សម្តេចធិបតី និងលោកជំទាវបណ្ឌិត ឧបត្ថម្ភគ្រឿងឧបភោគបរិភោគដល់តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង
ភ្នំពេញ ៖ ការឧបត្ថម្ភគ្រឿងឧបភោគបរិភោគជូនតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំងរបស់សម្តេចបវរធិបតី និង លោកជំទាវបណ្ឌិតនេះ ធ្វើឡើងនាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ តាមរយៈនាយឧត្តមសេនីយ៍ គឹម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ។
នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ នាយឧត្តមសេនីយ៍ គឹម ប៊ុនថាន បានជួបសំណេះសំណាល និងពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ព្រមទាំងប្រគល់នូវគ្រឿងឧបភោគបរិភោគមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង យោធភូមិភាគពិសេស កងទ័ពជើងគោក តាមរយៈឧត្តមសេនីយ៍ត្រី អ៊ុ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង សម្រាប់បម្រើការងារមនុស្សធម៌ និងមួយចំណែកសម្រាប់ជូនដល់សមាគមអតីតយុទ្ធជន ប្រជាពលរដ្ឋ ឬគ្រួសារយោធិន ដែលមានការខ្វះខាត ឬជួបគ្រោះមហន្តរាយផ្សេងៗ ។
នេះជាការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ និងជាប់ជាប្រចាំរបស់ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី និង លោកជំទាវបណ្ឌិត សម្រាប់សមាគមអតីតយុទ្ធជន ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងជនងាយរងគ្រោះ ព្រមទាំងអ្នកទទួលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ៕




















