ឥណ្ឌាក្លាយជាប្រទេសអភិវឌ្ឍន៍ ឆ្នាំ២០៤៧

វាជាប្រការគួរឱ្យកោតសរសើរ ដែលរដ្ឋាភិបាលឥណ្ឌាបានកំណត់គោលដៅដ៏សំខាន់សម្រាប់ខ្លួន និងសម្រាប់ជាតិ គឺការប្រែក្លាយប្រទេសឥណ្ឌាឱ្យទៅជា «ប្រទេសអភិវឌ្ឍន៍» (Viksit Bharat) នៅត្រឹមឆ្នាំ ២០៤៧ ដែលជាខួបគម្រប់ ១០០ ឆ្នាំ នៃទិវាឯករាជ្យជាតិឥណ្ឌា។ ទោះបីជាមានការយល់ស្របជាទូទៅថា ពាក្យ «Viksit Bharat» សំដៅលើប្រទេសអភិវឌ្ឍន៍ក៏ដោយ ប៉ុន្តែសម្រាប់គោលបំណងគោលនយោបាយសាធារណៈ វាចាំបាច់ត្រូវបែងចែក និងវិភាគគោលគំនិតនេះឱ្យបានស៊ីជម្រៅ ដើម្បីស្វែងយល់អំពីវិសាលភាព និងខ្លឹមសារពិតប្រាកដនៃគោលដៅនេះ។ ខាងក្រោមនេះ គឺជាការប៉ាន់ប្រមាណ និងការវិភាគលើបញ្ហានេះ៖

ទំហំសេដ្ឋកិច្ច ១០ ទ្រីលានដុល្លារ៖ ទោះបីជាឥណ្ឌាអាចមានមោទនភាពចំពោះតំណែងជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេលំដាប់ទី ៤ នៅលើពិភពលោក ដោយផ្អែកលើផលិតផលក្នុងស្រុកសរុប (GDP) ក៏ដោយ ប៉ុន្តែការពិតជាក់ស្តែងបង្ហាញថា សម្រាប់ចំនួនប្រជាជនដែលកំពុងកើនឡើងជិតដល់ ១.៥ ពាន់លាននាក់ ទំហំ GDP បច្ចុប្បន្នប្រមាណ ៤.៥ ទ្រីលានដុល្លារ នៅតែមានកម្រិតទាបជាងស្តង់ដារដែលរំពឹងទុក។ ដូច្នេះ ប្រសិនបើឥណ្ឌាចង់ក្លាយជាប្រទេស «អភិវឌ្ឍន៍» ក្នុងន័យពិតប្រាកដ GDP ត្រូវតែមានកំណើនក្នុងទំហំដ៏សំខាន់ ដើម្បីឈានទៅសម្រេចបាននូវទំហំយ៉ាងហោចណាស់ ១០ ទ្រីលានដុល្លារ។ គោលដៅនេះអាចសម្រេចបានយ៉ាងពិតប្រាកដ ប្រសិនបើយើងអនុវត្តវិធានការគន្លឹះមួយចំនួន។ ទីមួយ ដោយសារប្រមាណ ៤០ ភាគរយនៃ GDP របស់យើងបានមកពីពាណិជ្ជកម្មបរទេស ដូច្នេះ ទំហំពាណិជ្ជកម្មអន្តរជាតិរបស់យើងត្រូវតែកើនឡើងទ្វេដង។ ដោយឡែក ចំណែកនៃការនាំចេញរបស់ឥណ្ឌានៅក្នុងពាណិជ្ជកម្មសកល ដែលបច្ចុប្បន្នមានប្រមាណ ២ ភាគរយ គួរតែត្រូវបានបង្កើនដល់ ១០ ភាគរយ។ ទីពីរ ការវិនិយោគផ្ទាល់ពីបរទេស (FDI) ដែលក្នុងឆ្នាំចុងក្រោយនេះមានទំហំតិចជាង ១០០ ពាន់លានដុល្លារបន្តិច ត្រូវតែត្រូវបានជំរុញឱ្យមានកំណើនកាន់តែខ្ពស់។ ដើម្បីឱ្យលក្ខខណ្ឌទាំងពីរខាងលើអាចសម្រេចទៅបាន រដ្ឋាភិបាលឥណ្ឌាត្រូវតែអនុវត្តការកែទម្រង់សេដ្ឋកិច្ចស៊ីជម្រៅលើវិស័យសំខាន់ៗ ដូចជា ដីធ្លី ពលកម្ម ថាមពលអគ្គិសនី កសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ និងការលុបបំបាត់ឧបសគ្គផ្នែកបទប្បញ្ញត្តិ។
កំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន៖ ទោះបីជាមិនមានការសង្ស័យថា GDP ត្រូវតែមានសន្ទុះកំណើនលឿនក៏ដោយ ប៉ុន្តែកត្តានេះតែមួយមិនទាន់គ្រប់គ្រាន់នោះទេ។ កំណើនសេដ្ឋកិច្ចត្រូវតែមានលក្ខណៈបរិយាបន្ន ពោលគឺផ្លែផ្កានៃកំណើនត្រូវតែជ្រួតជ្រាបទៅដល់ប្រជាជនក្រីក្រ និងប្រជាជនដែលងាយរងគ្រោះបំផុត ដែលស្ថិតនៅក្នុងស្រទាប់ទាបនៃសង្គម។ រដ្ឋាភិបាលបានបង្កើតគម្រោងប្រកបដោយប្រសិទ្ធភាពខ្ពស់ ដូចជា «កម្មវិធីសុខុមាលភាពប្រជាជនក្រីក្ររបស់នាយករដ្ឋមន្ត្រី» (Pradhan Mantri Garib Kalyan Yojana) ជាដើម។ ប៉ុន្តែ បន្ថែមលើនេះ ការបង្កើតការងារសម្រាប់យុវជនត្រូវតែប្រែក្លាយជាបេសកកម្មជាតិសម្រាប់ទាំងរដ្ឋាភិបាលថ្នាក់ជាតិ និងរដ្ឋាភិបាលថ្នាក់ក្រោមជាតិ។ ដោយសាររដ្ឋាភិបាល ឬសូម្បីតែវិស័យផ្លូវការ មិនអាចផ្តល់ការងារបានទាំងអស់តាមតម្រូវការនោះទេ វាមានសារៈសំខាន់ជាសារវន្តក្នុងការបង្កើតប្រព័ន្ធអេកូឡូស៊ីដែលជួយឱ្យយុវជនក្លាយជាសហគ្រិន និងជាអ្នកបង្កើតការងារ ជាជាងគ្រាន់តែជាអ្នកស្វែងរកការងារ។ កម្រិតនៃវិសមភាពសេដ្ឋកិច្ចនាពេលបច្ចុប្បន្នមិនអាចទ្រទ្រង់បានឡើយ ហើយកិច្ចខិតខំប្រឹងប្រែងត្រូវតែធ្វើឡើង ដើម្បីធ្វើឱ្យសង្គមមានសមភាពកាន់តែប្រសើរឡើង។
ការអភិវឌ្ឍជំនាញ៖ វាត្រូវបានទទួលស្គាល់យ៉ាងច្បាស់ថា ប្រព័ន្ធអប់រំរបស់យើងពឹងផ្អែកយ៉ាងខ្លាំងលើការទន្ទេញចាំ ហើយបានផលិតនិស្សិតបញ្ចប់ការសិក្សារាប់ពាន់នាក់ជារៀងរាល់ឆ្នាំ ដែលអាចនៅមិនទាន់មានសមត្ថភាពឆ្លើយតបភ្លាមៗទៅនឹងតម្រូវការនៃទីផ្សារការងារ។ ក្នុងបរិបទនេះ ការបណ្តុះបណ្តាលជំនាញ និងការលើកកម្ពស់ជំនាញឡើងវិញ (Skilling and Re-skilling) សម្រាប់និស្សិតបញ្ចប់ការសិក្សា គឺជាកត្តាគន្លឹះ។ ការបណ្តុះបណ្តាលវិជ្ជាជីវៈ កិច្ចសហប្រតិបត្តិការរវាងវិស័យឧស្សាហកម្ម និងគ្រឹះស្ថានឧត្តមសិក្សា ព្រមទាំងការផ្ទេរជំនាញបច្ចេកវិទ្យា រួមទាំងបញ្ញាសិប្បនិម្មិត (AI) ដល់និស្សិត ត្រូវតែទទួលបានអាទិភាពក្នុងកម្រិតបេសកកម្មជាតិ។ ការចំណាយលើវិស័យអប់រំទាំងក្នុងវិស័យសាធារណៈ និងឯកជន ត្រូវតែមានការកើនឡើងយ៉ាងឆាប់រហ័ស ជាពិសេសនៅក្នុងរដ្ឋទាំងឡាយណាដែលនៅមានកម្រិតទាបជាងមធ្យមភាគថ្នាក់ជាតិ។ ស្របគ្នានេះដែរ ការស្រាវជ្រាវ និងការអភិវឌ្ឍ (R&D) ត្រូវតែទទួលបានការយកចិត្តទុកដាក់ជាអាទិភាពនៅក្នុងគ្រឹះស្ថានពាក់ព័ន្ធទាំងអស់។ វាជាការពិតដែលថា ចំនួនប្រជាជនជិត ១.៥ ពាន់លាននាក់ អាចជាភាគលាភប្រជាសាស្ត្រ (Demographic Dividend) សម្រាប់ឥណ្ឌា។ ប៉ុន្តែ ប្រការនេះអាចសម្រេចទៅបាន លុះត្រាតែប្រជាជនទាំងនោះមានជំនាញគ្រប់គ្រាន់ ដើម្បីប្រឈមមុខនឹងការប្រកួតប្រជែងក្នុងសេដ្ឋកិច្ចផ្អែកលើចំណេះដឹង។
សុខាភិបាល៖ ប្រព័ន្ធសុខាភិបាលរបស់ប្រទេសឥណ្ឌាកំពុងឆ្លងកាត់ការផ្លាស់ប្តូរយ៉ាងស្វាហាប់ ដោយសារការធ្វើបរិវត្តកម្មឌីជីថល និងការពង្រីកហេដ្ឋារចនាសម្ព័ន្ធ។ ប៉ុន្តែ បញ្ហាប្រឈមនៅតែបន្តកើតមាន ដោយសារការកើនឡើងនៃថ្លៃសេវាព្យាបាល និងបន្ទុកជំងឺរ៉ាំរ៉ៃដែលកាន់តែច្រើនឡើង។ រដ្ឋាភិបាលបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង តាមរយៈគំនិតផ្តួចផ្តើមសំខាន់ៗ ដូចជា «កម្មវិធីឥណ្ឌាសុខភាពល្អ» (Ayushman Bharat) និង «មណ្ឌលសុខភាព និងសុខុមាលភាព» (Ayushman Arogya Mandir) ដែលបានរួមចំណែកយ៉ាងធំធេងក្នុងការពង្រីកការផ្តល់សេវាថែទាំសុខភាពនៅទូទាំងប្រទេស។ ចំនួនកៅអីសិក្សានៅមហាវិទ្យាល័យវេជ្ជសាស្ត្រត្រូវបានកើនឡើងលើសពីទ្វេដងចាប់តាំងពីឆ្នាំ ២០១៤ មក ក្នុងគោលបំណងកាត់បន្ថយគម្លាតរវាងគ្រូពេទ្យ និងអ្នកជំងឺ។ កិច្ចខិតខំប្រឹងប្រែងប្រកបដោយជោគជ័យក៏ត្រូវបានធ្វើឡើងផងដែរ ដើម្បីជំរុញឱ្យឥណ្ឌាក្លាយជាមជ្ឈមណ្ឌលសកលសម្រាប់ទេសចរណ៍វេជ្ជសាស្ត្រ។ ទោះបីជាមានសមិទ្ធផលទាំងនេះក៏ដោយ បញ្ហាប្រឈមធ្ងន់ធ្ងរនៅតែបន្តមាន។ ការចំណាយសាធារណៈលើវិស័យសុខាភិបាលនៅតែមានកម្រិតទាបជាងការរំពឹងទុក។ ឥណ្ឌាក៏ប្រឈមនឹងហានិភ័យនៃការក្លាយជា «រាជធានីសកល» នៃជំងឺបេះដូង និងជំងឺទឹកនោមផ្អែមផងដែរ។ ហេតុនេះ ឥណ្ឌាចាំបាច់ត្រូវបន្តការធ្វើបរិវត្តកម្មទ្រង់ទ្រាយធំលើហេដ្ឋារចនាសម្ព័ន្ធសុខាភិបាលសាធារណៈ ដើម្បីធានាឱ្យបាននូវភាពងាយស្រួលក្នុងការទទួលបានសេវា តម្លៃសមរម្យ និងគុណភាពខ្ពស់សម្រាប់ប្រជាជនភាគច្រើន។ «បេសកកម្មសុខភាពជាតិ» (National Health Mission) កំពុងបំពេញភារកិច្ចយ៉ាងប្រពៃ ហើយកម្មវិធីនេះគ្រាន់តែត្រូវការការរៀបចំ និងពង្រឹងឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាពបន្ថែមទៀតប៉ុណ្ណោះ។
