
ភ្នំពេញ ៖ លោក ប៉ែន បូណា អ្នកនាំពាក្យ រាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា ពិភពលោកមិននៅស្ងៀមឡើយ ចំពោះការឈ្លានពានកាន់កាប់ទឹកដីកម្ពុជា ដោយខុសច្បាប់ពីសំណាក់កងកម្លាំងថៃ និងការបំពានសិទ្ធិជនភៀសសឹកកម្ពុជា ។
ក្នុងសេចក្តីថ្លែងការណ៍ ស្តីពី ស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា សំឡេងការពិតពីព្រំដែនកម្ពុជា-ថៃ ដែលបង្ហាញពីការកាន់កាប់ទឹកដីកម្ពុជា ដោយបំពានច្បាប់អន្តរជាតិ ពីសំណាក់កងកម្លាំងថៃ បានលាន់លឺជាបន្តបន្ទាប់ឥតដាច់ពីបណ្តាញផ្សព្វផ្សាយព័ត៌មានអន្តរជាតិល្បីៗ ពីសហគមន៍អ្នកស្រឡាញ់សន្តិភាព អ្នកការពារប្រជាជាតិដែលរងការបំពាន និងអ្នកគោរពច្បាប់អន្តរជាតិ ស្របគ្នាជាមួយការងារការទូតយ៉ាងសកម្ម របស់រាជរដ្ឋាភិបាល ដើម្បីការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី និងប្រជាជន ។
អ្នកនាំពាក្យបញ្ជាក់ថា “ដូច្នេះ ពិភពលោកមិននៅស្ងៀមឡើយ ចំពោះការឈ្លានពានកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ពីសំណាក់កងកម្លាំងថៃ និងការបំពានសិទ្ធិជនភៀសសឹកកម្ពុជា”។

អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានចាត់ទុកការការពារអធិបតេយ្យភាព បូរណភាពទឹកដី និងប្រជាជន ជាអាទិភាពខ្ពស់បំផុត ។ ក្នុងន័យនេះ រាជរដ្ឋាភិបាល បាននិងកំពុងធ្វើការងារការទូតយ៉ាងសកម្ម ដើម្បីជំរុញឱ្យមានដំណោះស្រាយបញ្ហាព្រំដែន ជាមួយប្រទេសថៃ ឱ្យបានឆាប់តាមមធ្យោបាយសន្តិវិធីដោយផ្អែកលើអនុសញ្ញា សន្ធិសញ្ញា និងច្បាប់អន្តរជាតិ តាមរយៈយន្តការនិងកិច្ចព្រមព្រៀងនានា ដែលមានស្រាប់៕








