អ៊ីរ៉ង់ និងរុស្ស៊ី ថ្កោលទោសយ៉ាងខ្លាំង ចំពោះការវាយប្រហារ របស់អ៊ុយក្រែន លើនាវាអ៊ីរ៉ង់ នៅសមុទ្រកាសព្យែន
តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi និងសមភាគីរុស្ស៊ី លោក Sergei Lavrov បានថ្កោលទោសការវាយប្រហារ «ខុសច្បាប់» របស់អ៊ុយក្រែន លើនាវាពាណិជ្ជកម្មអ៊ីរ៉ង់មួយគ្រឿង នៅសមុទ្រកាសព្យែន។
លោក Araghchi បានថ្កោលទោសចលនា របស់អ៊ុយក្រែនថាជា «ការផ្សងព្រេងដ៏គ្រោះថ្នាក់ និងជាការរំលោភបំពានយ៉ាងច្បាស់ លើគោលការណ៍ជាមូលដ្ឋាននៃធម្មនុញ្ញអង្គការសហប្រជាជាតិ» ដោយសង្កត់ធ្ងន់ថា អ៊ីរ៉ង់នឹងការពារសន្តិសុខ និងផលប្រយោជន៍ជាតិរបស់ខ្លួនយ៉ាងម៉ឺងម៉ាត់។
សម្រាប់លោក Lavrov វិញ បានថ្កោលទោសការវាយប្រហារនេះថាជា «សកម្មភាពរំលោភច្បាប់អន្តរជាតិ និងជាការគំរាមកំហែងប្រឆាំងនឹងផ្លូវពាណិជ្ជកម្មរវាងរុស្ស៊ី និងអ៊ីរ៉ង់»។
យោងតាមសេចក្តីថ្លែងការណ៍ រដ្ឋមន្ត្រីទាំងពីររូបក៏បានពិភាក្សាអំពីការវិវឌ្ឍក្នុងតំបន់បន្ទាប់ពីអ្វីដែលទីក្រុងតេអេរ៉ង់ បានពិពណ៌នាថាជា “ការរំលោភលើការសន្យា និងការដាក់អសន្តិសុខនៅលើច្រកសមុទ្រហ័រមូស” របស់សហរដ្ឋអាមេរិក។
យោងតាមក្រសួងការបរទេសអ៊ីរ៉ង់ ការវាយប្រហារនេះបានកើតឡើងនៅថ្ងៃសៅរ៍ ហើយបាននាំឱ្យមានការផ្ទុះកប៉ាល់ និងការស្លាប់របស់នាវិកម្នាក់ នាវិកបីនាក់ក៏បានរងរបួសនៅក្នុងការវាយប្រហារនេះផងដែរ៕