ការអភិវឌ្ឍប្រកបដោយចីរភាព៖ ឥណ្ឌាមិនត្រូវធ្វើត្រាប់តាមគន្លងអភិវឌ្ឍន៍របស់ប្រទេសឧស្សាហកម្មជឿនលឿន ដែលបានដើរតាមផ្លូវអភិវឌ្ឍន៍ដែលមានការបញ្ចេញកាបូនខ្ពស់ ហើយសូម្បីតែរហូតមកដល់បច្ចុប្បន្ន ក៏នៅតែប្រើប្រាស់ធ្យូងថ្មក្នុងបរិមាណច្រើនជាងបណ្តាប្រទេសដទៃទៀតនៅលើពិភពលោកបូកបញ្ចូលគ្នានោះឡើយ។ ឥណ្ឌាគឺជាប្រទេសដែលមានសេដ្ឋកិច្ចធំតែមួយគត់នាពេលបច្ចុប្បន្ន ដែលមានលទ្ធភាពដើរតាមមាគ៌ាអភិវឌ្ឍន៍ដែលបញ្ចេញកាបូនក្នុងកម្រិតទាប ដើម្បីឈានទៅសម្រេចបាននូវសេដ្ឋកិច្ចដែលមានប្រាក់ចំណូលខ្ពស់ ដោយផ្អែកលើការអភិវឌ្ឍប្រកបដោយចីរភាព។ ឥណ្ឌាត្រូវតែអនុវត្តប្រការនេះ មិនមែនគ្រាន់តែដោយសារតែពិភពលោកត្រូវការនោះទេ ប៉ុន្តែដោយសារតែប្រជាជននៃប្រទេសនេះសក្តិសមនឹងទទួលបានវា ក្នុងន័យជាសិទ្ធិជាមូលដ្ឋាន។
សេចក្តីសន្និដ្ឋាន៖ ឥណ្ឌាពិតជាមានជំហរយ៉ាងរឹងមាំក្នុងការឈានទៅសម្រេចបាននូវ «Viksit Bharat – ឥណ្ឌាក្លាយជាប្រទេសអភិវឌ្ឍន៍» នៅត្រឹមឆ្នាំ ២០៤៧។ ប៉ុន្តែ ប្រទេសឥណ្ឌាចាំបាច់ត្រូវអនុវត្តការងារក្នុងកម្រិតបេសកកម្មជាតិ និងប្រើប្រាស់អភិក្រម «រដ្ឋាភិបាលទាំងមូល» (Whole-of-Government Approach) ដើម្បីធានាថា គ្រប់វិធានការទាំងអស់ត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព និងស៊ីសង្វាក់គ្នា ក្នុងកិច្ចខិតខំប្រឹងប្រែងថ្នាក់ជាតិនេះ។ ផ្អែកលើការវាយតម្លៃទាំងអស់ ពេលវេលា ២០ ឆ្នាំខាងមុខ នឹងក្លាយជាកាលានុវត្តភាពដ៏សំខាន់បំផុតមួយនៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសឥណ្ឌា៕
បណ្ឌិត ម៉ូហាន កុមារ (Dr. Mohan Kumar) អតីតឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំសាធារណរដ្ឋបារាំង ហើយបច្ចុប្បន្នជាប្រធានមហាវិទ្យាល័យ និងជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យ O.P. Jindal Global University។ រាល់ទស្សនៈដែលបានបញ្ចេញគឺជាទស្សនៈផ្ទាល់ខ្លួន។








