Feature

លោក ប្រាជ្ញ ចន្ទ៖ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ជាដំណាក់កាលដំបូង សំខាន់បំផុត ក្នុងចំណោមដំណាក់កាលទាំង៤

ភ្នំពេញ៖ លោក ប្រាជ្ញ ចន្ទ បានគូសបញ្ជាក់ថា ក្នុងដំណើរការរៀបចំការបោះឆ្នោត នៅកម្ពុជា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត គឺជាដំណាក់កាលដំបូង និងមានសារៈសំខាន់បំផុត ក្នុងចំណោមដំណាក់កាលទាំង៤ ។ 

ការលើកឡើងរបស់ លោក ប្រាជ្ង ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ខាងលើនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញបិទវគ្គបណ្តុះបណ្តាល ស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦ នារសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការគណៈកម្មាធិការជាតិ ។ 

យោងតាមសេចក្តីប្រកាសព័ត៌មាន គ.ជ.ប បានឱ្យដឹងថា ក្នុងពិធីបិទវគ្គនេះ លោក ប្រាជ្ញ ចន្ទ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះអគ្គលេខាធិការដ្ឋាន អគ្គនាយកដ្ឋាន និងនាយកដ្ឋានជំនាញទាំងអស់ ដែលបានសហការគ្នា យ៉ាងសកម្ម និងយកចិត្តទុកដាក់ ក្នុងការរៀបចំវគ្គបណ្ដុះបណ្ដាល ដ៏មានសារៈសំខាន់នេះឡើង។ ផ្អែកតាមរបាយការណ៍ បូកសរុបលទ្ធផល នៃការបណ្តុះបណ្តាលរយៈពេល ៣ថ្ងៃ នេះឃើញថា សិក្ខាកាមទាំងអស់ ទទួលបានចំណេះដឹងថ្មីៗ មានការយល់ដឹងច្បាស់លាស់បន្ថែមទៀត អំពីការងារពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ បានល្អប្រសើរ។ កត្តានេះ បានបង្ហាញពីភាពវិជ្ជមាន សម្រាប់មន្រ្តីបោះឆ្នោត និងភាគីពាក់ព័ន្ធទាំងអស់ ដែលនឹងត្រូវរៀបចំការបណ្តុះបណ្តាល និងអនុវត្តបន្តនាពេលដ៏ខ្លីខាងមុខនេះ នៅតាមរាជធានី ខេត្ត។

លោក ប្រាជ្ញ ចន្ទ មានប្រសាសន៍ថា អនុលោមតាមច្បាប់ស្តីពីការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត និងច្បាប់ស្តីពីវិសោធនកម្ម នៃច្បាប់នេះ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ គឺជាដំណើរការធ្វើបច្ចុប្បន្នភាព បញ្ជីបោះឆ្នោត តាមគោលការណ៍ ប្រព័ន្ធបញ្ជីបោះឆ្នោតអចិន្រ្តៃយ៍ ដែលត្រូវធ្វើជារៀងរាល់ឆ្នាំ ដើម្បីធានាឱ្យបញ្ជីបោះឆ្នោត មានភាពពេញលេញ ភាពត្រឹមត្រូវ និងបច្ចុប្បន្នភាព ទុកសម្រាប់បម្រើឱ្យការបោះឆ្នោត តាមការកំណត់នៃច្បាប់។ ហេតុនេះ ដើម្បីធានាសិទ្ធិបោះឆ្នោត របស់ប្រជាពលរដ្ឋខ្មែរ ច្បាប់ស្តីពីការបោះឆ្នោត បានកំណត់ឱ្យ គ.ជ.ប រៀបចំដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ ។ 

លោក ប្រាជ្ញ ចន្ទ បានគូសបញ្ជាក់ថា ក្នុងដំណើរការរៀបចំការបោះឆ្នោត ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត គឺជាដំណាក់កាលដំបូង និងមានសារៈសំខាន់បំផុត ក្នុងចំណោមដំណាក់កាលទាំង៤ នៃដំណើរការរៀបចំការបោះឆ្នោតនៅកម្ពុជា ពីព្រោះបញ្ជីបោះឆ្នោត បានផ្តល់មុខងារសំខាន់២ ដល់អាជ្ញាធរបោះឆ្នោត គឺការផ្ទៀងផ្ទាត់សុពលភាព នៃអ្នកបោះឆ្នោត និងការត្រួតពិនិត្យភាពស្របច្បាប់ នៃការបោះឆ្នោត។

