អគ្គនាយក ARDB ៖ វិស័យកសិកម្មនៅតែជា ឆ្អឹងខ្នងសេដ្ឋកិច្ចជនបទ ព្រោះបានបង្កើនប្រាក់ចំណូល នឹងលើកកម្ពស់ជីវភាពរស់នៅប្រជាពលរដ្ឋ
កំពង់ឆ្នាំង ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោបានចាត់ទុកថា វិស័យកសិកម្មនៅតែជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជនបទដ៏សំខាន់បំផុត ព្រោះ ការធ្វើកសិកម្មឱ្យមានប្រសិទ្ធភាព គឺជាមធ្យោបាយមួយដ៏ល្អអាចបង្កើនប្រាក់ចំណូល លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនឹងពង្រឹងសេដ្ឋកិច្ចគ្រួសារកសិករនៅជនបទថែមទៀត។
ការលើកឡើងជុំវិញវិស័យកសិកម្មរបស់ លោកបណ្ឌិត កៅ ថាច ក្នុងឱកាសជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ ដែលមានការចូលរួមពី លោក ម៉ឹង វុធី អភិបាលរងខេត្តកំពង់ឆ្នាំង តំណាងដ៏ខ្ពង់ខ្ពស់ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង លោកស្រី ជា ម៉ៅ អភិបាលរងស្រុកសាមគ្គីមានជ័យ តំណាងលោក ឈួន ចាន់ណា អភិបាលស្រុកសាមគ្គីមានជ័យ, ថ្នាក់ដឹកនាំមន្ទីរកសិកម្ម អាជ្ញាធរមូលដ្ឋាន និងប្រជាកសិករសរុបចំនួន ៤០០នាក់។
ថ្លែងក្នុងឱកាសនោះ លោកបណ្ឌិត កៅ ថាច បានទទួលស្គាល់ថា កសិករនៅតែប្រឈមនឹងបញ្ហាជាច្រើន ដូចជា ការប្រែប្រួលតម្លៃកសិផល ការកើនឡើងនៃថ្លៃជីគីមី ថ្នាំកសិកម្ម និងប្រេងឥន្ធនៈ ខ្វះដើមទុនសម្រាប់ផលិតកម្ម ព្រមទាំងមិនចេះគិតអំពីថ្លៃដើមផលិតដែលជាគន្លឹះសំខាន់បំផុត ក្នុងការវាយតម្លៃថា ការធ្វើកសិកម្មចំណេញ ឬខាត ។
លោក បណ្ឌិតប្រតិភូ បានផ្តល់អនុសាសន៍ថា កសិករគួរនាំគ្នាកត់ត្រាចំណាយគ្រប់មុខ រួមមានថ្លៃពូជ ថ្លៃជី ថ្លៃថ្នាំ ថ្លៃប្រេង ឈ្នួលកម្មករ និងចំណាយផ្សេងៗ ឱ្យបានច្បាស់លាស់ ចំពោះការធ្វើកសិកម្ម ដើម្បីអាចដឹងពីថ្លៃដើមផលិតពិតប្រាកដ ទើបអាចដឹងថា ស្រូវផលិតបានហើយត្រូវសម្រេចចិត្តលក់ ក្នុងតម្លៃណាមួយទើបបានចំណេញ។
លើសពីនេះចំណុចសំខាន់គឺ ការផ្លាស់ប្តូរផ្នត់គំនិតក្នុងការធ្វើកសិកម្ម ការជ្រើសរើសពូជស្របទៅនឹងលក្ខខណ្ឌដីដែលមានគុណភាព ការប្រើប្រាស់ជីតាមបច្ចេកទេស និងការគណនាថ្លៃដើមផលិត ដើម្បីបង្កើនទិន្នផល ដើម្បីកាត់បន្ថយថ្លៃដើម គឺជារឿងសំខាន់បំផុតមួយទៀត ហើយដូច្នោះបើអនុវត្តតាមបច្ចេកទេសនោះ មិនត្រឹមតែអាចបង្កើនទិន្នផលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយកាត់បន្ថយការចំណាយ និងបង្កើនប្រាក់ចំណេញប្រកបដោយនិរន្តរភាព។
បន្ថែមពីនេះ លោក បណ្ឌិតប្រតិភូបានជម្រាបជូនកសិករអំពីបទពិសោធន៍របស់កសិករម្នាក់នៅស្រុកតាំងគោក ខេត្តកំពង់ធំ ដែលបានអនុវត្តនៃការធ្វើកសិកម្មទៅតាមបច្ចេកទេសត្រឹមត្រូវ ជាលទ្ធផលជួយឱ្យទិន្នផលស្រូវកើនឡើងជាបន្តបន្ទាប់ចន្លោះពី ៧តោន ទៅ ៩តោនក្នុង១ហិកតា ដែលជាភស្តុតាងមួយបង្ហាញថា ការធ្វើកសិកម្មដោយអនុវត្តតាមបច្ចេកទេស អាចបង្កើនទាំងទិន្នផលស្រូវ កាត់បន្ថយថ្លៃដើមផង និងបង្កើនប្រាក់ចំណេញយ៉ាងមានប្រសិទ្ធភាព៕


















