ព័ត៌មានជាតិ

សម្តេចធិបតី៖ អ្នកខ្លះជក់រឿង Like, Shares ភ្លេចរឿងជួយមនុស្ស កំពុងជួបគ្រោះថ្នាក់ចរាចរណ៍

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា អ្នកខ្លះជក់រឿង Like, Shares ពេក តែភ្លេចរឿងជួយមនុស្សកំពុងជួបគ្រោះថ្នាក់ចរាចរណ៍។

ការលើកឡើងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាឱកាសអញ្ជើញជាអធិបតីសំណេះសំណាលជាមួយអាចារ្យ អាចារិនី ទូទាំងប្រទេសលើកទី១១ នាថ្ងៃពុធ ទី១៩ ខែសីហា ឆ្នាំ២០២៦ នៅវិទ្យាស្ថានជាតិអប់រំ។

សម្ដេចធិបតី មានប្រសាសន៍ថា ««អ្នកខ្លះជក់តែរឿង Like, Shares ពេក ឃើញគេដួលម៉ូតូ អត់រត់ទៅជួយទេ។ បងប្អូនជួយផង មានការដួលម៉ូតូមួយ តែថតនៅហ្នឹង អារម្មណ៍គាត់ផ្ដោចទៅលើ Like, Shares តែខ្លួនឯងអាចជួយបាន»។

សម្ដេច នាយករដ្ឋមន្ដ្រី បន្ដថា យើងមិនអាចទប់នូវការអភិវឌ្ឍជឿនលឿនបាននោះទេ ប៉ុន្ដែអ្វីដែលយើងអាចទប់ និងជួយទប់បាន គឺការកែប្រែនូវអត្តចរិត និងឥរិយាបថមនុស្សនៅក្នុងការប្រើប្រាស់សម្ភារនិយម។

សម្ដេច បន្ថែមថា ផេកមាន ១លានផេក កុនមាន ១លានកុន ហ្វេសប៊ុកមាន ១លានហ្វេសប៊ុក តើយើងអាចផ្សាយខ្លូនឯងនៅពេលណា? តើយើងចង់បានអ្វី? ដើម្បីត្រឹមតែចង់បានការមើលទេ? គឺយើងត្រូវប្ដេជ្ញាចិត្តមិនធ្វើសកម្មភាពខុស ដើម្បីគ្រាន់តែចង់បានការមើលច្រើន ហើយបាត់បង់សីធម៌ក្នុងសង្គមនោះទេ៕

To Top