នៅប្រទេសកម្ពុជា ដំណើរការនៃការបោះឆ្នោត ត្រូវបានចែកជា ៤ដំណាក់កាលសំខាន់ៗ គឺ ដំណាក់កាលពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ដំណាក់កាលចុះបញ្ជី គណបក្សនយោ បាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ដំណាក់កាល ឃោសនាបោះឆ្នោត និងដំណាក់កាលបោះឆ្នោត រាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផល នៃការបោះឆ្នោត។

លោក ប្រាជ្ញ ចន្ទ បានលើកឡើងទៀតថា បន្ទាប់ពី គ.ជ.ប បង្កើតឡើងនៅឆ្នាំ១៩៩៨ រហូតដល់ឆ្នាំ២០១៥ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ត្រូវអនុវត្តដោយដៃ តាមឃុំ សង្កាត់ រួចបញ្ជូនឯកសារមកបញ្ចូលទិន្នន័យ និងរៀបចំជាបញ្ជីបោះឆ្នោត នៅមជ្ឈមណ្ឌលកុំព្យូទ័រថ្នាក់ជាតិ។ ប៉ុន្តែដោយបច្ចេកវិទ្យាព័ត៌មានវិទ្យា កាន់តែរីកចម្រើនក្នុងប្រទេសកម្ពុជា គ.ជ.ប បានធ្វើកំណែទម្រង់ លើការចុះឈ្មោះអ្នកបោះឆ្នោតដោយដៃ មកជាការចុះឈ្មោះ តាមប្រព័ន្ធកុំព្យូទ័រវិញ ចាប់តាំងពីឆ្នាំ២០១៦មក។ ការប្រើប្រាស់បច្ចេកវិទ្យានេះ គឺ គ.ជ.ប ធ្វើការចុះឈ្មោះតាមឃុំ សង្កាត់ និងបញ្ជូនទិន្នន័យតាមប្រព័ន្ធអ៊ីនធឺណិត មកនាយកដ្ឋានគ្រប់គ្រងទិន្នន័យអ្នកបោះឆ្នោត និងបញ្ជីបោះឆ្នោត ដើម្បីរៀបចំជាបញ្ជីបោះឆ្នោត សម្រាប់ប្រើប្រាស់ ក្នុងការបោះឆ្នោតនីមួយៗ ដែលមានចែង និងកំណត់ក្នុងច្បាប់។ បច្ចេកវិទ្យានេះ បានផ្ដល់ភាពងាយស្រួល ដល់ គ.ជ.ប ក្នុងការគ្រប់គ្រងបញ្ជីឈ្មោះអ្នកបោះឆ្នោត និងងាយស្រួលក្នុងការស្វែងរកព័ត៌មាន អ្នកបោះឆ្នោតយ៉ាងឆាប់រហ័ស។ ប៉ុន្តែទោះជាយ៉ាងណា ក៏នៅមានចំណុចខ្វះខាតមួយចំនួនដែរ គឺដោយសារតែការបាត់បង់ បច្ចុប្បន្នភាព របស់សាមីខ្លួន ការប្រែប្រួលស្ថានភាព របស់ប្រជាពលរដ្ឋ នៅក្នុងសង្គម ដូចជាមានអ្នកទទួលមរណភាព អ្នកផ្លាស់ប្តូរអាសយដ្ឋាន និងការប្រែប្រួលសញ្ញាណដៅសម្គាល់ របស់អ្នកបោះឆ្នោត ដែលនាំឱ្យខុសពីទិន្នន័យជីវមាត្រ របស់អ្នកបោះឆ្នោត ក្នុងបញ្ជីបោះឆ្នោត។ កត្តានេះហើយ ដែលនាំឱ្យមានការពិបាក ក្នុងការកំណត់អត្តសញ្ញាណ របស់អ្នកបោះឆ្នោតហើយអាចឈានដល់ការប៉ះពាល់សិទ្ធិ នៃការបោះឆ្នោតរបស់ អ្នកបោះឆ្នោតនៅថ្ងៃបោះឆ្នោត។

