ព័ត៌មានជាតិ

រកឃើញសូឡាតម្លៃ ៨លានរៀល នៅខេត្តផ្សេងទៀត មិនមែនតែនៅកំពង់ឆ្នាំងមួយទេ

ភ្នំពេញ ៖ លោក សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃបានលើកឡើងថា ករណីអំពូលភ្លើងសូឡាតម្លៃ៨លានរៀល នៅខេត្តកំពង់ឆ្នាំង គឺអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ ក៏បានរកឃើញកើតឡើងនៅខេត្តជាច្រើនផ្សេងទៀតដែរ ។

ក្នុងពិធីបើកសន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២-២០២៥ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ លោក សួស ប្រាថ្នា ថ្លែងថា ករណីភ្លើងសូឡាមានតម្លៃរហូតទៅដល់ប្រមាណជា៨លានរៀល មិនមែនកើតឡើងនៅតែខេត្តកំពង់ឆ្នាំងមួយខេត្តនោះទេ គឺតាមការចុះស្រាវជ្រាវបានរកឃើញមាននៅតាមបណ្តាផ្សេងទៀតផងដែរ ។
 
លោកបន្ត “ក្នុងខែនេះ ដែលមានការលើកឡើងក្នុងបណ្តាញសង្គមជាច្រើនដែលអនុវត្តគម្រោងបង្គោលភ្លើងសូឡា៨លានរៀល មិនមែនតែនៅកំពង់ឆ្នាំងទេ អគ្គនាយកដ្ឋានរដ្ឋបាល បានចុះទៅតាមបណ្តាខេត្តជាច្រើន ហើយស្ថានភាពមិនខុសពីខេត្តកំពង់ឆ្នាំងទេ” ។
 
ចំពោះករណីនេះ អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានស្នើទៅដល់អភិបាលរាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់លើគម្រោងអនុវត្តមូលនិធិឃុំ-សង្កាត់ឱ្យបានល្អប្រសើរ ហើយបើសិនជាមានករណីអំពូលភ្លើងសូឡាតម្លៃ៨លានរៀលដូចនៅខេត្តកំពង់ឆ្នាំងនឹងចាត់វិធានការទៅតាមផ្លូវច្បាប់ជាធរមាន ។
 
សូមបញ្ជាក់ថា ករណីបង្គោលភ្លើងសូឡាតម្លៃ ៨លានរៀល ក្នុងមួយដើម បានកើតឡើងនៅ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង កាលពីអំឡុងខែសីហា បានក្លាយជាប្រធានបទក្តៅ និងកំពុងស្ថិតក្នុងនីតិវិធីត្រួតពិនិត្យ និងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ពីសំណាក់ស្ថាប័នថ្នាក់ជាតិជាច្រើន ។ ក្រោយកើតឡើងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រសួងមហាផ្ទៃ និងអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានដាក់បញ្ជាឱ្យត្រួតពិនិត្យ និងចាត់វិធានការជាបន្ទាន់ ៕

To Top