ព័ត៌មានជាតិ

អតីតសិស្សនិទ្ទេស A ណែនាំសិស្សទើបចប់បាក់ឌុប កុំមើលរំលងឱកាសរៀនជំនាញ TVET នៅវិទ្យាស្ថាន NTTI

ភ្នំពេញ៖ យុវជន វង់ សីហា អតីតសិស្សនិទ្ទេស A កំពុងសិក្សាជំនាញព័ត៌មានវិទ្យា (IT) នៅវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេសកម្ពុជា (NTTI) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចែករំលែកបទពិសោធរៀនជំនាញ និងណែនាំដល់សិស្សានុសិស្សដែលទើបបញ្ចប់ការប្រឡងបាក់ឌុប កុំមើលរំលងឱកាសរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ នៅវិទ្យាស្ថាន NTTI ដែលមានគ្រូបង្រៀនក្បោះក្បាយ មានឧបករណ៍សិក្សាទំនើប។

យុវជន វង់សីហា បានឱ្យដឹងថា តាមរយៈសក្ដានុពលរបស់សាលា NTTI និងទីផ្សារការងារ ធ្វើឱ្យលោកសម្រេចចិត្តចូលរៀនជំនាញនៅវិទ្យាស្ថានមួយនេះ ដែលបានផ្ដល់ភាពងាយស្រួលសម្រាប់រូបលោកក្នុងការសិក្សា ក្នុងការចាប់យកមេរៀនទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែងបានច្រើន។

យុវជនរូបនេះនិយាយថា៖ «ខ្ញុំចាប់អារម្មណ៍រៀនសាលា NTTI ព្រោះនៅទីនេះមានសាស្ត្រាចារ្យបង្រៀនល្អ ហើយនិងមានឧបករណ៍ក្នុងការពិសោធន៍ផ្សេងៗច្រើន រៀនជំនាញអ្វីក៏មាន ដែលយើងអាចអនុវត្តបាន» ។

ក្នុងរយៈពេលជិត១ឆ្នាំនៃការសិក្សានៅ NTTI យុវជនសីហា ពេញចិត្តចំពោះរបៀបបណ្តុះបណ្តាលដែលផ្តោតលើការផ្សារភ្ជាប់រវាងទ្រឹស្តី និងការអនុវត្ត ព្រមទាំងឱកាសហាត់ការជាមួយក្រុមហ៊ុន រោងចក្រ សហគ្រាស។ ជាមួយគ្នានេះ លោកបានអំពាវនាវដល់សិស្សានុសិស្សដែលទើបបញ្ចប់បាក់ឌុប និងកំពុងស្ទាក់ស្ទើរក្នុងការជ្រើសរើសជំនាញសិក្សាបន្តនៅក្នុងវិស័យ TVET ដែលស្របនឹងចំណាប់អារម្មណ៍ និងតម្រូវការទីផ្សារការងារ៕

To Top