Feature

មន្ទីរព័ត៌មានខេត្តពោធិ៍សាត់ បើកយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់មហាជន

ពោធិ៍សាត់៖ លោក លាង ទិតដ្ឋាន ប្រធានមន្ទីរព័ត៌មានខេត្តពោធិ៍សាត់ អញ្ជើញដឹកនាំក្រុមការងារ ចុះផ្សព្វផ្សាយ យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ត្រូវបានរៀបចំផ្សព្វផ្សាយយ៉ាងសកម្មនៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់មហាជន នៅខេត្តពោធិ៍សាត់ ដែលបានប្រព្រឹត្តទៅនៅពហុកីឡដ្ឋានខេត្តពោធិ៍សាត់ នៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ នេះ ។

យុទ្ធនាការដ៏មានសារៈសំខាន់នេះ រៀបចំឡើងដោយមន្ទីរព័ត៌មានខេត្តពោធិ៍សាត់ ក្រោមការសហការយ៉ាងជិតស្និទ្ធជាមួយការិយាល័យអប់រំកាយ និងកីឡា នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្ត។

គោលបំណងចម្បងនៃការបញ្ចូលយុទ្ធនាការនេះទៅក្នុងព្រឹត្តិការណ៍កីឡា គឺដើម្បីបំផុសស្មារតី និងផ្សព្វផ្សាយដោយផ្ទាល់ទៅដល់សាធារណជន ជាពិសេសកីឡាករ កីឡាការិនី និងអ្នកគាំទ្រវ័យក្មេង ឱ្យយល់ដឹងកាន់តែច្បាស់ពីផលប៉ះពាល់នៃព័ត៌មានក្លែងក្លាយ និងរួមគ្នា «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ»។

សកម្មភាពនេះផ្តោតលើការជួយឱ្យប្រជាពលរដ្ឋចេះផ្ទៀងផ្ទាត់ព័ត៌មានមុនជឿ ឬចែករំលែក ដើម្បីធានាសុវត្ថិភាពព័ត៌មាន សម្រាប់ការពារគ្រួសារ សហគមន៍ និងរួមគ្នាសាងសង់សង្គមមួយដែលប្រកបដោយភាពស្អាតស្អំបែបឌីជីថល៕

To Top