បទវិភាគ ៖ សោកនាដកម្មសង្គ្រាម មិនអនុញ្ញាត ឱ្យកើតឡើងម្តងទៀតទេ ការប៉ុនប៉ងចង់ធ្វើឱ្យយោធា និយមរស់ឡើងវិញ មុខជានឹងទទួលបរាជ័យជាក់ជាមិនខាន
សម្រាប់ប្រទេស ដែលធ្លាប់រងការឈ្លានពានពីយោធានិយមជប៉ុន “៧៣១” គឺតំណាងឱ្យឧក្រិដ្ឋកម្មសង្គ្រាមដ៏ច្រើនរាប់មិនអស់ ។ ប៉ុន្តែកាលពីថ្ងៃទី ៣១ ខែកក្កដា ក្រោយពីបញ្ចប់សង្គ្រាមលោកលើកទីពីរ អស់រយៈពេល ៨១ ឆ្នាំ រដ្ឋាភិបាលជប៉ុនបានបង្កើត ”ទីភ្នាក់ងារស៊ើបការណ៍ជាតិ”ជាផ្លូវការ ហើយបានបើក” កិច្ចប្រជុំក្រុមប្រឹក្សាស៊ើបការណ៍ជាតិ”លើកដំបូងដែលមានលោកស្រី Sanae Takaichi នាយករដ្ឋមន្ត្រីជប៉ុនជាប្រធាន តើជប៉ុនមានគោលបំណងអ្វី?
នេះគឺជាលើកដំបូងដែលជប៉ុន បង្កើតប្រព័ន្ធស៊ើបការណ៍ចម្រុះ ថ្នាក់ជាតិបន្ទាប់ពីសង្គ្រាមលោកលើកទីពីរ ។ អ្នកវិភាគបានលើកឡើងថា រដ្ឋាភិបាលជប៉ុនយកការការពារសន្តិសុខនិងការពារជាតិធ្វើជាលេស ដើម្បីប្រមូលផ្តុំនិងពង្រឹងកម្លាំងស៊ើបការណ៍ ចម្លងរចនាសម្ព័ន្ធរដ្ឋបាលស៊ើបការណ៍ក្នុងសម័យសង្គ្រាម ជំរុញឱ្យខ្មោចយោធានិយមរស់ឡើងវិញ ដើម្បីបម្រើគោលបំណងគ្រោះថ្នាក់នៃការពង្រីកសព្វាវុធ ដែលកំពុងបង្កជាការគំរាមកំហែងជាក់ស្តែងចំពោះសន្តិភាពនិងស្ថិរភាពក្នុងតំបន់ ។

“ប្រព័ន្ធស៊ើបការណ៍មុនសង្គ្រាមថ្មី”នេះ គឺស្រដៀងគ្នាជាមួយប្រព័ន្ធស៊ើបការណ៍ នៃយោធានិយមជប៉ុនក្នុងប្រវត្តិសាស្ត្រ ។ បន្ទាប់ពីបានបង្កើត”អង្គភាពប៉ូលិសពិសេស”នៅឆ្នាំ១៩១១ ជប៉ុនបានបង្ក្រាបយ៉ាងឃោរឃៅនូវឥស្សរជន និងសមាគមសង្គមស៊ីវិលដែលប្រឆាំងសង្គ្រាមនៅក្នុងស្រុក ហើយដើរតួជា”ទ័ពស្រួច”នៃការឈ្លានពាននិងវាតទីខាងយោធាចំពោះក្រៅប្រទេស ។ នៅឆ្នាំ ១៩៤០ ជប៉ុនបានប្រមូលផ្តុំធនធានស៊ើបការណ៍ខាងយោធានិងនយោបាយដើម្បីបង្កើតទីភ្នាក់ងារស៊ើបការណ៍នៃគណៈរដ្ឋមន្ត្រី ដោយបង្កើតមជ្ឈមណ្ឌលស៊ើបការណ៍រួមបញ្ចូលគ្នាសម័យសង្គ្រាម ដើម្បីផ្តល់ការគាំទ្រដល់សង្គ្រាមឈ្លានពានចិននិងសង្គ្រាមប៉ាស៊ីហ្វិក ។ ក្នុងនាមជាឧបករណ៍ដ៏សំខាន់ក្នុងការបំផុសសង្គ្រាមឈ្លានពានរបស់យោធានិយមជប៉ុន ឧក្រិដ្ឋកម្មរបស់ស្ថាប័នទាំងនេះត្រូវផ្សារភ្ជាប់ជាមួយភាពអាម៉ាសនៃប្រវត្តិសាស្រ្ត។
