Feature

កម្ពុជា-រុស្ស៊ី បន្តជំរុញទំនាក់ទំនង និងកិច្ចប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត

ភ្នំពេញ ៖ នារសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យ លោក អន់ដ្រេ រ៉ូឌែនកូ (Andrey RUDENKO) អនុរដ្ឋមន្ត្រីការបរទេសនៃសហព័ន្ធរុស្ស៊ី ចូលជួបសម្តែងការគួរសម ខណៈ កម្ពុជា-រុស្ស៊ី ឯកភាពបន្តជំរុញទំនាក់ទំនង និងកិច្ចប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

ក្នុងឱកាសនៃជំនួបនេះ, លោក អនុរដ្ឋមន្ត្រីការបរទេស បានសម្ដែងការវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដោយបានសង្កត់ធ្ងន់ថា កម្ពុជាគឺជាដៃគូសហប្រតិបត្តិការដ៏យូរអង្វែង និងគួរឱ្យទុកចិត្តនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

លោក ក៏បានរំលឹកឡើងវិញអំពីទំនាក់ទំនងទ្វេភាគី រួមទាំងការរួមចំណែកគាំទ្រពីអតីតសហភាពសូវៀត និងបច្ចុប្បន្នសហព័ន្ធរុស្ស៊ី ក្នុងការស្តារ, កសាង និងអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាឡើងវិញ បន្ទាប់ពីប្រទេសកម្ពុជាត្រូវបានរំដោះ។

ជាមួយគ្នានេះ, លោកក៏បានកោតសរសើរចំពោះការអភិវឌ្ឍរីកចម្រើនដ៏ឆាប់រហ័សនៅកម្ពុជា និងបានបង្ហាញសុទិដ្ឋិនិយម​ថា​ រាជរដ្ឋាភិបាលកម្ពុជា នឹងអាចជម្នះរាល់បញ្ហាប្រឈម ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនឱ្យកាន់តែប្រសើរឡើងថែមទៀត​។

លោក ជឿជាក់ថា ទំនាក់ទំនង​រុស្ស៊ី-កម្ពុជា នឹង​បន្ត​រីកចម្រើនថែមទៀតដែល​ ប្រទេស​ទាំងពីរត្រូវ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើវិស័យសក្តានុពលជាច្រើនទៀត ​ឱ្យកាន់តែស៊ីជម្រៅ​។ លោក អនុរដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ពីការបន្តផ្ដល់អាហារូបករណ៍ដល់សិស្ស-និស្សិតកម្ពុជា ទៅសិក្សានៅសហព័ន្ធរុស្ស៊ី។

ជាការឆ្លើយតប, សម្ដេចធិបតី បានថ្លែងអំណរគុណចំពោះ សហព័ន្ធរុស្ស៊ី ក៏ដូចជាអតីតសហភាពសូវៀត​ ដែលបានដើរតួយ៉ាងសំខាន់ក្នុងការ​រួម​ចំណែក​ដល់ការស្តារ និងកសាងសង្គម-សេដ្ឋកិច្ចកម្ពុជា ក៏ដូចជាការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាជាបន្តបន្ទាប់។ សម្ដេចធិបតី ក៏បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគី ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលនេះ និងបានគូសបញ្ជាក់ពីការបន្តជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មីមួយទៀត។

សម្ដេចធិបតី និងលោកអនុរដ្ឋមន្ត្រី ក៏បានផ្លាស់ប្ដូរយោបល់គ្នាក្នុងការការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមមាន៖ ពាណិជ្ជកម្ម និងវិនិយោគ, អប់រំ, ថាមពល, ការតភ្ជាប់រវាងប្រជាជន និងប្រជាជន, ទេសចរណ៍, កសិកម្ម, សន្តិសុខ និងការពារជាតិ៕

To Top