Feature

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ពង្រឹងតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ និងដាក់ចេញនូវបទបញ្ជាមួយចំនួនជូនដល់កងកម្លាំងក្រោមឱវាទ

កំពង់ធំ៖ នៅព្រឹកថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០២៦ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ បានបើកកិច្ចប្រជុំពង្រឹងតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ ការងារអប់រំចិត្តសាស្ត្រ និងដាក់ចេញនូវបទបញ្ជាសំខាន់ៗមួយចំនួន ជូនដល់យោធិនចំណុះទីបញ្ជាការតំបន់ប្រតិបត្តិការសឹករង ដែលពិធីនេះស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដោយមានការចូលរួមពីនាយទាហាន នាយទាហានរង និងពលទាហាន យ៉ាងច្រើនកុះករផងដែរ ។ 

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្សព្វផ្សាយសភាពការណ៍មួយចំនដែលកើតមានឡើងថ្មីៗនេះ​ ដែលប្រមុខនៃរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានខិតខំប្រឹងប្រែងក្នុងការបង្ហាញដល់ពិភពលោកឲ្យឃើញកាន់តែច្បាស់អំពីសភាពការពិតនៃការឃ្លានពាន និងកាន់កាប់បូរភាពទឹកដីកម្ពុជាដោយច្បាប់ ពី​សំណាក់​យោធាថៃនៅតំបន់មួយចំនួន​ នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​កម្ពុជា​ ថៃ​  ដែលជាការរំលោភយ៉ាងធ្ងន់ធ្ងរមកលើដែន​អធិបតេយ្យភាព​ សិទ្ធិមនុស្ស និងសិទ្ធិរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា​ ដែលផ្ទះសម្បែងនិងដីធ្លីមួយចំនួនត្រូវបានទាហានថៃចូលកាន់កាប់ដោយខុសច្បាប់ ។ ព្រមជាមួយនោះ យោធាថៃបានបំផ្លាញប្រាង្គប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក និងប្រាសាទមួយចំនួនទៀត ដែលស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់ព្រះ​រាជាណាចក្រ​កម្ពុជា។ 

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានពង្រឹងតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ នឹងបានដាក់ចេញនូវបទបញ្ជាមួយចំនួន ដល់យោធិនគ្រប់រូប ត្រូវអនុវត្តឲ្យបានមុឺងម៉ាត់​ មានជាអាទិ៍: ទី១ យោធិនគ្រប់រូប ត្រូវតែស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា ព្រះមហាក្សត្រ ដោយត្រូវត្រៀមខ្លួនរួចជាស្រេចរង់ចាំអនុវត្តបទបញ្ជា ក្នុងភារកិច្ចការពារបូរណភាពទឹកដីពីការឈ្លានពានពីសំណាក់ប្រទេសជិតខាង ។ ទី២ ត្រូវផ្សព្វផ្សាយជូនដល់ក្រុមគ្រួសារ និងប្រជាពលរដ្ឋ ក្នុងការចូលរួមអនុវត្តនូវច្បាប់កាតព្វកិច្ចយោធាឲ្យទទួលបានជោគជ័យ ដើម្បីកម្ពុជាយើង មានធនធានមនុស្សគ្រប់គ្រាន់ ក្នុងភារកិច្ចការពារជាតិក្នុងបរិបទថ្មីនៃសកលលោក ​ និងទី៣ ត្រូវបន្តចូលរួមចំណែកយ៉ាងសកម្មក្នុងការអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល​ នៅ​តាម​មូលដ្ឋាន​នានា​ឲ្យទទួលបានជោគជ័យ។ ជាមួយនោះដែរ​ត្រូវចូលរួមយ៉ាងសកម្មក្នុងការអនុវត្តតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និង​បទ​បញ្ជា​របរបសលោក នួន​ ផារ័ត្ន​ អភិបាល​ខេត្ត​ ប្រធាន​គណ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​កំពង់​ធំ​ ក្នុងភារកិច្ចការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ឱ្យមានប្រសិទ្ធភាព ដើម្បីរក្សាធនធានធម្មជាតិរបស់យើងទុកឲ្យកូនចៅយើងនៅជំនាន់ក្រោយៗទៀត៕

ដោយ៖ សំនៀង

To Top