ព័ត៌មានអន្តរជាតិ

លោក ដូណាល់​ ត្រាំ គំរាមធ្វេីសង្គ្រាមសេដ្ឋកិច្ចទ្រង់ទ្រាយធំ​ បេីអ៊ីរ៉ង់​ បរាជ័យក្នុងការធ្វើកិច្ចព្រមព្រៀង

វ៉ាស៊ីនតោន៖​ ប្រធានាធិបតីអាមេរិក លោក ដូណាល់​ ត្រាំ​ បានប្រកាសអំពីអ្វីដែលលោកបានពិពណ៌នាថាជា “ប្រតិបត្តិការសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរបំផុតដែលមិនធ្លាប់មានប្រឆាំងនឹងប្រទេសណាមួយ”។

លោក ដូណាល់​ ត្រាំ បានបង្ហោះនៅលើបណ្ដាញ​ Truth Social របស់លោកថា “នេះនឹងជាសង្គ្រាមសេដ្ឋកិច្ច និងការឯកោក្នុងទ្រង់ទ្រាយធំដែលមិនធ្លាប់មានពីមុនមក” ដោយចោទប្រកាន់អ៊ីរ៉ង់ថាបរាជ័យក្នុងការឆ្លៀតឱកាស​ ដើម្បីធ្វើកិច្ចព្រមព្រៀង។

លោកបានលេីកឡេីងថា “កងទ័ពជើងទឹករបស់ពួកគេបានបាត់ទៅហើយ កងទ័ពអាកាសរបស់ពួកគេត្រូវបានបំផ្លាញ រោងចក្រយោធារបស់ពួកគេឥឡូវនេះត្រូវបានកម្ទេចចោល រូបិយប័ណ្ណរបស់ពួកគេគ្មានតម្លៃ ហើយប្រទេសរបស់ពួកគេកំពុងព្យួរដោយខ្សែស្រឡាយ”។

លោកបានបន្ថែមថា “ថ្ងៃនេះ ខ្ញុំក៏កំពុងប្រកាសផងដែរថា ប្រទេសណាមួយដែលអនុញ្ញាតឱ្យស្ថាប័នហិរញ្ញវត្ថុ អាជីវកម្ម អាកាសយានដ្ឋាន ឬអង្គភាពរដ្ឋាភិបាលរបស់ខ្លួនផ្តល់ខ្សែជីវិតគ្រប់ប្រភេទដល់អ៊ីរ៉ង់ នឹងប្រឈមមុខនឹងផលវិបាកសេដ្ឋកិច្ចដ៏ធំធេង”។

ដោយអះអាងថា នេះនឹងជា «ទិវាសេដ្ឋកិច្ច D-DAY» លោកបានជំរុញឱ្យសម្ព័ន្ធមិត្តឈរជាមួយសហរដ្ឋអាមេរិក ដើម្បី «បំបែក​ និងលុបបំបាត់ការគំរាមកំហែងរបស់អ៊ីរ៉ង់»។

សហរដ្ឋអាមេរិក និងអ៊ីរ៉ង់​ នៅតែមានភាពមិនចុះសម្រុងគ្នា លើច្រកសមុទ្រហ័រមូស និងលក្ខខណ្ឌ​ សម្រាប់ការបញ្ចប់ជម្លោះ ដោយអនាគត នៃការចរចាមិនប្រាកដប្រជា បន្ទាប់ពីរយៈពេលចរចា ៦០ថ្ងៃដែលកំណត់ក្រោមអនុស្សរណៈ នៃការយោគយល់គ្នាបានបញ្ចប់នៅថ្ងៃចន្ទ៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top