កោះតៃវ៉ាន់ ស្នើឱ្យបង្កើនថវិកា សម្រាប់ការពារជាតិឱ្យដល់ ៣១,៤១ពាន់លានដុល្លារជាលើកដំបូង ដើម្បីទប់ទល់នឹងប្រទេសចិន

បរទេស៖ រដ្ឋាភិបាលកោះតៃវ៉ាន់ នៅថ្ងៃព្រហស្បតិ៍បានស្នើឱ្យមានការបង្កើន ១៨% នៃការចំណាយលើ វិស័យការពារជាតិសម្រាប់ឆ្នាំក្រោយ រួមទាំងសម្រាប់យន្តហោះគ្មានមនុស្សបើក និងមីស៊ីល ដែលធ្វើឱ្យវាលើសពី ៣១,៤១ ពាន់លានដុល្លារ ជាលើកដំបូង ខណៈដែលទីក្រុងតៃប៉ិពង្រឹងយោធារបស់ខ្លួនដើម្បីទប់ទល់នឹងប្រទេសចិន។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ថា ព័ត៌មានលម្អិតអំពីថវិកានេះ បានកើតឡើងនៅពេលដែលទីក្រុងប៉េកាំង ដែលចាត់ទុកកោះតៃវ៉ាន់ដែលគ្រប់គ្រង តាមបែបប្រជាធិបតេយ្យថា ជាទឹកដីរបស់ខ្លួន បានបង្កើនសម្ពាធយោធា និងនយោបាយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដើម្បីអះអាងពីការទាមទាររបស់ខ្លួន ដែលទីក្រុងតៃប៉ិបដិសេធយ៉ាងខ្លាំង។
កោះតៃវ៉ាន់ក៏ប្រឈមមុខនឹងការអំពាវនាវពីទីក្រុងវ៉ាស៊ីនតោន ឱ្យចំណាយបន្ថែមលើវិស័យការពារជាតិរបស់ខ្លួន ដែលឆ្លុះបញ្ចាំងពីសម្ពាធរបស់សហរដ្ឋអាមេរិកលើអឺរ៉ុប ដែលជាអ្វីដែលប្រធានាធិបតី Lai Ching-te បានទទួលយកដោយរីករាយ។
រដ្ឋាភិបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីដើម្បីអនុម័តថវិកាទូទៅឆ្នាំ ២០២៧ ថា ការចំណាយលើវិស័យការពារជាតិនៅឆ្នាំ ២០២៧ នឹងឈានដល់ ១,១២២៥ ពាន់ពាន់លានដុល្លារតៃវ៉ាន់ ដែលលើសពី ៣% នៃផលិតផលក្នុងស្រុកសរុប។
លោក Hsieh Chi-hsien ដែលជាប្រធានការិយាល័យ ត្រួតពិនិត្យរបស់ក្រសួងការពារជាតិ បានប្រាប់អ្នកយកព័ត៌មានថា ផែនការរបស់ក្រសួងរួមមានការចំណាយ បន្ថែមលើយន្តហោះគ្មានមនុស្សបើក និងមីស៊ីល ដែលរដ្ឋាភិបាលពីមុនមិន អាចទទួលបានការយល់ព្រមពីសភានោះទេ។
ប្រែសម្រួលៈ ណៃ តុលា