បន្ទាប់ពីបញ្ចប់សង្គ្រាមលោកលើកទីពីរ ស្ថាប័នស៊ើបការណ៍សម័យសង្គ្រាមរបស់ជប៉ុន ត្រូវបានរំសាយដោយបង្ខំ ប៉ុន្តែយោធានិយមមិនត្រូវបានជម្រះបញ្ជីឱ្យជ្រះស្រឡះទេ ។ សព្វថ្ងៃនេះ ប្រព័ន្ធស៊ើបការណ៍ដែលមាន”ក្រុមប្រឹក្សាស៊ើបការណ៍ជាតិ” ជាស្នូល និង “ទីភ្នាក់ងារស៊ើបការណ៍ជាតិ” ជាស្ថាប័នអនុវត្តត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ វាគឺមានន័យថា រូបមន្តគ្រប់គ្រងរបស់ទីភ្នាក់ងារស៊ើបការណ៍នៃយោធានិយមបានរស់ឡើងវិញ ។ ប្រព័ន្ធស៊ើបការណ៍ដែលប្រមូលផ្តុំអំណាច ក្នុងកម្រិតខ្ពស់បែបនេះ បានបំផ្លិចបំផ្លាញទាំងស្រុង ដល់យន្តការតុល្យភាពនៃការបែងចែកអំណាចស៊ើបការណ៍ដែលជប៉ុនបានរក្សាអស់រយៈពេល រាប់សិបឆ្នាំក្រោយពីសង្គ្រាមលោកលើកទី២។
អ្វីដែលគួរឱ្យបារម្ភជាងនេះទៀតគឺ “ទីភ្នាក់ងារស៊ើបការណ៍ជាតិ” ដែលទើបបង្កើតថ្មីមានវិសាលភាពមុខងារមិនច្បាស់លាស់ ហើយស្ទើរតែគ្មានយន្តការត្រួតពិនិត្យពីខាងក្រៅទាល់តែសោះ ។
“រដ្ឋាភិបាលលោកស្រី Sanae Takaichi កំពុងបង្កើតប្រព័ន្ធសង្គ្រាមដែលតាមដាននៅពេលធម្មតានិងដំណើរការក្នុងពេលសង្គ្រាម” “ទីភ្នាក់ងារស៊ើបការណ៍ជាតិប្រហែលនឹងក្លាយជាឧបករណ៍ផ្លូវច្បាប់សម្រាប់តាមដានសង្គម និងបង្ក្រាបប្រជាជន ដែលធ្វើឱ្យជប៉ុនក្លាយជាប្រទេសដែលចូលរួមនិងសហការជាមួយសង្គ្រាម” “ទីភ្នាក់ងារស៊ើបការណ៍ជាតិគឺជាស្ថាប័នស៊ើបការណ៍ដែលខ្វះការត្រួតពិនិត្យ នៅទីបំផុតវានឹងក្លាយជា”ទ័ពស្រួច”របស់បក្សកាន់អំណាចជប៉ុន”… ប៉ុន្មានថ្ងៃចុងក្រោយនេះ មតិក្នុងស្រុកជប៉ុនបានលើកឡើងការរិះគន់ជាបន្តបន្ទាប់ ។ ប្រជាជនជប៉ុនជាច្រើនបានរៀបចំមីទ្ទិញតវ៉ានៅទីក្រុងតូក្យូ ដើម្បីទាមទារឱ្យរដ្ឋាភិបាលជប៉ុន កុំភ្លេចមេរៀនក្នុងប្រវត្តិសាស្ត្រ ។
ពី”អង្គភាពប៉ូលិសពិសេស”ដែលមានឈ្មោះដ៏អសោធក្នុងសម័យសង្គ្រាម រហូតដល់” ប្រព័ន្ធស៊ើបការណ៍មុនសង្គ្រាមថ្មី”ដែលត្រៀមលក្ខណៈរួចក្នុងការស្តារយោធានិយមឡើងវិញ សព្វថ្ងៃនេះ កម្លាំងស្តាំនិយមជប៉ុនកំពុងដើរតាមមាគ៌ាចាស់នៃការប្រមូលផ្តុំអំណាចស៊ើបការណ៍ ដោយបំពានលើរបៀបរៀបរយបន្ទាប់ពីសង្គ្រាមលោកលើកទី២យ៉ាងកម្រោល ។ សហគមន៍អន្តរជាតិ ចាំបាច់ត្រូវរក្សាការប្រុងប្រយ័ត្នខ្ពស់ ចំពោះករណីនេះ ហើយចាត់វិធានការជាច្រើនដើម្បីទប់ស្កាត់ការរីករាលដាល នៃ”យោធានិយមបែបថ្មីរបស់ជប៉ុន ក៏ដូចជាគាំពារយ៉ាងមុតមាំ នូវលទ្ធផលជ័យជំនះនៃសង្គ្រាមលោកលើកទីពីរ ៕









