ព័ត៌មានជាតិ

ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប បង្ហាញឆន្ទៈចង់ឃើញ EBA នៅតែបន្តផ្ដល់ឲ្យកម្ពុជា

ភ្នំពេញ៖ បន្ទាប់ពីត្រូវបានតែងតាំង ជាឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបថ្មី ប្រចាំកម្ពុជា លោកស្រី Carmen Moreno បានបង្ហាញឆន្ទៈចង់ឃើញ ប្រព័ន្ធអនុគ្រោះពន្ធ លើមុខទំនិគគ្រប់ប្រភេទ លើកលែងតែអាវុធ (EBA) នៅតែបន្តផ្ដល់ជូន ដល់កម្ពុជាតទៅទៀត ។

សហភាពអឺរ៉ុប បានចាប់ផ្តើមនីតិវិធីជាផ្លូវការ ផ្អាកជាបណ្តោះអាសន្ន លើប្រព័ន្ធអនុគ្រោះពន្ធលើមុខ ទំនិញគ្រប់ប្រភេទ លើកលែងតែអាវុធ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ មុននឹងអាចឈាន ទៅរកការព្យួរនាខែកុម្ភៈ ឆ្នាំ២០២០ ប្រសិនបើរកឃើញថា កម្ពុជាអនុវត្តមិនត្រឹមត្រូវ ទៅរកភាពល្អប្រសើរគ្រប់គ្រាន់ លើបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ។

ក្រោយជំនួបរវាងលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ និងលោកស្រី Carmen Moreno នៅថ្ងៃទី៨ វិច្ឆិកា លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសខ្មែរ បានមានប្រសាសន៍ថា លោកស្រីទូតប្ដេជ្ញា ធ្វើការយ៉ាងជិតស្និទ្ធ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រីកភាពជាដៃគូ រវាងកម្ពុជា-សហភាពអឺរ៉ុប ។

លោកស្រីបានគូសបញ្ជាក់ថា សហភាពអឺរ៉ុប នឹងនៅតែបន្តកិច្ចសហប្រតិបត្តិការ ក្នុងវិស័យអភិវឌ្ឍន៍នានា ជាមួយកម្ពុជា ។ ចាប់តាំងពីឆ្នាំ១៩៩៤ ដល់ឆ្នាំ២០១៥ សហភាពអឺរ៉ុប បានផ្ដល់ជំនួយឥតសំណងដល់កម្ពុជា ប្រមាណ៧០០លានដុល្លារ ដើម្បីអភិវឌ្ឍន៍វិស័យសង្គមកិច្ច សេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ សុខាភិបាល អប់រំ និងវិស័យជាច្រើនទៀត ។ ពីឆ្នាំ២០០៦ ដល់ឆ្នាំ២០១៧ សហភាពអឺរ៉ុប បានផ្ដល់ជំនួយដល់ សាលាក្ដីខ្មែរក្រហម ប្រមាណ ២០លានដុល្លារ ។

លោកបន្តថា ឆ្នាំ២០១៨ ចំពោះទំហំពាណិជ្ជកម្ម រវាងកម្ពុជា-សហភាពអឺរ៉ុប មានចំនួន ៧៥ ០០លានដុល្លារ ។ លោកស្រីទូត ក៏បានចាប់អារម្មណ៍ លើវិស័យវិនិយោគសំខាន់ៗ ដែលលោកស្រីនឹងជំរុញ ឲ្យវិនិយោគិនអឺរ៉ុបមកកម្ពុជា ឲ្យកាន់តែច្រើនថែមទៀត ដើម្បីពិនិត្យវិស័យអាទិភាព ស្របតាមគោលនយោបាយ ជាយុទ្ធសាស្ត្រ ។ ចំពោះវិស័យទេសចរណ៍ ជាមធ្យមភ្ញៀវទេសចរអឺរ៉ុប មកលេងកម្ពុជា ប្រមាណ៧០ម៉ឺននាក់ ក្នុងមួយឆ្នាំ ។

លោក កុយ គួង បញ្ជាក់ថា «ជាការពិតលោកជំទាវ មានបំណងល្អ បញ្ជាក់ដំបូង គឺចង់ពង្រីកភាពជាដៃគូ មានន័យថា ចង់ឲ្យភាពជាដៃគូនេះ កាន់តែមានកម្រិតខ្ពស់ ដូច្នេះប្រព័ន្ធទាំងឡាយ ដែលកម្ពុជាមាន ជាមួយសហភាពអឺរ៉ុបហ្នឹង គួរតែមានបន្តទៀត» ។

អ្នកនាំពាក្យបន្ថែមថា ក្នុងជំនួបនោះដែរ លោកស្រីឯកអគ្គរដ្ឋទូត ក៏បានលើកឡើងពីសារសំខាន់ នៃគោលដៅរួមរវាងកម្ពុជា និងសហភាពអឺរ៉ុប ធ្វើយ៉ាងណាភាគីទាំងពីរ សម្រេចឲ្យបានគោលដៅរួមមួយ ។ គោលដៅរួម គឺអ្វីដែលកម្ពុជាមាន គឺចង់ឲ្យនៅបន្តមាន ដូចជា EBA ដែលកម្ពុជាធ្លាប់មានតាំងពីឆ្នាំ២០០១ ។ លោកស្រីមកនេះ គឺមកធ្វើការជាមួយកម្ពុជា ដើម្បីគោលដៅរួមមួយនេះ ។

សូមបញ្ជាក់ថា ប្រទេសដែលទទួលបាន ការអនុគ្រោះពន្ធលើគ្រប់មុខទំនិញ លើកលែងសព្វាវុធ ពីសហភាពអឺរ៉ុបមាន៤៩ប្រទេស ។ ក្នុងនោះបណ្ដាប្រទេសនៅអាហ្វ្រិក មានចំនួនច្រើនជាងគេ៕ ដោយ៖ ខា ដា

To Top