លោក ប្រាជ្ញ ចន្ទ ក៏បានបញ្ជាក់ថា រហូតដល់ឆ្នាំ២០២៤ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និងការផ្ដល់សុពលភាព លើបញ្ជីបោះឆ្នោតប្រចាំឆ្នាំ អ្នកមានឈ្មោះក្នុងបញ្ជី បោះឆ្នោត បានធ្វើការកែតម្រូវទិន្នន័យរបស់ខ្លួន ដែលមានការប្រែប្រួលស្ថានភាព ដូចជាករណី ការទទួលមរណភាព ការផ្លាស់ប្ដូរលំនៅឋាន ឬទីសំណាក់ ការកែតម្រូវករណីខុសឈ្មោះ (អក្ខរាវិរុទ្ធ) ភេទ ថ្ងៃខែឆ្នាំកំណើត ការផ្លាស់ប្តូរឯកសារចុះឈ្មោះបោះឆ្នោត របស់អ្នកបោះឆ្នោតតាមឯកសារថ្មី ការលុបឈ្មោះ ចេញពីបញ្ជីបោះឆ្នោតនៅឃុំ សង្កាត់ចាស់ ហើយផ្ទេរទិន្នន័យទៅឃុំ សង្កាត់ថ្មីប៉ុណ្ណោះ។ ប៉ុន្តែ គ.ជ.ប ពុំបានធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ របស់អ្នកបោះឆ្នោតក្នុងបញ្ជីបោះឆ្នោត ដែលបានចុះឈ្មោះបោះឆ្នោតយ៉ាងតិច ១០ឆ្នាំឡើងទៅនោះទេ។ ហេតុនេះហើយ បានជានៅឆ្នាំ២០២៥ គ.ជ.ប សម្រេ ចធ្វើបច្ចុប្បន្នភាពទិន្នន័យ ជីវប្រវត្តិ និងទិន្នន័យជីវមាត្ររបស់អ្នកបោះឆ្នោត ដែលបានចុះឈ្មោះបោះឆ្នោតហើយ យ៉ាងតិច១០ឆ្នាំ ក្នុងដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ ដើម្បីធ្វើឱ្យបញ្ជីបោះឆ្នោតកាន់តែមានភាពប្រសើរឡើង ប្រកបដោយគុណភាព និងដើម្បីធានាដល់សិទ្ធិបោះឆ្នោតពេញលេញ របស់ប្រជាពលរដ្ឋគ្រប់រូប។

ចំពោះការពង្រឹងបច្ចុប្បន្នភាព បញ្ជីបោះឆ្នោត ត្រូវបានលោក ប្រាជ្ញ ចន្ទ បានបញ្ជាក់ថា នេះជាការងារចាំបាច់ ដែល គ.ជ.ប បានយកចិត្តទុកដាក់ អនុវត្តជាប្រចាំ តាមរយៈការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ដែលត្រូវធ្វើឡើង ជារៀងរាល់ឆ្នាំ ពិសេសការធ្វើបច្ចុប្បន្នភាព ទិន្នន័យជីវប្រវត្តិ និងទិន្នន័យជីវមាត្រ ហើយការងារនេះ ទាមទារឱ្យមានកិច្ចសហការខ្ពស់ពីភាគីពាក់ព័ន្ធ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ដែលបានចុះឈ្មោះបោះឆ្នោតរួចហើយក្នុងឆ្នាំកន្លង ទៅគិតចាប់តាំងពីឆ្នាំ២០១៦មក ហើយថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះឆ្នោតឆ្នាំ២០២៦ នេះ គឺជាការអនុវត្ត នៅក្នុងស្ថានភាពដ៏លំបាកមួយ ដោយសារតែនៅតាមបណ្ដាខេត្តមួយចំនួន ត្រូវបានរងផលប៉ះពាល់ដោយសារការឈ្លានពានពីយោធាថៃ។ ដូចនេះ គ.ជ.ប បានខិតខំយកចិត្តទុកដាក់ធ្វើយ៉ាងណា ដើម្បីធានាបានបញ្ជីបោះឆ្នោតដែលមានភាពត្រឹមត្រូវ ភាពពេញលេញ និងមានបច្ចុប្បន្នភាព សម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៦ ឆ្នាំ២០២៧ ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៧ ខាងមុខនេះ។ 

លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានអំពាវនាវឱ្យតំណាងគណបក្សនយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាល អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងភាគីពាក់ព័ន្ធដទៃទៀត មេត្តាជួយផ្សព្វផ្សាយបន្ត និងជំរុញប្រជាពលរដ្ឋ ដែលបានចុះឈ្មោះបោះឆ្នោតរួចហើយ ទៅពិនិត្យផ្ទៀងផ្ទាត់ឈ្មោះ និងទិន្នន័យរបស់ខ្លួន ក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២៥ ដែលមានបិទផ្សាយ នៅតាមសាលាឃុំ សង្កាត់ ឬទីប្រជុំជនណាមួយ ក្នុងឃុំ សង្កាត់ និងបង្ហោះលើអាសយដ្ឋានវេបរបស់ គ.ជ.ប  voterlist.nec.gov.kh ឬតាមកម្មវិធីទូរសព្ទឆ្លាត (Mobile App) NEC KHចាប់ពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខ៕

To Top