Feature

គ.ជ.ប រៀបចំការប្រឡងជ្រើសរើស មន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លី បម្រើការងារនៅ លេខាធិ​ការដ្ឋាន​រៀប​ចំការ​បោះឆ្នោតខេត្ត​កំពង់ចាម​

ភ្នំពេញ៖ លោក សោម សូរីដា សមាជិក គ.ជ.ប នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញចុះសម្របសម្រួល និងត្រួតពិនិត្យការប្រឡង ជ្រើសរើសមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លី ដើម្បីបម្រើការងារ នៅលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ត​កំពង់​ចាម​ (ល.ខ.ប) សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦។

ក្នុងឱកាសនោះ លោក សោម សូរីដា បានចុះពិនិត្យដំណើរការរៀបចំការប្រឡង ព្រមទាំងសម្របសម្រួលជាមួយគណៈកម្មការ និងក្រុមការងារពាក់ព័ន្ធ ដើម្បីធានាឱ្យការប្រឡងប្រព្រឹត្តទៅ ដោយរលូន ត្រឹមត្រូវ តម្លាភាព និងស្របតាមគោលការណ៍ និងនីតិវិធីដែល គ.ជ.ប បានកំណត់។

មុនពេលចាប់ផ្តើមការប្រឡង លោក សោម សូរីដា បានមានប្រសាសន៍ណែនាំ ដល់បេក្ខជនទាំងអស់ ឱ្យយកចិត្តទុកដាក់ក្នុងការប្រឡង និងគោរពតាមបទប្បញ្ញត្តិ និងនីតិវិធីដែលបានកំណត់។ លោកបានបញ្ជាក់ថា ការប្រឡងនេះមិនត្រឹមតែជាការជ្រើសរើសបេក្ខជន សម្រាប់បំពេញមុខតំណែងការងារប៉ុណ្ណោះទេ ប៉ុន្តែជាផ្នែកមួយនៃការពង្រឹងធនធានមនុស្ស របស់ គ.ជ.ប ដើម្បីចូលរួមបំពេញការងារពាក់ព័ន្ធនឹងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦។

លោកបានបន្តថា ការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យា រយៈពេលខ្លី ត្រូវអនុវត្តដោយផ្អែកលើ គោលការណ៍សមត្ថភាព បទពិសោធន៍ តម្លាភាព និងសមភាព ដើម្បីធានាថា បេក្ខជនដែលមានសមត្ថភាព និងលក្ខណៈសម្បត្តិសមស្រប ត្រូវបានជ្រើសរើសឱ្យបំពេញការងារ ប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវ។

ដំណើរការប្រឡង និងការវាយតម្លៃបេក្ខជន ត្រូវបានរៀបចំតាមដំណាក់កាល និងផ្អែកលើលក្ខខណ្ឌដែល គ.ជ.ប បានកំណត់ សម្រាប់មុខតំណែងនីមួយៗ ដើម្បីធានាឱ្យការជ្រើសរើសប្រព្រឹត្តទៅ ដោយតម្លាភាព ត្រឹមត្រូវ ស្មើភាព និងមានប្រសិទ្ធភាព ព្រមទាំងអាចជ្រើសរើសបាននូវបេក្ខជនដែលមានសមត្ថភាពសមស្រប ទៅនឹង​មុខ​តំណែង​  និង​តម្រូវការការងារ។

សម្រាប់ការជ្រើសរើស មន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លី ដើម្បីបម្រើការងារនៅ ល.ខ.ប ខេត្ត​កំពង់ចាម​ បេក្ខជនត្រូវប្រឡងប្រជែង សម្រាប់មុខតំណែងចំនួន២៦ រូប លើបេក្ខជនសរុបចំនួន ៤៤នាក់ រួមមាន៖

– គ្រូបង្ហាត់​ទ្រឹស្ដី​ ចំនួន​ ១៧ រូប

-​ គ្រូ​បង្ហាត់​កុំព្យូទ័រ​ ចំនួន​ ១៤​ រូប​

– លេខាធិការ ចំនួន ១ រូប

– ការីកុំព្យូទ័រ ចំនួន ៣ រូប

– ជំនួយការរដ្ឋបាល ចំនួន​ ៣  រូប

– ជំនួយការគណនេយ្យ ចំនួន ៣ រូប

– ជំនួយការសេវាកម្មច្បាប់ និងវិវាទកម្ម ចំនួន១ រូប

-​ អ្នក​បេីកបរ​រថយន្ត​ ចំនួន​ ២​ រូប​។

ការរៀបចំការប្រឡងជ្រើសរើស មន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លីនេះ គឺជាផ្នែកមួយនៃការត្រៀមលក្ខណៈ និងពង្រឹងធនធានមនុស្សរបស់ គ.ជ.ប ដើម្បីបំពេញការងារពាក់ព័ន្ធនឹងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ ឱ្យប្រព្រឹត្តទៅដោយរលូន ប្រសិទ្ធភាព តម្លាភាព និងស្របតាមច្បាប់ និងនីតិវិធីដែលបានកំណត់។

ជាចុងក្រោយ លោក សោម សូរីដា បានអំពាវនាវជូនប្រជាពលរដ្ឋខ្មែរទាំងអស់ សូមអញ្ជើញទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ ឱ្យបានគ្រប់ៗគ្នា ដើម្បីធានាថា ខ្លួនមានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងអាចប្រើប្រាស់សិទ្ធិបោះឆ្នោតរបស់ខ្លួនស្របតាមច្បាប់៕

To Top