Feature

កម្ពុជា ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទាន សម្រាប់គម្រោងព្រែកជីកហ្វូណនតេជោ មានតម្លៃជិត ១ពាន់លានដុល្លារ

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ គឺជាតួអង្គផ្លាស់ប្តូរមុខមាត់កម្ពុជា តាមរយៈ «របៀងសេដ្ឋកិច្ចថ្មី» និងជាសរសៃឈាមសេដ្ឋកិច្ចដ៏រស់រវើក ខណៈបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងហិរញ្ញប្បទាន មានតម្លៃជិត ១ពាន់លានដុល្លារអាម៉េរិក ។

ការលើកឡើងរបស់លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ធ្វើឡើងក្នុងឱកាស អញ្ជើញចូលរួមជាសក្ខីភាព ក្នុង ពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងហិរញ្ញប្បទានមានតម្លៃជិត ១ពាន់លានដុល្លារអាម៉េរិក រវាងធនាគារ China Exim Bank និង ក្រុមហ៊ុនហ្វូណនតេជោ ខូសថល-អ៊ីនឡេន វ័រធើវេយ ឯ.ក (Funan Techo Coastal-Inland Waterways Company) ។

ពិធីខាងលើ​នេះ ក៏មានការចូលរួម ពីលោក ឱម ម៉ាក់ធារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋាន ភាពជាដៃគូរដ្ឋ-ឯកជន នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងតំណាងម្ចាស់ភាគហ៊ុននៃក្រុមហ៊ុន ហ្វូណនតេជោ ខូសថល-អ៊ីនឡេន វ័រធើវេយ ឯ.ក (FTCC) រួមមាន លោក Du Fei ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន China Road and Bridge Corporation (CRBC), ឧកញ៉ា វ៉ាន់ ឆារស៏ជួន តំណាងក្រុមហ៊ុន អូវើស៊ី ខេមបូឌាន អ៊ិនវេសមេន ខបភើរេសិន (OCIC), លោក លូ គឹមឈន់ ប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិ នៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS), លោក ហ៊ឺ បាវី ប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិកំពង់ផែស្វយ័តភ្នំពេញ (PPAP), លោក Yang Jie អគ្គនាយកក្រុមហ៊ុន CRBC Cambodia និង លោក Wang Huan នាយកប្រតិបត្តិ នៃក្រុមហ៊ុន FTCC ។

តាមរយៈវេទិកានេះ លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំ និងរដ្ឋាភិបាលនៃប្រទេសទាំងពីរ កម្ពុជា-ចិន ធនាគារ China Exim Bank, គណៈកម្មាធិការជាតិអភិវឌ្ឍន៍ និងកំណែទម្រង់ចិន (NDRC) និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិចិន (CIDCA) និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានផ្តល់កិច្ចសហការយ៉ាងស្មោះស្ម័គ្រ និងជិតស្និទ្ធរហូតសម្រេចបាន នូវសមិទ្ធផលដ៏ធំធេងមួយនេះ។

លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ ដែលត្រូវអនុវត្តឡើងក្រោមទម្រង់ សាងសង់-ប្រតិបត្តិការ-ផ្ទេរ (Build-Operate-Transfer – BOT) គឺជាតួអង្គផ្លាស់ប្តូរមុខមាត់កម្ពុជា (Game Changer) ដែលមិនត្រឹមតែភ្ជាប់បណ្តាញផ្លូវទឹកទន្លេ ទៅកាន់សមុទ្រ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូន និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែង ក្នុងវិស័យភស្តុភារកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបង្កើត «របៀងសេដ្ឋកិច្ចថ្មី» និងជាសរសៃឈាមសេដ្ឋកិច្ចដ៏រស់រវើក។ តាមរយៈគម្រោងនេះ តំបន់ឧស្សាហកម្ម មជ្ឈមណ្ឌលភស្តុភារកម្ម ការកែច្នៃកសិផល ការអភិវឌ្ឍក្រុងរណប និងវិស័យទេសចរណ៍ នឹងរីកចម្រើនយ៉ាងខ្លាំងក្លា តាមបណ្តោយផ្លូវទឹកនេះ​ នាទសវត្សរ៍ខាងមុខ។

គួរឱ្យដឹងថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទាននេះ គឺជាសមិទ្ធផលដ៏សំខាន់មួយ សម្រាប់គម្រោងគ្រប់គ្រងធនធានទឹកចម្រុះ ហ្វូណនតេជោ (BOT) និងឆ្លុះបញ្ចាំងពី កិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់ ព្រមទាំងការប្តេជ្ញាចិត្តដ៏មុតមាំ របស់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងការរៀបចំហិរញ្ញប្បទាន និងការអនុវត្ត គម្រោងហេដ្ឋារចនាសម្ព័ន្ធជាតិ ដ៏មានសារៈសំខាន់ជាប្រវត្តិសាស្ត្រនេះ ដោយជោគជ័យ។ ព្រឹត្តិការណ៍នេះ ក៏បានបញ្ជាក់ពី កិច្ចសហប្រតិបត្តិការដ៏យូរអង្វែង រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងការប្តេជ្ញាចិត្តរួម របស់ស្ថាប័ន និងដៃគូដែលចូលរួម ក្នុងការគាំទ្រដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ របស់កម្ពុជា និងការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងសង្គមរយៈពេលវែង៕

To Top