Feature

រដ្ឋមន្ត្រីការពារជាតិជប៉ុន​ បញ្ជាក់ជាថ្មីថា មិនបោះបង់ជម្រើសណាមួយឡើយ ពាក់ព័ន្ធនឹងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ

តូក្យូ៖ ទីភ្នាក់ងារព័ត៌មាន Kyodo បានរាយការណ៍ថា រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Shinjiro Koizumi បានថ្លែងថា ប្រទេសជប៉ុននឹង “មិនបោះបង់ជម្រើសណាមួយឡើយ” នៅក្នុងការពិភាក្សា និងការសិក្សាអំពីថាតើត្រូវបំពាក់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរដែរឬទេ ដែលនេះគឺជាផ្នែកមួយនៃការកែសម្រួលឯកសារសន្តិសុខសំខាន់ៗរបស់ប្រទេនេះ។

របាយការណ៍បានបញ្ជាក់ថា លោក Koizumi បានលើកឡើងបែបនេះនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅពេលដែលត្រូវបានសួរថាតើជប៉ុនគួរតែមាននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរដែរឬទេ។

នេះមិនមែនជាលើកទីមួយទេ​ ដែលលោក Koizumi បានធ្វើការកត់សម្គាល់បែបនេះ។ កាលពីខែតុលា ឆ្នាំមុន នៅពេលត្រូវបានសួរអំពីបញ្ហានេះ លោកបានលេីកឡេីងថា លោកនឹង “មិនបោះបង់ជម្រើសណាមួយឡើយ” ចំពោះប្រព័ន្ធជំរុញនាវាមុជទឹកជំនាន់ក្រោយ ដែលបង្ហាញពីលទ្ធភាពនៃការដាក់ឱ្យប្រើប្រាស់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ។

ទន្ទឹមនឹងនេះ យោងតាមទីភ្នាក់ងារព័ត៌មាន Kyodo កាលពីថ្ងៃព្រហស្បតិ៍ មន្ត្រីកងទ័ពជើងទឹកសហរដ្ឋអាមេរិកម្នាក់​ បានបង្ហាញពីទស្សនៈវិជ្ជមាន​ ចំពោះការសិក្សារបស់ជប៉ុនលើការប្រើប្រាស់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ដោយកត់សម្គាល់ថាជប៉ុនមានប្រតិបត្តិការរោងចក្រថាមពលនុយក្លេអ៊ែររួចហើយ ហើយមានភាពស្រដៀងគ្នាផ្នែកបច្ចេកវិទ្យារវាងរោងចក្រថាមពលនុយក្លេអ៊ែរ និងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top