សម្តេចធិបតី ៖ អាចារ្យ អាចារិនីចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលរក្សាព្រះពុទ្ធសាសនា

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាមានប្រសាសន៍ថា អាចារ្យ អាចារិនីបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការថែរក្សាវិស័យព្រះពុទ្ធសាសនានៅកម្ពុជាឱ្យមានភាពល្អផូផង់ ។
ក្នុងពិធីសំណេះសំណាលជាមួយអាចារ្យ អាចារិនី លើកទី១១ នៅវិទ្យាស្ថានជាតិអប់រំ នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ សម្តេចធិបតី មានប្រសាសន៍ថា អាចារ្យ អាចារិនី ត្រូវបន្តបេសកកម្មដោយរក្សាសេចក្តីថ្លៃថ្នូក្នុងសង្គម ដើម្បីចូលរួមថែរក្សាសង្គមឱ្យមានការរីកចម្រើនប្រកបដោយសុខដុមរមនីយកម្ម។
សម្តេចធិបតីមានប្រសាសន៍បន្តថា “ខ្ញុំសម្តែងការកោតសរសើរ និងថ្លែងអំណរគុណចំពោះអាចារ្យ អាចារិនី ទាំងអស់នៅទូទាំងប្រទេសដែលបានចូលរួមជាមួយរាជរដ្ឋាភិបាល នៅក្នុងការលើកកម្ពស់វិស័យព្រះពុទ្ធសាសនានៅកម្ពុជា ព្រមទាំងប្រឹងប្រែងថែរក្សាប្រពៃណីទំនៀមទំលាប់ និងវប្បធម៌ដ៏ល្អផូផង់របស់ជាតិខ្មែរយើង”។
ជាមួយគ្នានេះ សម្តេចធិបតីមានប្រសាសន៍បន្ថែមថា ក្រុមអាចារ្យ អាចារិនី ក៏មានតួនាទីសំខាន់រក្សាទំនៀមទំលាប់ប្រពៃណី ព្រោះម្ចាស់កម្មវិធីដែលមានគម្រោងរៀបចំអ្វីមួយមានការជឿជាក់លើអាចារ្យ អាចារិនី ជានិច្ច ។ បន្ថែមពីលើនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ទៀតថា ពិធីរៀបចំមង្គលការខ្មែរមានការប្រែប្រួលទៅតាមស្ថានភាពសង្គមជាក់ស្តែង។ ដូច្នេះត្រូវតែទទួលស្គាល់ទៅតាមការប្រែប្រួលពេលវេលាតាមសម័យកាលនីមួយៗ ប៉ុន្ដែត្រូវមានក្រឹត្យក្រមច្បាស់លាស់កុំឱ្យបាត់អត្តសញ្ញាណរបស់ខ្មែរ ។ ដូច្នេះ អាចារ្យ អាចារិនី បើសិនជាចង់កាត់ពិធីសាសនា ឬពិធីនៅក្នុងមង្គលការណាមួយ គឺត្រូវមានការឯកភាពគ្នាឱ្យបានត្រឹមត្រូវ៕

















