ប្រធានរដ្ឋសភា ៖ ក្នុងបរិបទពិភពលោកស្មុគស្មាញ និងមានវិបត្តិធាតុអាកាស ស្រ្តីមានតួនាទីសំខាន់ ក្នុងការធានាសុខសន្តិភាព
ភ្នំពេញ ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានថ្លែងថា ក្នុងបរិបទពិភពលោកស្មុគស្មាញ និងមានវិបត្តិធាតុអាកាសផង ស្រ្តីមានតួនាទីសំខាន់ក្នុងការធានាសុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។
ការលើកឡើងរបស់ សម្តេច ឃួន សុដារី ក្នុងឱកាសអនុញ្ញាតជូន លោកស្រី អាលី វង្សណរប៊ុនថាំ ប្រធានសហព័ន្ធនារីឡាវ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ ក្នុងឱកាសបំពេញទស្សនកិច្ចការងារ នៅកម្ពុជា។
សម្តេច ឃួន សុដារី បានមានប្រសាសន៍បន្ថែមថា ដើម្បីកសាងអនាគតដ៏រឹងមាំ យើងត្រូវតែធ្វើការរួមគ្នាដើម្បីលើកកម្ពស់តួនាទីរបស់ស្ត្រីក្នុងសេដ្ឋកិច្ចឌីជីថល និងនវានុវត្តន៍។ ការពង្រឹងសមត្ថភាពរបស់ស្ត្រីដឹកនាំនៅក្នុងវិស័យដែលកំពុងលេចធ្លោទាំងនេះ នឹងធានាថា សង្គមរបស់យើងរក្សាបាននូវភាពប្រកួតប្រជែង និងមានបរិយាបន្ន។
សម្ដេច បន្ដថា ស្ត្រីដើរតួនាទីកាន់តែសំខាន់ឡើង ក្នុងការលើកកម្ពស់សន្តិភាព ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាពិសេសនៅក្នុងបរិបទដែលសកលលោកកំពុងប្រឈមនូវស្ថានការណ៍ស្មុគស្មាញ សណ្តាប់ធ្នាប់សកលនិងច្បាប់អន្តរជាតិធ្លាក់ចុះ ក៏ដូចជាការប្រឈមនឹងវិបត្តិនៃការប្រែប្រួលអាកាសធាតុ បន្ថែមទៀតនោះ។
លោកស្រី ប្រធានសហព័ន្ធនារីឡាវ បានថ្លែងកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា។ នេះជាលើកទី៣ នៃដំណើរទស្សនកិច្ចរបស់លោកជំទាវមកកម្ពុជា ហើយគ្រប់ដំណើរទស្សនកិច្ច រាជធានីភ្នំពេញតែងមានការរីកលូតលាស់ និងអភិវឌ្ឍជាលំដាប់ ដែលបង្ហាញពីការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ជានិច្ចកាលទទួលបានការគាំទ្រពីប្រជាពលរដ្ឋក្នុងការដឹកនាំប្រទេស។
លោកស្រី អាលី វង្សណរប៊ុនថាំ បានចែករំលែកពីស្ថានភាពនយោបាយ និងសន្តិសុខ ការអភិវឌ្ឍរបស់ប្រទេសឡាវ និងបេសកកម្ម របស់សហព័ន្ធនារីឡាវជូនសម្តេចរដ្ឋសភាធិបតី ឃួន សុដារី ផងដែរ៕









