Feature

ទូតថៃ ឱ្យគេមកបញ្ចុះបញ្ចូលទូតកម្ពុជា កុំលើកជម្លោះព្រំដែនក្នុងកិច្ចប្រជុំហ្វ្រង់កូហ្វូនី

ភ្នំពេញ ៖ ឯកអគ្គរាជទូតថៃ ​ប្រចាំនៅបារាំងបានស្នើឱ្យឯកអគ្គរដ្ឋទូត នៃប្រទេសមួយទៀត មកបញ្ចុះបញ្ចូលទូតកម្ពុជា ដើម្បីកុំឱ្យលើកជម្លោះព្រំដែនកម្ពុជា-ថៃ នៅក្នុងវេទិកាហ្វ្រង់កូហ្វូនី(Francophonie)។
 
លោក លុយ ដាវីដ ឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅសាធារណរដ្ឋបារាំង បានឱ្យដឹងថា លោកមានការហួសចិត្ត និងអស់សំណើចជាខ្លាំង ចំពោះឯកអគ្គរាជទូតថៃ ដែលលោកបានហៅថា ឯកអគ្គរាជទូតផ្ទះលេខ២ នោះគឺបានព្យាយាម ឱ្យឯកអគ្គរដ្ឋទូត នៃប្រទេសទីបីមួយទៀត មកបញ្ចុះបញ្ចូលលោក ដើម្បីកុំឱ្យលើកឡើង ពីបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ នៅក្នុងវេទិកាហ្វ្រង់កូហ្វូនី ។
 
ប៉ុន្តែចំពោះសំណើរនេះ លោក លុយ ដាវីដបានឆ្លើយតបយ៉ាងច្បាស់ថា ប្រទេសរបស់ខ្លួនឯងបានឈ្លានពានប្រទេសកម្ពុជា ហើយថែមទាំងព្យាយាមបំភ្លៃការពិត ដោយប្រែក្លាយខ្មៅទៅជាស និងសទៅជាខ្មៅ។
 
ក្នុងនាមជាអ្នកការទូតកម្ពុជា លោកបានអះអាងថា​ លោកមានកាតព្វកិច្ចការពារផលប្រយោជន៍ជាតិ ការពារភាពការពិត និងប្រាប់សហគមន៍អន្តរជាតិឱ្យបានដឹងច្បាស់ថា តើភាគីណាជាអ្នកឈ្លានពាន និងភាគីណាជាជនរងគ្រោះ។ ដូច្នេះ គ្មានហេតុផលអ្វីដែលឯកឧត្តមត្រូវនៅស្ងៀមនោះទេ។
 
សូមបញ្ជាក់ថា កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខ នៅរាជធានីភ្នំពេញ។ នេះជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដ៏ធំមួយ ដែលកម្ពុជាទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះជាផ្លូវការ បន្ទាប់ពីការប្រកាសនៅក្នុងកិច្ចប្រជុំកំពូលលើកទី១៩ នៅប្រទេសបារាំង៕

To Top