Feature

នាវាល្បាតអង់គ្លេស ចូលចតនៅមូលដ្ឋាន សមុទ្ររាម រយៈពេល៨ថ្ងៃ បញ្ជាក់ពីការប្ដេជ្ញាចិត្ត របស់កម្ពុជា ក្នុងការបើកចំហ និងពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយដៃគូអន្តរជាតិ

ព្រះសីហនុ៖ នាវាល្បាតរបស់អង់គ្លេស HMS Tamar នៅព្រឹកថ្ងៃទី២០​ ខែសីហា ឆ្នាំ២០២៦នេះ បានចូលសំចតនៅ​មូល​ដ្ឋាន​សមុទ្ររាម​រយៈ​​ពេល៨ថ្ងៃ ដោយចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦នេះ ដើម្បីពង្រឹង​កិច្ច​ស​ហប្រ​តិ​បត្តិការជាមួយកងទ័ពជើងទឹកកម្ពុជា ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ ស្ថានទូតអង់គ្លេសប្រចាំកម្ពុជា បានឱ្យដឹងថា វត្តមានរបស់ នាវា HMS Tamar ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការបើកចំហនិងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិ ព្រមទាំងបង្កើតឱកាសថ្មីៗសម្រាប់កិច្ចសហប្រតិបត្តិការជាក់ស្ដែងរវាងកងទ័ពជើងទឹកព្រីតថេន និងកងយោធពលខេមរភូមិន្ទ។

ស្ថានទូតបញ្ជាក់បន្ថែមថា «ដំណើរទស្សនកិច្ចនេះក៏ទទួលស្គាល់សិទ្ធិ អធិបតេយ្យភាពរបស់កម្ពុជា ក្នុងការបន្តទំនាក់ទំនងការពារជាតិចម្រុះនិងមាន តុល្យភាពជាមួយដៃគូនៅទូទាំងតំបន់ និងលើសពីនេះ»។

សូមរំលឹកថា នាវាHMS Tamar បច្ចុប្បន្នជាប្រភេទ នាវាតល្បាតសមុទ្រ នៃកងទ័ពជើងទឹកភូមិន្ទអង់គ្លេស ដោយ​មាន​ប្រវែងជាង៩០ម៉ែត្រ ទទឹងជាង១៣ម៉ែត្រ ជម្រៅទឹកជាង៤ម៉ែត្រ មានទម្ងន់ទំហំផ្លាស់ ទីប្រមាណពីរពាន់តោន ដោយ​មានល្បឿនប្រមាណ៤៦គីឡូម៉ែត្រក្នុងមួយម៉ោង ក្រុមនាវិកប្រមាណ៥៨ ទៅ៦០នាក់ និងអា​ចផ្ទុកទា​ហាន​បន្ថែម​បាន៥០នាក់ថែមទៀតផងដែរ៕

To Top