លោក Lavrov លើកឡើងថាសហរដ្ឋអាមេរិក គឺជាអ្នកដែលពាក់ព័ន្ធ ដោយផ្ទាល់ក្នុងការវាយប្រហារ របស់អ៊ុយក្រែនមកលើទឹកដីរុស្សី
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បាននិយាយថា សហរដ្ឋអាមេរិកកំពុងចូលរួមដោយផ្ទាល់ នៅក្នុងការវាយប្រហាររបស់អ៊ុយក្រែនប្រឆាំង នឹងគោលដៅនៅក្នុងប្រទេសរុស្ស៊ីដោយការផ្គត់ផ្គង់អាវុធ ការស៊ើបការណ៍សម្ងាត់ និងការ
គាំទ្រផ្នែកទំនាក់ទំនងដល់ទីក្រុងគៀវ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន មួយកាលពីថ្ងៃពុធ លោក Lavrov បានច្រានចោលការអះអាង របស់លោកខាងលិចដែលថារុស្ស៊ី និងចិនត្រូវបានចោទប្រកាន់ថាបានផ្គត់ផ្គង់ ដល់អ៊ីរ៉ង់នូវអាវុធដែលប្រើសម្រាប់ វាយប្រហារទីតាំងយោធាអាមេរិក។
លោកបានចោទក្រុងវ៉ាស៊ីនតោនពីការលាក់ពុត ដោយចង្អុលទៅតួនាទីរបស់ខ្លួនក្នុងជម្លោះអ៊ុយក្រែនទៅវិញ។
លោក Lavrov បាននិយាយថា ៖ជនជាតិអាមេរិក តាមរយៈការផ្គត់ផ្គង់អាវុធដែលផ្តល់ដោយសហភាពអឺរ៉ុប ការផ្តល់ការស៊ើបការណ៍សម្ងាត់ ប្រព័ន្ធ Starlink និងច្រើនទៀត មិនមែនគ្រាន់តែជួយនោះទេ ប៉ុន្តែកំពុងចូលរួមដោយផ្ទាល់ក្នុងការដឹកនាំ អាវុធអ៊ុយក្រែនទៅកាន់គោលដៅ រួមទាំងគោលដៅជនស៊ីវិល នៅលើទឹកដីរុស្ស៊ីផង។
ទោះបីជាបែបនេះក៏ដោយ លោកបាននិយាយថា ទីក្រុងមូស្គូនៅតែប្តេជ្ញាចិត្តចំពោះការយល់ដឹងដែល សម្រេចបានដោយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីអាមេរិក លោក Donald Trump ក្នុងអំឡុងពេលកិច្ចប្រជុំរបស់ពួកគេនៅ Anchorage កាលពីឆ្នាំមុន៕









