ទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ ស្នើឥណ្ឌាផ្តល់ការគាំទ្រ និងចែករំលែកបទពិសោធន៍ ក្នុងសន្និសីទអន្តរជាតិ ស្តីពីការប្រឆាំងការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ
ភ្នំពេញ៖ លោកសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការ ចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យ លោក Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ។

ក្នុងជំនួបនេះ លោកសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានសម្តែងនូវការវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងកម្ពុជា និងឥណ្ឌានាពេលកន្លងមក។ លោកសន្តិបណ្ឌិត បានគូសបញ្ជាក់ពីសារសំខាន់នៃការផ្លាស់ប្តូរ និងចែករំលែកព័ត៌មាន ក៏ដូចជាការបណ្តុះបណ្តាល កសាងសមត្ថភាពមន្ត្រីជំនាញ រវាងមជ្ឈមណ្ឌលសម្របសម្រួល បទល្មើសបច្ចេកវិទ្យានៃប្រទេសឥណ្ឌា (I4C) និង គ.ប.ឆ.ប.។
ជាមួយគ្នានេះ លោកសន្តិបណ្ឌិត ក៏បានជម្រាបជូនភាគីឥណ្ឌា អំពីគម្រោងដែលកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ រៀបចំ «សន្និសីទអន្តរជាតិស្តីពីការប្រឆាំងការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា» ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខ នៅរាជធានីភ្នំពេញ ព្រមទាំងបានស្នើឱ្យភាគីឥណ្ឌា ផ្តល់ការគាំទ្រ និងអញ្ជើញចូលរួមចែករំលែកបទពិសោធន៍ ក្នុងព្រឹត្តិការណ៍ដ៏មានសារសំខាន់នេះ ។
ជាការឆ្លើយតប លោក Vanlalvawna Bawitlung បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ រវាងប្រទេសទាំងពីរ។ លោកឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្ម និងវិធានការម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា ព្រមទាំងបានកោតសរសើរ ដល់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះសុវត្ថិភាព និងស្ថានភាពរបស់ជនរងគ្រោះពីអំពើឆបោកទាំងនេះ។
បន្ថែមលើនេះ លោកឯកអគ្គរដ្ឋទូត បានបញ្ជាក់ពីការគាំទ្រយ៉ាងពេញទំហឹង ចំពោះការរៀបចំ «សន្និសីទអន្តរជាតិស្តីពីការប្រឆាំងការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា» ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខ។
មុននឹងបញ្ចប់ ភាគីទាំងពីរបានពិភាក្សា និងផ្លាស់ប្តូរយោបល់យ៉ាងស៊ីជម្រៅ អំពីទិសដៅពង្រឹងកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់ ជាពិសេសលើការផ្លាស់ប្តូរ-ចែករំលែក ព័ត៌មានទាន់ពេលវេលា និងការជួយបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្រ្តីជំនាញ ក្នុងការបង្ក្រាប និងប្រយុទ្ធប្រឆាំងការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕
ប្រភព៖ លេខាធិការដ្ឋានគណៈកម្មការ ចំពោះកិច្ចប្រយុទ្ធប្រឆាំង ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)










