អាមេរិក គំរាមទម្លាក់គ្រាប់បែកលើ» ប្រទេសអូម៉ង់ ប្រសិនបើអូម៉ង់សម្រេចបានកិច្ចព្រមព្រៀងដាច់ដោយឡែកមួយជាមួយអ៊ីរ៉ង់លើការគ្រប់គ្រងច្រកសមុទ្រហ័រមូស

បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមថានឹង «ទម្លាក់គ្រាប់បែកលើ» ប្រទេសអូម៉ង់ ប្រសិនបើអូម៉ង់សម្រេចបានកិច្ចព្រមព្រៀងដាច់ដោយឡែកមួយជាមួយអ៊ីរ៉ង់លើការគ្រប់គ្រងច្រកសមុទ្រហ័រមូស ទោះបីជាអូម៉ង់មានតួនាទីសំខាន់ជាអ្នកសម្របសម្រួលរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ក៏ដោយ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ថា បន្ថែមពីលើការសម្របសម្រួលការចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ អ្នកចរចាអូម៉ង់បានធ្វើការចរចាស្របគ្នាជាមួយទីក្រុងតេអេរ៉ង់ ដែលមានគោលបំណងបង្កើតផ្លូវសុវត្ថិភាពសម្រាប់ការដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រហ័រមូស។ អ៊ីរ៉ង់ត្រូវបានគេរាយការណ៍ថា ចង់យកថ្លៃសម្រាប់ការឆ្លងកាត់ច្រកសមុទ្រដោយសុវត្ថិភាពបន្ទាប់ពីរយៈពេលបណ្តោះអាសន្ន ហើយអ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក អ៊ីស្មាអ៊ីល បាហ្គេអ៊ី បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃចន្ទថា អ៊ីរ៉ង់បានឈានដល់ «ការយោគយល់» ជាមួយអូម៉ង់លើបញ្ហានេះ។
សហរដ្ឋអាមេរិកបដិសេធកិច្ចព្រមព្រៀងណាមួយដែលនឹងពាក់ព័ន្ធនឹងការប្រមូលពន្ធលើអ៊ីរ៉ង់ ហើយទីក្រុងវ៉ាស៊ីនតោនបានបង្ហាញសញ្ញាថា ខ្លួននឹងមិនដកការបិទផ្លូវរបស់ខ្លួនលើកំពង់ផែអ៊ីរ៉ង់ទេ លុះត្រាតែទីក្រុងតេអេរ៉ង់បោះបង់ចោលការទាមទារនេះ។ ថ្លែងនៅទីក្រុងញូវយ៉កកាលពីថ្ងៃសុក្រ លោក ត្រាំ បានអះអាងថា សាធារណរដ្ឋអ៊ីស្លាម «ត្រូវចាញ់យ៉ាងធ្ងន់ធ្ងរ» ហើយថា លោកនឹង «ប្រកាសច្រកសមុទ្រហ័រមូសជាទឹកដីរបស់សហរដ្ឋអាមេរិក» ក្នុងពេលឆាប់ៗនេះ។
អនុស្សរណៈនៃការយោគយល់គ្នាដែលចុះហត្ថលេខាដោយសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ក្នុងខែមិថុនាបានកំណត់ពេល ៦០ ថ្ងៃដើម្បីបញ្ចប់ជម្លោះ និងបើកច្រកសមុទ្រឡើងវិញ។ អនុស្សរណៈនេះបានផុតកំណត់ដោយគ្មានកិច្ចព្រមព្រៀង ហើយភាគីទាំងពីរគំរាមកំហែងធ្វើឱ្យស្ថានការណ៍កាន់តែតានតឹងនៅថ្ងៃចន្ទ។
ប្រែសម្រួលៈ ណៃ តុលា








