មណ្ឌលសុខភាពម៉ាឡៃ និងសមិទ្ធផលនានា របស់គម្រោងការកសាងភូមិសន្តិភាព តាមរយៈការអភិវឌ្ឍសហគមន៍ជនបទចម្រុះ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការ
បន្ទាយមានជ័យ៖ នាព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ គម្រោងការកសាងភូមិសន្តិភាព តាមរយៈការអភិវឌ្ឍសហគមន៍ជនបទចម្រុះ បានរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមណ្ឌលសុខភាពម៉ាឡៃ និងសមិទ្ធផលនានារបស់គម្រោង ក្រោមអធិបតីភាពលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និង លោក Kim Chang Yong ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។


កិច្ចចាប់ផ្ដើម លោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានឡើងធ្វើរបាយការណ៍ស្វាគមន៍ ដោយបានបញ្ជាក់ជូនអំពីស្ថានភាពភូមិសាស្ដ្រទូទៅ សភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈទាំងផ្ទៃក្នុងខេត្ត និងតាមបណ្តោយព្រំដែន និងការអភិវឌ្ឍលើគ្រប់វិស័យនៅទូទាំងខេត្ត។

លោកអភិបាលខេត្ត ក៏បានសម្ដែងការសាទរចំពោះសមិទ្ធផលថ្មីៗ ដែលសម្រេចបានតាមសហគមន៍ជនបទ ក្នុងទឹកដីនៃខេត្តបន្ទាយមានជ័យ ជាមួយនឹងការប្តេជ្ញាបន្តសហការយ៉ាងជិតស្និទ្ធជាមួយគ្រប់ភាគីពាក់ព័ន្ធ ក្នុងការថែរក្សា គ្រប់គ្រង និងប្រើប្រាស់សមិទ្ធផលទាំងនេះ ឱ្យមានប្រសិទ្ធភាព និងនិរន្តរភាព។

ជាមួយគ្នានោះ លោក ណម សារឿត តំណាងទីប្រឹក្សាគ្រប់គ្រងគម្រោង បានឡើងធ្វើរបាយការណ៍សង្ខេបស្តីពីលទ្ធផលនៃការអនុវត្តផែនការអភិវឌ្ឍន៍ភូមិសន្ដិភាពចំនួន ១២ភូមិ នៅក្នុងខេត្តបន្ទាយមានជ័យ រួមមាន ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ, ការបណ្ដុះបណ្ដាលពង្រឹងសមត្ថភាព, ការងារបង្កើនប្រាក់ចំណូល, ការងារលើកកម្ពស់សុខភាព អនាម័យ ព្រមទាំងការងារជំរុញអភិបាលកិច្ចល្អផងដែរ។

លោក Kim Chang Yong ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ប្រចាំនៅកម្ពុជា បានអញ្ជើញថ្លែងនូវចំណាប់អារម្មណ៍ ដោយបានបញ្ជាក់ជូនអំពីសារៈសំខាន់នៃការអនុវត្តគម្រោងការកសាងភូមិសន្តិភាព ក្នុងការចូលរួមចំណែកលើកកម្ពស់គុណភាព និងគុណតម្លៃជីវិតរបស់ប្រជាជននៅតំបន់ជនបទឱ្យកាន់តែប្រសើរឡើង។ បន្ថែមពីនេះ លោកឯកអគ្គរដ្ឋទូត ក៏បានបង្ហាញជំហរក្នុងការបន្តកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងបរិយាបន្ន ដើម្បីឱ្យប្រជាជន នៅក្នុងភូមិសន្តិភាពអាចរីករាយ នឹងគុណភាពជីវិតកាន់តែប្រសើរឡើង។
អញ្ជើញថ្លែងសុន្ទរកថាក្នុងពិធីសម្ពោធនោះ លោក ឆាយ ឫទ្ធិសែន បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការទទួលបាននូវសមិទ្ធផលនានាលើគ្រប់វិស័យ ទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ នៅទូទាំងខេត្តបន្ទាយមានជ័យ ជាពិសេសបានសម្តែងនូវអំណរសាទរចំពោះសមិទ្ធផលថ្មីនានាដែលសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាឱកាសនេះ។

