លោក ខូយ រីដា ចុះពិនិត្យ និងដោះស្រាយបញ្ហាដីធ្លី ជូនប្រជាពលរដ្ឋ និងសួរសុខទុក្ខគ្រួសារ រងគ្រោះដោយរាំងស្ងួត
ពោធិ៍សាត់ ៖ នាព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ លោក ខូយ រីដា អភិបាល នៃគណៈអភិបាល ខេត្តពោធិ៍សាត់ បានអញ្ជើញចុះពិនិត្យ និងដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋនៅភូមិឆ្នាល់មាន់ និងភូមិត្រយ៉ងស ឃុំតាលោ ស្រុកតាលោសែនជ័យ ដែលបានវាស់វែងដីធ្លីរួច ប៉ុន្តែមិនទាន់ទទួលបានប្លង់ដី ដោយករណីនេះពាក់ព័ន្ធនឹងដីបឹងបួររបស់រដ្ឋ ។

ក្នុងឱកាសចុះពិនិត្យនេះ មានប្រជាពលរដ្ឋចំនួន ៣៤គ្រួសារ បានលើកឡើងពីបញ្ហាដែលពួកគាត់កំពុងជួបប្រទះ ដើម្បីស្នើសុំការពិនិត្យ និងដោះស្រាយពីអាជ្ញាធរពាក់ព័ន្ធ ស្របតាមច្បាប់ និងនីតិវិធី ។

បន្ទាប់មក លោកអភិបាលខេត្ត បានបន្តដំណើរចុះជួបសំណេះសំណាល សួរសុខទុក្ខ និងស្តាប់ពីស្ថានភាពជីវភាពរបស់ប្រជាពលរដ្ឋប្រមាណ ១,៤០០គ្រួសារ រស់នៅភូមិតាំងគោក ភូមិសំសាន្ត ភូមិថ្មី ភូមិព្រៃកន្ទួត និងភូមិរហាល ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ដែលកំពុងរងផលប៉ះពាល់ ដោយសារគ្រោះរាំងស្ងួត បណ្តាលឱ្យដំណាំស្រូវងាប់ និងខូចខាតផលដំណាំប្រមាណ ៦,៥០០ហិកតា ។
ការជួបសំណេះសំណាល និងសួរសុខទុក្ខនេះ ត្រូវបានរៀបចំឡើងនៅក្នុងបរិវេណ វត្តបឹងត្នោត ដើម្បីស្វែងយល់ពីការលំបាករបស់ប្រជាពលរដ្ឋ និងពិនិត្យលទ្ធភាពចាត់វិធានការជួយសម្រួលដល់គ្រួសារដែលរងផលប៉ះពាល់ពីគ្រោះរាំងស្ងួត និងការខូចខាតដំណាំកសិកម្ម៕








រូបភាព÷ រដ្ឋបាលខេត្តពោធិ៍សាត់
អត្ថបទនេះដោយ÷ ខេម៉ា/ដើមអម្ពិល
