Feature

អ្នកនាំពាក្យក្រសួងព័ត៌មាន៖ សន្និសីទ ISC-2 កម្ពុជា ធ្វើជាម្ចាស់ផ្ទះ ​ ទាក់ទាញអ្នកសារព័ត៌មានជាតិ-អន្តរជាតិជាង ២០០នាក់

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងព័ត៌មាន នៅថ្ងៃទី២៧ ខែសីហាឆ្នាំ២០២៦នេះ បានចាត់ទុកវត្តមាន អ្នកសារព័ត៌មានជាតិ-អន្តរជាតិ ចំនួនជាង ២០០នាក់ នៅក្នុងសន្និសីទប្រធានសភា នៃអន្តរសភាលើកទី២ (ISC-2) ថាជាគឺជាកាតាលីករដ៏សំខាន់ ក្នុងការបំប្លែងព្រឹត្តិការណ៍ការទូតសភានៅកម្ពុជា ឱ្យទៅជាសារនយោបាយ និងសេដ្ឋកិច្ច ឆ្លុះបញ្ចាំងទៅកាន់ពិភពលោក ព្រមទាំងផ្សព្វផ្សាយស្តីពីកិច្ចប្រជុំ ISC-2 ឱ្យលេចធ្លោលើឆាកអន្តរជាតិ។

លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន, សមាជិកអនុគណៈកម្មការព័ត៌មាន ផ្សព្វផ្សាយ និងព័ត៌មានវិទ្យា នៃសន្និសីទប្រធានសភា នៃអន្តរសភាលើកទី២ (ISC-2) និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានលើកឡើង ពីមណ្ឌលព័ត៌មាន(Media Center) នៃសន្និសីទប្រធានសភា នៃអន្តរសភាលើកទី២ (ISC-2) ថា សម្រាប់ការរៀបចំសន្និសីទ ISC-2 នេះ គឺក្រុមការងារទទួលបាន ការចុះឈ្មោះចូលរួម ពីអ្នកសារព័ត៌មានជាតិ និងអន្តរជាតិប្រមាណ ជាង២០០នាក់ ក្នុងនោះ អ្នកសារព័ត៌មានអន្តរជាតិ មានជាង១០អង្គភាព និងទីភ្នាក់ងារសារព័ត៌មានអន្តរជាតិធំៗ ដូចជា AFP, Reuters, AP, Xinhua, Kyodo News, EPA, China Media Group Asia-Pacific, VTV, VNA និងភ្នាក់ងារសារព័ត៌មានអន្តរជាតិផ្សេងទៀត សរុបប្រមាណជាង៣០រូប ហើយក្រៅពីនោះ គឺអ្នកសារព័ត៌មាន នៃអង្គភាពសារព័ត៌មាន នៅក្នុងប្រទេសកម្ពុជា។

លោកបានគូសបញ្ជាក់ថា ដើម្បីធានាបាននូវស្តង់ដារពិធីការការទូត ស្របតាមបទដ្ឋានសន្តិសុខ និងពិធីការការទូតកម្រិតអន្តរជាតិ គណៈកម្មការរៀបចំសន្និសីទបានបង្កើត មជ្ឈមណ្ឌលព័ត៌មាន (Media Center) ប្រកបដោយបច្ចេកវិទ្យាទំនើប សម្រាប់គាំទ្រដល់ដំណើរការ និងតម្រូវការនៃប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មានទាំងអស់ ដែលបានចូលរួម។ មជ្ឈមណ្ឌលនេះ នឹងដើរតួជាពហុបច្ចេកវិទ្យា បញ្ជូនព័ត៌មាន ខ្លឹមសារ រូបភាព និងវីដេអូផ្លូវការ សម្រាប់បម្រើដល់ការផលិត និងផ្សាយព័ត៌មាន ស្តីពីព្រឹត្តិការណ៍ដ៏សំខាន់នេះ ឱ្យទាន់ពេលវេលា និងតាមតម្រូវការជូនភ្នាក់ងារ សារព័ត៌មានជាតិ-អន្តរជាតិ ដើម្បីចែកចាយឱ្យទូលំទូលាយ ទៅកាន់សាធារណជនក្នុងស្រុក និងសកលលោក។

លោក ទេព អស្នារិទ្ធ បានបន្តទៀតថា អ្នកសារព័ត៌មាន ដែលធ្វើការនៅក្នុងមណ្ឌលព័ត៌មាននេះ គឺទទួលបានការសម្របសម្រួល ផ្តល់ជូននូវគ្រប់មធ្យោបាយទាំងអស់ ធ្វើយ៉ាងណាឱ្យការអនុវត្តការងារ និងសកម្មភាពនៃការយកព័ត៌មាន ទទួលបានទាំងខ្លឹមសារ សំឡេង រូបភាព និងវីដេអូ ដែលមានគុណភាពខ្ពស់ សម្រាប់ផ្សព្វផ្សាយ។ សម្រាប់ការគ្រប់គ្រង សកម្មភាពអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ គឺក្រុមការងារអនុគណៈកម្មការព័ត៌មាន ផ្សព្វផ្សាយ និងព័ត៌មានវិទ្យា មានបែងចែកជាក្រុម ទៅតាមផ្នែកនីមួយៗ ដោយក្រុមខ្លះ អាចចូលយកព័ត៌មានដោយផ្ទាល់ ក្នុងកម្មវិធីកម្រិតខ្ពស់ ឬកម្មវិធីរបស់ថ្នាក់ដឹកនាំកំពូល ហើយក្រុមខ្លះទៀត គឺនៅរង់ចាំក្នុងមណ្ឌលព័ត៌មាន (Media Center) ដើម្បីទទួលរូបភាព និងខ្លឹមសារនៃកម្មវិធី។

លោកបានអត្ថាធិប្បាយបន្ថែមថា យើងបានបែងចែកប្រតិបត្តិការសារព័ត៌មាន ទៅតាមកម្រិតមុខងារ និងលក្ខណៈបច្ចេកទេស ដោយមានរចនាសម្ព័ន្ធច្បាស់លាស់ ជាមួយក្រុមការងារ ដែលត្រូវបានកំណត់មុខព្រួញអនុញ្ញាត ចូលយកព័ត៌មានផ្ទាល់ពី កិច្ចប្រជុំកម្រិតឧត្តម (High-level) និងជំនួបពិភាក្សាសំខាន់ៗ ដើម្បីបញ្ជូនទិន្នន័យ ខ្លឹមសារ និងរូបភាពមកកាន់ Media Center ។ ទន្ទឹមនេះ ការរៀបចំរបៀបរបប និងរចនាសម្ព័ន្ធនៃ Media Center នៅជាន់ផ្ទាល់ដី ជាន់ទី២ និងជាន់ទី៣ ត្រូវបានបែងចែកមុខងារ តាមកម្រិតបច្ចេកទេស ក្រោមការគ្រប់គ្រង និងសម្របសម្រួលផ្ទាល់ ដោយអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន ។

សូមបញ្ជាក់ថា សន្និសីទ ប្រធានសភានៃអន្តរសភា លើកទី២ (ISC-2) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ គឺចាប់ផ្ដើមនៅថ្ងៃទី២៧ និងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦នេះ ដោយរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានជ្រើសរើសរៀបចំសន្និសីទ កម្រិតអន្តរជាតិនេះ នៅក្នុងអគារពន្ធដារថ្មី ដែលកម្ពុជាបានសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីពេលថ្មីៗ ៕

To Top