពាក់ព័ន្ធកម្ពុជា ដើម្បីជំរុញភាពជោគជ័យរបស់ក្រុមហ៊ុនថែមទៀត៕

To Top