ព័ត៌មានអន្តរជាតិ

​ អ៊ីរ៉ង់ ត្រៀមខ្លួនរួចជាស្រេច ដើម្បីបំពេញកាតព្វកិច្ច ប្រសិនបើសហរដ្ឋអាមេរិក​ វិលត្រឡប់ទៅរកការប្តេជ្ញាចិត្តក្រោម​ MOU សន្តិភាព

តេអេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានឧ្យដឹងថា ប្រសិនបើសហរដ្ឋអាមេរិកវិលត្រឡប់ ទៅរកការប្តេជ្ញាចិត្តរបស់ខ្លួន ក្រោមអនុស្សរណៈ នៃការយោគយល់គ្នាសន្តិភាព (MoU) ជាមួយអ៊ីរ៉ង់ ទីក្រុងតេអេរ៉ង់​ នឹងត្រៀមខ្លួនរួចជាស្រេចដើម្បីបំពេញកាតព្វកិច្ចរបស់ខ្លួន។

យោងតាមសេចក្តីថ្លែងការណ៍មួយពីការិយាល័យរបស់លោក លោក Pezeshkian បានធ្វើការកត់សម្គាល់នេះក្នុងអំឡុងពេលជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ​ ពូទីន នៅខាងក្រៅកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃ (SCO) ឆ្នាំ២០២៦​នៅរដ្ឋធានី Bishkek ប្រទេសកៀហ្ស៊ីស៊ីស្ថាន។

លោកបានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកលែងអាចដាក់ការទាមទារ “ខុសច្បាប់” របស់ខ្លួនលើអ៊ីរ៉ង់​ ដោយកម្លាំងទៀតហើយ។

ដោយសំដៅទៅលើ «ការឈ្លានពាន» របស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល​ ប្រឆាំងនឹងអ៊ីរ៉ង់ ដែលបានសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក អាលី ខាមេនី រួមជាមួយមេបញ្ជាការយោធា និងជនស៊ីវិល រាប់រយនាក់​ លោកបានលេីកឡេីងថា «ឧក្រិដ្ឋកម្មទាំងនេះមិនមានមូលដ្ឋានច្បាប់ណាមួយឡើយ ហើយការឈ្លានពានបែបនេះ​ គឺមិនអាចរាប់ជាសមហេតុផលបានឡើយ»។

លោកក៏បានឧ្យដឹងផងដែរថា អ៊ីរ៉ង់​ នឹងទប់ទល់នឹងឯកតោភាគីនិយម និងគោលនយោបាយផ្អែកលើសម្ពាធ និងទណ្ឌកម្ម ខណៈពេលដែលអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងពហុភាគីនិយមកាន់តែរឹងមាំ។

ចំណែកលោក ពូទីន បានសម្តែងការព្រួយបារម្ភអំពីភាពតានតឹងក្នុងតំបន់​ ដែលកំពុងបន្ត និងបានសម្តែងក្តីសង្ឃឹម​ សម្រាប់លទ្ធផលជាក់ស្តែងនៅក្នុងការចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។ លោកក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រុស្ស៊ី​ ក្នុងការពង្រឹងទំនាក់ទំនងជាមួយទីក្រុងតេអេរ៉ង់​ នៅទូទាំងគ្រប់វិស័យផងដែរ៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top