Feature

សត្វផ្សោតងាប់មួយក្បាល នៅសង្កាត់ស្វាយជ្រុំ ក្រុងអរិយក្សត្រ

ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានប្រកាសថា ថ្មីៗនេះមានករណីប្រទះឃើញសពសត្វផ្សោតមួយក្បាល នៅចំណុចកំពង់ចម្លងស្វាយជ្រុំ ភូមិស្វាយជ្រុំ សង្កាត់ស្វាយជ្រុំ ក្រុងអរិយក្សត្រ ខេត្តកណ្តាល។

តាមការពិនិត្យយ៉ាងយកចិត្តទុកដាក់ពីសំណាក់មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានជលផល ដោយសហការជាមួយអង្គការ WWF បានបង្ហាញថា សត្វផ្សោតនេះមានលេខសម្គាល់ ០១៨ ជាផ្សោតឈ្មោល មានអាយុប្រមាណពី ១២ ទៅ ១៤ឆ្នាំ ប្រវែង ២ម៉ែត្រ និងទម្ងន់ ៦៤គីឡូក្រាម ដែលធ្លាប់រស់នៅក្នុងតំបន់អន្លង់កាំពី ខេត្តក្រចេះ។

ផ្សោតមួយក្បាលនេះ គឺជាសត្វផ្សោតតែមួយដែលធ្លាប់ត្រូវបានប្រជានេសាទជួយសង្គ្រោះ និង ដោះលែងពីមងនេសាទកាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ក្នុងស្ថានភាពសុខភាពទន់ខ្សោយជាខ្លាំង។

ផ្អែកលើលទ្ធផលកោសល្យវិច័យលើស្នាមរបួស មន្ត្រីជំនាញសន្និដ្ឋានថា សត្វផ្សោតនេះអាចបាត់បង់ជីវិតដោយសារ ទាក់ជាប់សន្ទូចរនងជាមុនសិន រួចទើបមកជាប់នឹងមងនេសាទបន្ថែមទៀត ហើយក្រោយមកក៏ត្រូវបានរកឃើញអណ្តែត ស្លាប់នៅទីតាំងខាងលើ៕

To Top