លោករដ្ឋមន្ដ្រី បានជម្រាបជូនអំពីសមិទ្ធផល និងការរីកចម្រើនលើគ្រប់វិស័យរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី និងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នាពេលបច្ចុប្បន្ន។
លោករដ្ឋមន្ដ្រី ក៏បានបន្ដជម្រាបជូនអំពីយុទ្ធសាស្ដ្រ និងគោលដៅនៃគោលនយោបាយ ស្ដីពីការអភិវឌ្ឍជនបទឆ្នាំ២០២៥-២០៣៥ ក្នុងការសម្រេចឱ្យបាននូវចក្ខុវិស័យ “កសាងសង្គមជនបទកម្ពុជាឱ្យមានវិបុលភាព ប្រកបដោយបរិយាបន្ន សមធម៌ និងចីរភាព”។
លោករដ្ឋមន្ដ្រី បានមានប្រសាសន៍ថា ការអភិវឌ្ឍភូមិ និងសហគមន៍ជនបទចម្រុះប្រកបដោយភាពធន់ និងបរិយាបន្ននៅតំបន់ជនបទ គឺជាការងារអាទិភាពមួយរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងការគាំទ្រសកម្មភាពអភិវឌ្ឍន៍សហគមន៍ជនបទទូទៅ សហគមន៍ដីសម្បទានសង្គមកិច្ចគ្រប់ប្រភេទ និងសហគមន៍ជនជាតិដើមភាគតិចផងដែរ។

លោករដ្ឋមន្ដ្រី បានបញ្ជាក់បន្ថែមទៀតថា គម្រោងការកសាងភូមិសន្ដិភាពនេះ ពិតជាបានចូលរួមចំណែកយ៉ាងច្រើនក្នុងការលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាជននៅក្នុងភូមិគោលដៅ រួមទាំងការកសាងនូវហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើន ហើយពិធីសម្ពោធសមិទ្ធផលនាថ្ងៃនេះរួមមាន៖ មណ្ឌលសុខភាពទំហំ ១៥មx១៥ម, បង្គន់បរិយាបន្ន ៣បន្ទប់, កន្លែងលាងដៃ ១កន្លែង, ឡដុតសំរាមនិងកាកសំណល់វេជ្ជសាស្ដ្រ ១កន្លែង, ប្រព័ន្ធចម្រោះទឹកស្អាត ១កន្លែង, ផ្ដល់ធុងស្តុកទឹកចំណុះ ១០ ០០០លីត្រ ១ធុង, អណ្តូងស្នប់ ១កន្លែង, មជ្ឈមណ្ឌលសិក្សាសហគមន៍, ស្រះទឹកសហគមន៍, បណ្ណាល័យនិងទីចាត់ការ, ផ្លូវបេតុងអារម៉េ និងស្ថានីយផលិតទឹកពិសាប៊ីដុងចំណុះ ២០លីត្រផងដែរ។


មុននឹងបញ្ចប់ លោករដ្ឋមន្ដ្រី បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសសាធារណៈរដ្ឋកូរ៉េ នៅតែបន្តការចូលរួមយ៉ាងសកម្ម និងគាំទ្រដល់ការងារអភិវឌ្ឍន៍សហគមន៍ និងចលនាភូមិគំរូ ដើម្បីចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីរួមចំណែកជំរុញសម្រេចឱ្យបានជោគជ័យនូវចក្ខុវិស័យ “កម្ពុជាជាប្រទេសមានប្រាក់ចំណូលខ្ពស់ឆ្នាំ២០៥០”។
ជាចុងក្រោយ គណៈអធិបតី បានអញ្ជើញកាត់ខ្សែបូជានិមិត្តរូបសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារមណ្ឌលសុខភាព និងសមិទ្ធផលនានា ជាមួយនិងការអញ្ជើញទស្សនាស្ដង់ពិព័រណ៍កសិផល និងទស្សនាខាងក្នុងអគារមណ្ឌលសុខភាព ក្រោមបរិយាកាសសោមនស្សរីករាយជាទីបំផុត៕










